បន្ទាយមានជ័យ ៖ អំពើឃាតកម្មក្នុងគ្រួសារមួយ ដែលបង្កឡើងដោយប្តីកំណាច វាយប្រពន្ធស្លាប់ ហើយមកជាយំឱបស្រណោះសពប្រពន្ធ នៅក្នុងមុងទៅវិញ។ ឃាតកររូបនេះ ត្រូវកម្លាំងនគរបាល ឃាត់ខ្លួនពេលកំពុងដេកឱបសពប្រពន្ធក្នុងផ្ទះបិទទ្វារ វេលាម៉ោងជិត៥ល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ ដែលស្ថិតក្នុងភូមិក្បាលស្ពានមួយ សង្កាតក្រុងប៉ោយប៉ែត។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុក សី ហៅត្រង៉ោល អាយុ៤០ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
ចំណែកជនសង្ស័យបុរសជាប្តី មិនត្រូវបានសមត្ថកិច្ចបង្ហាញឈ្មោះឡើយ ហើយករណីនេះគឺ ពាក់ព័ន្ធករណីអំពើហិង្សាក្នុងគ្រួសារ ដែលមានឈ្លោះប្រកែកគ្នា ហើយប្តី វ៉ៃប្រពន្ធ បិទទ្វាររហូតស្ងាត់មាត់។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចកម្លាំងនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងដោយអធិការនគរបាលក្រុងប៉ោយប៉ែត លោក ធិន ស៊ិនដេត ចុះទៅពិនិត្យឃើញទ្វារផ្ទះបិទជិត បើកចូលឃើញជនសង្ស័យ ជាប្តី ដេកឱបប្រពន្ធក្នុងមុង ហើយបានពិនិត្យឃើញស្ត្រីរងគ្រោះបានស្លាប់បាត់ហើយ។ ភ្លាមៗសមត្ថកិច្ចបានឃាត់ខ្លួនបុរសជាប្តីដែលសង្ស័យពាក់ព័ន្ធករណីសម្លាប់ប្រពន្ធដែលមានស្លាកស្នាមហើមមុខ ហើមមាត់ និងស្នាមជាំជាច្រើនកន្លែង។
ក្រោយពេលដែលកម្លាំងនគរបាលឃាត់ខ្លួន ជនសង្ស័យទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ។ អ្នកជិតខាង បានបញ្ជាក់ថា ជនសង្ស័យរូបនេះ ស្រឡាញ់ប្រពន្ធខ្លាំងណាស់ ប៉ុន្តែពេលដែលផឹកស្រាស្រវឹងម្តងៗ គឺកាចសាហាវ វាយធ្វើបាបប្រពន្ធ តែពេលដែលមិនបានផឹកស៊ី ស្លូត គឺចេះតែរកលុយ ដោយមានមុខរបបចាប់ម៉ូយ ដាក់រថយន្តឈ្នួលក្រុងប៉ោយប៉ែត៕ ដោយ៖បញ្ញាស័ក្តិ