ភ្នំពេញ ៖ ក្នុងទិវាទេសចរណ៍ពិភពលោក ដែលនឹងត្រូវធ្វើឡើងនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញអំពីគុណប្រយោជន៍នៃវិស័យទេសចរណ៍ថា កន្លងមកវិស័យទេសចរណ៍បានបំពេញតួនាទីយ៉ាងសកម្ម ជាម៉ាស៊ីនអូសទាញកំណើនសម្រាប់វិស័យសេដ្ឋកិច្ច-សង្គមដទៃទៀត តាមរយៈឥទ្ធិពលមេគុណសេដ្ឋកិច្ចចាប់ពី ៤ ទៅ ៥ ដង និងមេគុណឥទ្ធិពលការងារដ៏ខ្ពស់ ដោយការងារផ្ទាល់ ១ ក្នុងវិស័យទេសចរណ៍ អាចបង្កើតការងារមិនផ្ទាល់ចំនួន ១,៥ (មួយកន្លះ)។

ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ផ្នែកឯកជន យុវជន និងដៃគូ អភិវឌ្ឍជាតិនិងអន្តរជាតិ ចូលរួមជំរុញការបង្កើត និងផ្គត់ផ្គង់សេវាកម្មទេសចរណ៍ឱ្យកាន់តែសម្បូរបែប តាមរយៈការដាក់ចុះនូវកម្មវិធីយុវជន និងធុរកិច្ចក្នុងវិស័យទេសចរណ៍។
ទាក់ទងនឹងវិស័យទេសចរណ៍នេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យោងលើល្បឿននៃការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស កម្ពុជាជឿជាក់ថា គោលដៅទេសចរណ៍កម្ពុជាពិតជាធានាបាននូវសុវត្ថិភាព ទំនុកចិត្ត និងភាពជឿជាក់របស់ទេសចរជាតិនិងអន្តរជាតិឡើងវិញ។ កត្តានេះ រួមផ្សំនឹងការទទួលយកនូវការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី ដោយប្រកាន់ខ្ជាប់នូវវិធានសុខាភិបាលទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ នឹងជំរុញឱ្យកម្ពុជាអាចបើកឡើងវិញជាជំហានៗនូវសកម្មភាពទេសចរណ៍ផ្ទៃក្នុងនិងអន្តរជាតិ ដោយតម្កល់សុខភាពសាធារណៈជាអាទិភាព៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN






