សង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិកពេលនេះ បានឡើងថ្លៃដល់ ១០០ពាន់លានដុល្លារអាមេរិក ពោលគឺស្មើនឹង១៧% នៃតម្លៃដោះដូរពាណិជ្ជកម្មសេរីរវាងគ្នាក្នុងឆ្នាំ២០១៧ ហើយបានបោះជំហានចូលដំណាក់កាលថ្មី ដែលប៉ះពាល់ដល់វិស័យនាំចូលសំខាន់ៗរបស់ប្រទេស ដូចជាវិស័យយានយន្ត អាកាសចរណ៍ និងផលិតផលសណ្តែក។
ជញ្ជីងពាណិជ្ជកម្មអាមេរិក-ចិន
ចិនមិនបណ្តោយឱ្យអាមេរិកជំពាក់យូរទេ ! កាលពីថ្ងៃចន្ទទី២មេសា ចិនបានបង្ហាញបញ្ជីទណ្ឌកម្ម ចំនួន១២៨មុខ តម្លៃប្រមាណ ៣ពាន់លានដុល្លារ ដើម្បីឆ្លើយតបទៅនឹងវិធានការរបស់លោកត្រាំ ដំឡើងពន្ធលើដែកថែបនិងអាលុយមីញ៉ូម ក្នុងនៅថ្ងៃពុធទី៤មេសានេះ ពីរបីម៉ោងក្រោយ សេចក្តីប្រកាសរបស់រដ្ឋបាលលោកត្រាំ ដំឡើងពន្ធលើផលិតផលនាំចូលពីចិន ចំនួន១៣០០មុខ ក្នុងវិស័យអាកាសចរណ៍ បច្ចេកវិទ្យាព័ត៌មានវិទ្យា និងទូរគមនាគមន៍ ឬម៉ាស៊ីនរ៉ូបូ តម្លៃ៥០ពាន់លានដុល្លារ ចិនបានបញ្ចេញបញ្ជីដំឡើងពន្ធលើផលិតផលនាំចូលមកពីសហរដ្ឋអាមេរិកថ្មីមួយទៀត សងស្មើក្នុងតម្លៃ ៥០ពាន់លានដុល្លារដូចគ្នា។
នៅថ្ងៃពុធទី ៤ មេសា នេះ ដើម្បីឆ្លើយតបទៅនឹងវិធានការរបស់លោកត្រាំ យកពន្ធលើផលិតផលនាំចូលពីចិន ក្នុងតម្លៃដល់ទៅ៥០ពាន់លាន ប៉េកាំងក៏បានបញ្ចេញធ្មុងដ៏មុតស្រួចរបស់ខ្លួនមកប្រើក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក ដោយបានប្រកាសយកពន្ធនាំចូលលើផលិតផលនាំចូលពីអាមេរិកជាច្រើន រាប់ទាំងផលិតផលសណ្តែកបាយ រថយន្ត និងអាកាសចរណ៍។
មានន័យថានៅក្នុងបញ្ជីទណ្ឌកម្មថ្មី ចិនបានរាប់បញ្ចូលផលិតផលជាប់ពន្ធនាំចូលឡើងដល់ទៅ២៥% ចំនួនប្រមាណ១០៦មុខ ដូចជា ដំឡើងពន្ធលើរថយន្ត4×4 អាមេរិកជាច្រើនប្រភេទ ផលិតផលគីមី
ផលិតផលស្រាវីស្គី បារី និងយន្តហោះទម្ងន់ក្រោម៤៥តោន (មានតែប៊ូអ៊ីងទេដែលបានរួចខ្លួននាពេលនេះ) ព្រមទាំងផលិតផលសណ្តែកបាយ ដែលចិនធ្លាប់ទិញពី អាមេរិកដល់ទៅ ១៤ពាន់លានដុល្លារនៅឆ្នាំ២០១៧។ សណ្តែកបាយជាផលិតផលទីមួយដែលប្រទេសនៅតំបន់អាស៊ីទិញពីអាមេរិកច្រើនជាងគេ ក្នុងកំរិត ១/៣ នៃផលិតផលសណ្តែកបាយអាមេរិកនាំចេញសរុប។
តើសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន នឹងប្រដេញថ្លៃគ្នាឡើងដល់ប៉ុន្មានពាន់លាន ?!។បញ្ជីទណ្ឌកម្មអាមេរិកនិងចិន រីកប៉ោងកាន់តែធំឡើងៗរៀងខ្លួនមែន ប៉ុន្តែ នៅជាបញ្ជីបណ្តោះអាសន្ននៅឡើយ និងជាការស្រែកគំរាមដាក់គ្នាតែប៉ុណ្ណោះ ! ពុំទាន់មានការអនុវត្តជាក់ស្តែងនៅឡើយទេ ! គ្មានភាគីខាងណាបានបញ្ជាក់អំពីកាលបរិច្ឆេទថាតើថ្ងៃណាវិធានការនេះនឹងត្រូវចាប់ផ្តើមជាធរមានទេ៕ សូយន