ខេត្តកោះកុង ៖ ប្រជាពលរដ្ឋចំនួន ៧គ្រួសារ រស់នៅស្រុកគីរីសាគរ ខេត្តកោះកុង បានអំពាវនាវដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយរកយុត្តិធ៌មលើករណីក្រុមហ៊ុន យូឌីជី (UDG) នាំយកគ្រឿងចក្រ និងកម្លាំងសន្តិសុខក្រុមហ៊ុន មកគំរាម និងបានឈូសកម្ទេចដំណាំកសិកម្មបំផ្លាញចោលអស់គ្មានសល់។
ប្រជាពលរដ្ឋ ឲ្តដឹងថា សកម្មភាពខាងលើនេះ បានចាប់ផ្តើមកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨។ ប្រជាពលរដ្ឋរង់គ្រោះទាំង ៧គ្រួសារ បានឲ្យដឹងថា កម្លាំងសន្តិសុខក្រុមហ៊ុន UDG និងគ្រឿងចក្រ របស់ក្រុមហ៊ុន បានឈូសកម្ទេចដំណាំពួកគាត់ទាំង ៧គ្រួសារ ព្រោះមិនព្រមចាកចេញ ពីទីតាំងធ្លាប់រស់អាស្រ័យផល ដោយមិនព្រមទទួលយកសំណងពីក្រុមហ៊ុន នៅចំណុចប៉ោយឡាំធាន ភូមិពាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។ លោក ញៀប សំអឿន មន្ត្រីសម្របសម្រួលសមាគមន៍អាដហុក ប្រចាំខេត្តកោះកុង ស្នើឲ្យថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធជួយរកដំណោះស្រាយផ្តល់យុត្តិធ៌មជូនប្រជាពលរដ្ឋទាំង ៧គ្រួសារ ដោយសន្តិវិធី។ ជាងនេះ ត្រូវមានពិនិត្យទៅលើសម្មភាព របស់ក្រុមហ៊ុនយូឌីជី ដែលបានប្រើកម្លាំងសន្តិសុខ មកគំរាមប្រើហិង្សាលើពលរដ្ឋ ដើម្បីបញ្ចប់ការតវ៉ាទាមទារយុត្តិធ៌មដីធ្លី របស់ពួកគាត់ ដោយសន្តិវិធី។
មន្ត្រីឃ្លាំមើលផែនការអភិវឌ្ឍសង្គម បង្ហាញការសោកស្តាយ និងរិះគន់អាជ្ញាធរស្ថាប័នពាក់ព័ន្ធ ខេត្តកោះកុង និងថ្នាក់ជាតិ ដែលអសមត្ថភាពក្នុការជួយរកដំណោះស្រាយជូនពលរដ្ឋរង់គ្រោះដីធ្លីទាំង ៧គ្រួសាររស់នៅខេត្តកោះកុង ដោយបានបណ្តោយអោយក្រុមហ៊ុនចិន (UDG) ប្រើគ្រឿងចក្រឈូសកម្ទេចផលដំណាំរបស់ប្រជាពលរដ្ឋ ខណៈប្រជាពលរដ្ឋរងគ្រោះ ពុំទាន់ទទួលសំណងត្រឹមត្រូវពីក្រុមហ៊ុននៅឡើយនោះ។ លោក ញៀប សំអឿន អំពាវនាវដល់អាជ្ញាធរស្ថាប័នពាក់ព័ន្ធ ជួយចុះទៅរកដោះស្រាយជូនប្រជាពលរដ្ឋរង់គ្រោះទាំង ៧គ្រួសារ ឲ្យទទួលបានយុត្តិធ៌មដីធ្លីឲ្យបានឆាប់។ ខាងក្រោមនេះ គឺជាសកម្មភាពនៃការឈូសឆាយកម្ទេចផលដំណាំ របស់ប្រជាពលរដ្ឋទាំង ៧គ្រួសារ នៅចំនុច កៀនប្រង់ ភូមិពាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨៕ ដែន សីមា