ភ្នំពេញៈ លោកសម រង្ស៊ី បានសរសេរលិខិតផ្ញើជូនលោកកឹម សុខា ដែលកំពុងតែជាប់ពន្ធនាគារដោយប្រាប់លោក កឹម សុខា ថា មុននឹងចេញសេចក្តីសម្រេចសំខាន់ៗ ណាមួយត្រូវមានកុងសង់ស៊ីស ត្រូវមានការឯកភាព ពីមនុស្សសំខាន់ៗ ៣រូបគឺ លោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង និងលោក យឹម សុវណ្ណ។
យោងតាមលិខិតរបស់លោក សម រង្ស៊ី ចុះថ្ងៃទី២៤ ខែតុលា ផ្ញើជូនលោក កឹម សុខា ដែលរស្មីកម្ពុជា ទទួលបានកាលពីយប់ថ្ងៃទី២៧ ខែតុលា បានសរសេរថា “…ដើម្បីដោះស្រាយបញ្ហាខ្លះៗ ដែលមិត្តភក្តិរបស់យើង កំពុងតែជួបប្រទះ ខ្ញុំសូមរំលឹកឯកឧត្តមពីសេចក្តីសម្រេច របស់យើងទាំងពីរនាក់ ក្នុងជំនួបចុងក្រោយរបស់យើង។ យើងបានសម្រេចថា នឹងរក្សាស្មារតី កុងសង់ស៊ីស (Consensus) ក្នុងការធ្វើសេចក្តីសម្រេច ដ៏សំខាន់នីមួយៗ ពីមុន កុងសង់ស៊ីល ហ្នឹង គឺកើតចេញពីការឯកភាពគ្នា រវាងរូបឯកឧត្តម និងរូបខ្ញុំ ទាំងពីរនាក់ តែឥឡូវនេះកុងសង់ស៊ីសនេះ ត្រូវកើតចេញ ពីការឯកភាពគ្នា រវាងរូបឯកឧត្តម និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ៣រូបទៀត ដែលយល់ចិត្តខ្ញុំច្បាស់គឺលោកស្រី មូរ សុខហួរ, លោក អេង ឆៃអ៊ាង និងលោក យឹម សុវណ្ណ។ ពេលណាគណបក្សត្រូវធ្វើសេចក្តីសម្រេចដ៏សំខាន់ៗ ដូចជាការជ្រើសរើសបេក្ខជន សម្រាប់ការបោះឆ្នោតព្រឹទ្ធសភាខាងមុខ សូមឯកឧត្តមមេត្តា ស្វែងយកយោបល់របស់សហការីទាំងបីនាក់នេះផង ដើម្បីធ្វើសេចក្តីសម្រេចដោយឯកច្ឆន្ទ។ ខ្ញុំជឿជាក់ថា ឯកឧត្តមយល់ច្បាស់អំពីទឹកចិត្ត និងបំណងល្អរបស់ខ្ញុំ គឺដើម្បីរក្សា និងពង្រឹងសាមគ្គីភាព ក្នុងជួរអ្នកប្រជាធិបតេយ្យ និអ្នកស្នេហាជាតិ ពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន ដែលជាអង្គបោះឆ្នោត”។
ទាក់ទងលិខិតនេះ នៅមិនទាន់ឃើញមានមន្ត្រីគណបក្សសង្គ្រោះជាតិ ចេញមកបញ្ជាក់នៅឡើយទេ ថាលិខិតពិតឬមិនពិត។ លោកប៉ុល ហំម អនុប្រធានគណបក្សសង្គ្រោះជាតិ មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទជាច្រើនដឹងមិនមានអ្នកទទួល។លោកសម រង្ស៊ី អតីតប្រធានបក្សសង្គ្រោះជាតិ ដែលកំពុងតែនិរទេសខ្លួននៅក្រៅប្រទេសបានប្រកាសប្រាប់សមាជិកគណបក្សសង្គ្រោះជាតិ ថា អ្វីដែលជាសេចក្តីសម្រេចរបស់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ មិនមែនជាសេចក្តីសម្រេចពិតប្រាកដទេ។ ដោយលោកសម រង្ស៊ី អះអាងថា លោកកឹម សុខា កំពុងតែស្ថិតនៅក្រោមការគំរាមកំហែង។ ការប្រកាសរបស់លោកសម រង្ស៊ី គឺបានធ្វើឡើងតាមរយៈវីដេអូឃ្លីបពីក្រៅប្រទេស កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧។
ការប្រកាសបែបនេះ របស់អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ គឺហាក់ដូចជាមិនទុកចិត្តចំពោះលោកកឹម សុខា ដែលកំពុងតែជាប់ក្នុងពន្ធនាគារពាក់ព័ន្ធអំពើក្បត់ជាតិ។ ហើយវាស្របពេលដែលចរន្តនៃការចាកចេញពីគណបក្សសង្គ្រោះជាតិ នៅតាមមូលដ្ឋាន ទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា បានកំពុងតែកើតមានយ៉ាងផុសផុល។
នៅក្នុងវីដេអូឃ្លីប លោក សម រង្ស៊ី ថ្លែងថា “ឥឡូវនេះ លោក កឹម សុខា គឺស្ថិតនៅក្រោមការគំរាមកំហែង។ សេចក្តីសម្រេច សេចក្តីប្រកាស អ្វីរបស់លោក កឹម សុខា យើងជឿជាក់ថា មិនមែនជាសេចក្តីសម្រេចរបស់គាត់ពិតប្រាកដទេ។ គាត់មានសេរីភាពពេញលេញ គាត់ច្បាស់ជាមិនធ្វើតាមអ្វីដែលគេកំពុងតែបង្ខំឲ្យគាត់ធ្វើទេ។ ហើយមានអ្នកខ្លះយកឈ្មោះលោក កឹម សុខា យកទៅប្រើប្រាស់ដើម្បីទាញគណបក្សសង្គ្រោះជាតិ ឲ្យទៅចុះចូលជាមួយបក្សកាន់អំណាច។ យើងមិនព្រមដាច់ខាត អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ មិនព្រមដាច់ខាត គឺសេចក្តីសម្រេចរបស់គណបក្សសង្គ្រោះជាតិមានតែគណៈកម្មាធិការអចិន្ត្រៃយ៍ទេ”។
ចំណែកមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់រស្មីកម្ពុជាថា “លោកសម រង្ស៊ី មិនមែនជាប្រធានគណបក្សសង្គ្រោះជាតិ អត់មានសិទ្ធិអ្វីទេ និងមិនមានមកបង្គាប់បញ្ជាដែរ ពីព្រោះគាត់បានលាលែងពីប្រធានគណបក្សសង្គ្រោះជាតិហើយ”៕ ដោយៈមុនីរាជ