សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន បានស្នើដល់អគ្គលេខាធិការអាស៊ានថ្មី ជួយពង្រឹងសហគមន៍អាស៊ាន ទាំងមូលឡើងវិញ ឲ្យស័ក្តិសមជាសហគមន៍ដែលមានសំឡេង និងតម្លៃស្មើមុខស្មើមាត់ ជាមួយសហគមន៍អន្តរជាតិនានា ដូចជា សហគមន៍អឺរ៉ុបជាដើម។
នៅព្រឹកថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន នៅសណ្ឋាគារសុខា ខេត្តសៀមរាប។
លោក Dato Lim Jock Hoi បានមានប្រសាសន៍ជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រី អំពីការពេញចិត្តចំពោះការរីកចម្រើន និងកំណើនសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ។ ទន្ទឹមនឹងនេះ លោកអគ្គលេខាធិការ នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីពង្រឹងលេខាធិការដ្ឋានអាស៊ានដើម្បីជំរុញការងារអាស៊ានឲ្យកាន់តែល្អប្រសើរឡើង។
លោក Dato Lim Jock Hoi ក៏បានជ្រាបជូន សម្តេចតេជោផងដែរ អំពីអគារថ្មីនៃលេខាធិការដ្ឋានអាស៊ាន ដែលមានទីតាំងនៅទីក្រុង ចាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលមានកម្ពស់ ១៦ជាន់មានទំហំធំទូលាយដែលអាចប្រើសម្រាប់កិច្ចការប្រជុំអាស៊ានបានយ៉ាងងាយស្រួល ព្រោះយ៉ាងហោចណាស់ក្នុងមួយឆ្នាំក៏មានកិច្ចប្រជុំជាង ១៦០០ដង។ ទន្ទឹមនឹងនេះ គឺអគារថ្មីនេះនឹងជួយសន្សំសំចៃកាត់បន្ថយការចំណាយ ផ្សេងៗពេលប្រជុំអាស៊ានផងដែរ ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរបាយការណ៍ពាក់ព័ន្ធ នឹងអគារថ្មីរបស់លេខាធិការដ្ឋានអាស៊ានដែលទើបបានរៀបចំ។ សម្តេចតេជោ ក៏បានយល់ស្រប ថាពិតជាមានការប្រជុំច្រើនមែន ក្នុងពេលដែលអាស៊ានកំពុងជំរុញសមាហរណកម្ម។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំឲ្យលោក Dato Lim Jock Hoi អគ្គលេខាធិការអាស៊ានថ្មីនេះ ពិចារណាធ្វើយ៉ាងណាជំរុញពន្លឿនកិច្ចការទាំងឡាយណាដែលថ្នាក់ដឹកនាំកំពូលបានព្រមព្រៀងគ្នារួចមកហើយ ព្រមទាំងស្នើឲ្យមានការយកចិត្តទុកដាក់ជាអាទិភាពចំពោះកិច្ចការសមាហរណកម្មរអាស៊ានតែម្តងដែលជាអទិភាពរបស់កម្ពុជា និងបណ្តា ប្រទេសអាស៊ានផងដែរ។
នៅក្នុងកិច្ចពិភាក្សាព្រឹកមិញនេះ សម្តេចតេជោ បានស្នើលោកអគ្គលេខាធិការអាស៊ានជួយជំរុញបេក្ខភាពប្រទេសទីម័រលេសឲ្យឆាប់បានចូលសមាជិកអាស៊ានផងដែរ។ ប្រសិនបើមានការងារសំខាន់ចាំបាច់ទាំងឡាយណាដែលកម្ពុជាអាចជួយសម្រួលបាន គឺកម្ពុជារីករាយចូលរួមជានិច្ច។ លោកអគ្គលេខាធិការអាស៊ានបានយល់ស្រប និងទទួលយកនូវសំណើលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន ហើយសន្យានឹងខិតខំជំរុញកិច្ចការទាំងអស់នេះឲ្យមានដំណោះស្រាយបានឆាប់រហ័ស៕ ដោយ៖បញ្ញាស័ក្តិ