Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ៖​ទន្លេ​មេគង្គ​បាន​ក្លាយជា​មូលដ្ឋាន​ដ៏​សំខាន់ ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ភាព​ចម្រុងចម្រើន​នៃ​តំបន់​អាស៊ីអាគ្នេយ៍​

spot_img

សៀមរាប​ ៖ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​បាន​ធ្វើ​កិច្ច​ការ​ជាមួយ​គ្នា​ជា​យូ​រ​មកហើយ ក្នុងការ​ប្រែក្លាយ​តំបន់​ទន្លេមេគង្គ​ទៅជា​តំបន់​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ជាពិសេស​ដើម្បី​សាមគ្គីភាព​របស់​ប្រជាជន​យើង​ដែល​ចែក​ទន្លេ​រួមគ្នា​។ ជាងនេះទៅទៀត ទន្លេ​មេគង្គ​បាន​ក្លាយជា​មូលដ្ឋាន​ដ៏​សំខាន់ សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ភាព​ចម្រុងចម្រើន​នៃ​តំបន់​អាស៊ីអាគ្នេយ៍​។​

​នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​៤ ខែ​មេសា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល និង​រៀបចំ​ពិធីជប់លៀង​ជូន​ដល់​គណៈប្រតិភូ​កិច្ចប្រជុំ​កំពូល​គណៈកម្មាធិកា​រ​ទន្លេមេគង្គ​លើកទី​៣ ដែល​ធ្វើឡើង​នៅ សណ្ឋាគារ សុខា ខេត្តសៀមរាប​។ ពិធី​នេះ​មាន​ការចូលរួម​ពី លោក Thongloun Sisoulith នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​មន្ត្រី​សំខាន់ៗ​ជាច្រើន​ទៀត​ផង​ដែរ​។​

​មុន​នឹង​ផ្តើម​ពិធី​លៀង​សាយភោជ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ថ្លែង​សន្ទរកថា​ចំណាប់អារម្មណ៍​ដែលមាន​ខ្លឹមសារ​ថា សម្តេច​ពិតជា​មាន​កិត្តិយស និង​ក្តី​រីករាយ​ក្រៃលែង ដែល​បាន​ទទួល​ស្វាគមន៍​ចំពោះ​វត្តមាន ថ្នាក់ដឹកនាំ​ប្រទេស និង​គណៈប្រតិភូ​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ជប់លៀង​សាយភោជន៍​នាពេលនេះ និង​ត្រៀម​ខ្លួន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​គណៈកម្មាធិកា​រ​ទន្លេមេគង្គ​លើកទី​៣ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ ស្អែក ទី​៥ ខែ​មេសា ឆ្នាំ​២០១៨​។ សម្តេច​ពិតជា​មាន​មោទនភាព ដែល​បាន​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​គណៈកម្មាធិកា​រ​ទន្លេមេគង្គ​លើកទី​៣ និង​ព្រឹត្តិការណ៍​ពាក់ព័ន្ធ​នានា​នៅ​លើក​ទឹកដី​អង្គរ​នៃ​ខេត្តសៀមរាប​។​

​ទន្លេ​នេះ​មិន​ត្រឹមតែ​បាន​ភ្ជាប់​ប្រទេស​យើង​ទាំង​៦​ជាមួយ​គ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្កើត​ជា​វាសនា​រួម​ប្រកបដោយ​មិត្តភាព ភាព​ជា​អ្នក​ជិតខាង​ល្អ សន្តិភាព និង​វិបុលភាព​។ ដូចនេះ យើង​ត្រូវ​បន្ត​រួម​គ្នា​ធ្វើ និង​រួម​គ្នា​ទទួលខុសត្រូវ ទើប​យើង​អាច​សម្រេចបាន​នូវ​ភាព​ចម្រុងចម្រើន និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

​សម្តេច​តេជោ នាយករដ្ឋមន្ត្រី សង្ឈឹម​យ៉ាង​មុតមាំ​ថា កិច្ចប្រជុំ​កំពូល​គណកម្មាធិកា​រ​ទន្លេមេគង្គ​លើកទី​៣ ថ្ងៃទី​៥​ខែ​មេសា​នេះ នឹង​ទទួលបាន​នូវ​លទ្ធផល​ជា​ផ្លែផ្កា​ល្អ ប្រកប​ដោយ​ផលិតភាព ដែល​នឹង​រួមចំណែក​ត្រួសត្រាយ​ផ្លូវ ឲុ្យ​បាន​កាន់តែ​ប្រសើរឡើង​ថែមទៀត ឆ្ពោះ​ទៅ​សម្រេចបាន​នូវ​គោលដៅ​ចុងក្រោយ​របស់​យើង​នោះ​គឺ “​ភាព​ចម្រុងចម្រើន​ផ្នែក​សេដ្ឋកិច្ច យុត្តិធម៌​សង្គម និង​និរន្តរភាព​បរិស្ថាន​ក្នុង​អាង​ទន្លេមេគង្គ ” ហើយ​យើង​នឹង​បញ្ជាក់​សារ​ជា​ថ្មី​នូវ​ការប្តេជ្ញាចិត្ត​កម្រិត​នយោបាយ​របស់​យើង ដោយ​នឹង​ផ្តោតជាសំខាន់ លើ​ការលើកកម្ពស់​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា និង​ភាព​ជា​ដៃគូ ដើម្បី​សម្រេចបាន​នូវ​គោលនយោបាយ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុង​អាង​ទន្លេមេគង្គ​ដែល​ជា​ប្រធានបទ​នៃ​កិច្ចប្រជុំ​កំពូល​គណៈកម្មាការ​ទន្លេ​មេគង្គ​លើក​ទី​៣ ក្រោម​ទិស​ស្លោក​” ទន្លេមេគង្គ​តែមួយ ស្មារតី​តែ​មួយ​” ។​

​ជាមួយគ្នា​នោះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ក៏​បាន​បង្ហាញ​ពី​ដែនដី​អង្គរ ខេត្តសៀមរាប ជា​ខេត្ត​ដែល​មាន​ប្រាង្គ​ប្រាសាទ​ដ៏​អស្ចារ្យ​ជាច្រើន ដែល​ជាមរ​ត​វប្បធម៌ ធម្មជាតិ និង​ប្រវត្តិសាស្ត្រ ដែល​ជា​មោទនភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ខេត្ត​គោលដៅ​ទេសចរណ៍​ដ៏​ល្បីល្បាញ​។​

​មុន​នឹង​បញ្ជប់ សម្តេច​តេជោ បាន​ជូនពរ​ដល់ ថ្នាក់ដឹកនាំ និង​គណៈប្រតិភូ​កិច្ចប្រជុំ​កំពូល​គណកម្មាធិកា​រ​ទន្លេមេគង្គ​លើកទី​៣​ទាំងអស់ សូម​អោយ​ការស្នាក់អាស្រ័យ​នៅ​ក្រុង​សៀមរាប ប្រកបដោយ​ក្តី​រីករាយ និង​ផាសុកភាព​។ នៅក្នុង​ពិធី​លៀង​សាយភោជ នា​រាត្រី​នេះ​ក៏​មាន​ការសម្ដែង​សិល្បៈ​ពី​សំណាក់​ក្រុម​សិល្បករ សិល្បការិនី ជូន​ថ្នាក់ដឹកនាំ និង​គណៈប្រតិភូ​នៃ​កិច្ចប្រជុំ​ទាំងអស់ បាន​ទស្សនា​ក្នុង​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល​ក្រៃលែង​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×