បន្ទាប់ពីក្រុមតន្ត្រី K-pop របស់កកូរ៉េខាងត្បូងវិលទៅកាន់ប្រទេសវិញភ្លាម ក្រោយពេលសម្តែងរយៈពេល ៤ថ្ងៃ នៅក្រុងព្យុងយ៉ាង បំណងកែសម្រួលទំនាក់ទំនងទ្វេភាគី កូរ៉េខាងជើងបានធ្វើការស្តីបន្ទោសដល់កូរ៉េខាងត្បូង។
សិល្បៈករកូរ៉េខាងត្បូង និងកូរ៉េខាងជើងក្នុងជំនួបនាក្រុងព្យុងយ៉ាង
តាម Teleghrap តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងគីម សើចញញឹមថតរូបជាមួយក្រុមតន្ត្រី Red Velvet នោះប្រព័ន្ធឃោសនារបស់កូរ៉េខាងជើង បានរិះគន់ថា កូរ៉េខាងត្បូង “មុខពីរ” នៅអង្គការសហប្រជាជាតិ ។ នោះគឺដោយសារថ្មីៗនេះ កូរ៉េខាងត្បូង បានគាំទ្រសេចក្តីសម្រេចចិត្តថ្មីរបស់អង្គការសហប្រជាជាតិ ដែលស្តីបន្ទោសលើបញ្ហាសិទ្ធិមនុស្សនៅកូរ៉េខាងជើង។ កូរ៉េខាងជើងបានធ្វើការព្រមានថា ទង្វើបែបនេះអាចបំផ្លាញក្តីសង្ឃឹមក្នុងការចរចានាថ្ងៃអនាគត ទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េខាងជើង លើកឡើងថា ៖ នេះគឺជាទង្វើញុះញង់នយោបាយដោយចំហសំដៅមកលើកូរ៉េខាងជើង ហើយទង្វើនេះអាចបំផ្លាញបរិយាកាសចរចា ។ ពួកគេអាចចរចា ជាមួយអ្នកដទៃ កែសម្រួលទំនាក់ទំនងជាមួយអ្នកដទៃ ខណៈពេលដែលពួកគេបានធ្វើការវាយប្រហារលើមោទនភាពនឹងប្រព័ន្ធសង្គមរបស់ដៃគូ។
ជាការឆ្លើយតបប្រមុខការទូតកូរ៉េខាងត្បូង Kang Kyung-wha បានប្រាប់ថា ៖ ថ្វីត្បិតក្រុងសេអ៊ូល រក្សាគោលជំហររឹងមាំក្នុងបញ្ហានេះក្តី ប៉ុន្តែនៅក្នុងជំនួបកំពូលកូរ៉េទាំងពីរដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ មេសា បញ្ហានេះនឹងពុំត្រូវបាននិយាយដល់ឡើយ៕ សូយន