ភ្នំពេញៈ លោកសម រង្ស៊ី អតីតប្រធានបក្សសង្គ្រោះជាតិ ដែលកំពុងតែនិរទេសខ្លួននៅក្រៅប្រទេសបានប្រកាសប្រាប់សមាជិកគណបក្សសង្គ្រោះជាតិ ថា អ្វីដែលជាសេចក្តីសម្រេចរបស់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ មិនមែនជាសេចក្តីសម្រេចពិតប្រាកដទេ។ ដោយលោកសម រង្ស៊ី អះអាងថា លោកកឹម សុខា កំពុងតែស្ថិតនៅក្រោមការគំរាមកំហែង។ ការប្រកាសរបស់លោកសម រង្ស៊ី គឺបានធ្វើឡើងតាមរយៈវីដេអូឃ្លីបពីក្រៅប្រទេស កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧។
ការប្រកាសបែបនេះ របស់អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ គឺហាក់ដូចជាមិនទុកចិត្តចំពោះលោកកឹម សុខា ដែលកំពុងតែជាប់ក្នុងពន្ធនាគារពាក់ព័ន្ធអំពើក្បត់ជាតិ។ ហើយវាស្របពេលដែលចរន្តនៃការចាកចេញពីគណបក្សសង្គ្រោះជាតិ នៅតាមមូលដ្ឋាន ទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា បានកំពុងតែកើតមានយ៉ាងផុសផុល។
នៅក្នុងវីដេអូឃ្លីប លោក សម រង្ស៊ី ថ្លែងថា “ឥឡូវនេះ លោក កឹម សុខា គឺស្ថិតនៅក្រោមការគំរាមកំហែង។ សេចក្តីសម្រេច សេចក្តីប្រកាស អ្វីរបស់លោក កឹម សុខា យើងជឿជាក់ថា មិនមែនជាសេចក្តីសម្រេចរបស់គាត់ពិតប្រាកដទេ។ គាត់មានសេរីភាពពេញលេញ គាត់ច្បាស់ជាមិនធ្វើតាមអ្វីដែលគេកំពុងតែបង្ខំឲ្យគាត់ធ្វើទេ។ ហើយមានអ្នកខ្លះយកឈ្មោះលោក កឹម សុខា យកទៅប្រើប្រាស់ដើម្បីទាញគណបក្សសង្គ្រោះជាតិ ឲ្យទៅចុះចូលជាមួយបក្សកាន់អំណាច។ យើងមិនព្រមដាច់ខាត អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ មិនព្រមដាច់ខាត គឺសេចក្តីសម្រេចរបស់គណបក្សសង្គ្រោះជាតិ មានតែគណៈកម្មាធិការអចិន្ត្រៃយ៍ទេ”។
ចំណែកមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានថ្លែងថា “លោកសម រង្ស៊ី មិនមែនជាប្រធានគណបក្សសង្គ្រោះជាតិ អត់មានសិទ្ធិអ្វីទេ និងមិនមានមកបង្គាប់បញ្ជាដែរ ពីព្រោះគាត់បានលាលែងពីប្រធានគណបក្សសង្គ្រោះជាតិហើយ”។
បើតាមប្រភពស្និទលោកសម រង្ស៊ី បានបង្ហើបថា លោកសម រង្ស៊ី បានបញ្ជាឲ្យមន្ត្រីរបស់ខ្លួនដែលកំពុងតែនៅកម្ពុជា ត្រូវពង្រឹងកម្លាំងទប់ទល់ជាមួយកម្លាំងរបស់លោកកឹម សុខា កុំឲ្យធ្វើអ្វីស្រេចចិត្ត ជាពិសេសក្នុងការសម្រេចកិច្ចការសំខាន់ៗ នៅក្នុងបក្ស។ ហើយលោកសម រង្ស៊ី មិនទុកចិត្តខាងក្រុមលោកកឹម សុខា នោះទេ។
ទាក់ទងការប្រកាសលោកសម រង្ស៊ី ខាងលើនេះ មិនអាចសុំការអត្ថាធិប្បាយពីលោកប៉ុល ហំម អនុប្រធានគណបក្សសង្គ្រោះជាតិ នោះទេ ដោយទូរស័ព្ទចូលជាច្រើនដងមិនមានអ្នកទទួល៕ ដោយៈ មុនីរាជ