Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គប្រវត្តិសាស្ត្រ និងជាស្ថាបនិកដំបូងបង្កើតរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែកញ្ញា នេះ គឺជាទិវាខួប២៨ឆ្នាំ (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២១) នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ នៅពេលរំលឹកទៅដល់ប្រវត្តិសាស្ត្រ នៃការបង្កើតរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺបានធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេសនឹកទៅដល់តួអង្គប្រវត្តិសាស្ត្រដែលជាស្ថាបនិកដំបូង នៃការបង្កើតឲ្យមានរដ្ឋធម្មនុញ្ញនេះឡើង គឺព្រះករុណាព្រះបាសទសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយនឹងការអបសាទរទិវារំលឹកខួប២៨ឆ្នាំ នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ ក្រុមប្រឹក្សាធម្មនុញ្ញបានបោះពុម្ពសៀវភៅចំនួន ១០ម៉ឺនក្បាល និងសៀវភៅគុណតម្លៃរដ្ឋធម្មនុញ្ញកម្ពុជាស្តីអំពីទស្សនទានចម្រុះ ដើម្បីបញ្ជ្រាបការយល់ដឹងគុណតម្លៃរដ្ឋធម្មនុញ្ញទៅក្នុងមជ្ឈដ្ឋានសាធារណៈ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែងថា នៅពេលរំលឹកទៅដល់ប្រវត្តិនៃការបង្កើតរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺយើងនឹកទៅដល់ តួអង្គប្រវត្តិសាស្ត្រ ដែលជាស្ថាបនិកដំបូង នៃដំណើរការបង្កើតឲ្យមានរដ្ឋធម្មនុញ្ញនេះឡើងគឺ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) និង សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ជំនួបដំបូងរវាងតួអង្គប្រវត្តិសាស្ត្រ ទាំងពីរ នៅហ្វែអង់តាដឺណ័រ ប្រទេសបារាំងក្នុងឆ្នាំ១៩៨៧ គឺជាចំណុចចាប់ផ្តើមនៃការចរចា ស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា រហូតឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជំលោះកម្ពុជា(កិច្ចព្រមព្រៀងទីក្រុងប៉ារីស)។

គឺខ្លឹមសារជាសារវន្តនៃឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះហើយ ដែលជាមូលដ្ឋាននៃ ការតាក់តែងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺជាជំហានឆ្ពោះទៅកាន់ នយោ បាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឆ្នាំ ១៩៩៨ ដែលធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានសន្តិភាពពិតប្រាកដ ក្រោមម្លប់បារមីនៃអង្គ ព្រះមហាក្សត្រ។ នយោបាយឈ្នះ-ឈ្នះ គឺជាកេតនភណ្ឌជាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លា សម្រាប់ប្រទេស កម្ពុជា ដែលបាននាំមកនូវការផ្សះផ្សាជាតិ ការបង្រួបបង្រួមជាតិ សាមគ្គីជាតិ និងឯកភាពជាតិ ដែលជាកត្តាកំណត់ពិតប្រាកដ សម្រាប់ការថែរក្សាសន្តិភាព នៅព្រះរាជាណាចក្រកម្ពុជា បានគង់វង្សប្រកបដោយចីរភាព។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ បន្ទាប់ពីប្រជាជាតិ ខ្មែរ សម្រេចបានកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជំលោះកម្ពុជា នៅ ក្នុងសន្និសីទទីក្រុងប៉ារីសស្តីពីកម្ពុជា ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ក្រោយសម្រេចបាន លទ្ធផលនៃកិច្ចព្រមព្រៀងខាងលើនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអ៊ុនតាក់ (UNTAC) ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតសកលនៅក្នុង ខែឧសភា ឆ្នាំ១៩៩៣ ដោយបង្កើតបាន សភាធម្មនុញ្ញ ដើម្បីរៀបចំតាក់តែងព្រាងរដ្ឋធម្មនុញ្ញថ្មីមួយ។ ការរៀបរៀងរដ្ឋធម្មនុញ្ញនេះ ប្រើ រយៈពេលជិតបីខែ ពោលគឺបានចាប់ផ្តើម នៅពេលសភាធម្មនុញ្ញបានកោះប្រជុំលើកទី១ នៅ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៩៣ ដើម្បីបង្កើតគណៈកម្មការអចិន្ត្រៃយ៍រៀបរៀងរដ្ឋធម្មនុញ្ញ ដែល ទទួលភារកិច្ចរៀបចំសេចក្តីព្រាងរដ្ឋធម្មនុញ្ញ។ មកដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញ ថ្មីមួយ ត្រូវបានសភាធម្មនុញ្ញអនុម័តយល់ព្រមគាំទ្រដោយសម្លេង១១៣ មិនគាំទ្រ៥សម្លេង និងអនុប្បវាទ២សម្លេង។

ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាស ឲ្យប្រើរដ្ឋធម្មនុញ្ញ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ រដ្ឋធម្មនុញ្ញនេះ បានក្លាយជារដ្ឋធម្មនុញ្ញ ទី៦ ចាប់តាំងពីប្រទេសកម្ពុជា ទទួលយកធម្មនុញ្ញនិយមទំនើប។

រដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា កើតចេញពីឆន្ទៈរួមរបស់ ប្រជារាស្ត្រខ្មែរគ្រប់និន្នាការនយោបាយ ដែលបានក្លាយជាមូលដ្ឋានគ្រឹះគតិយុត្តដ៏រឹងមាំ សម្រាប់កសាងព្រះរាជាណាចក្រកម្ពុជា ឲ្យមានសន្តិភាព ស្ថិរភាព និងវឌ្ឍនភាព ប្រកបដោយ ចីរភាព។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មានលក្ខណៈពហុសណ្ឋាន បង្កនូវកម្លាំងជំរុញរួមគ្នា (Synergy) នៃ គុណតម្លៃទំនើប និង គុណតម្លៃខ្មែរ ដែលញុាំងឲ្យរដ្ឋធម្មនុញ្ញនេះ ក្លាយជាកម្លាំងចលករ ប្រកបដោយថាមពល សម្រាប់ដំណើរការជាតិកម្ពុជា ប្រកបដោយសុខដុមរមនា។ អាស្រ័យ ដោយរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ មាន គុណតម្លៃ ទាំង សមត្ថភាព និងគុណភាព អាចដោះស្រាយ បញ្ហានានារបស់សង្គមជាតិ ប្រកបដោយផ្លែផ្កាជាបន្តបន្ទាប់រៀងមក ចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ ទើបញុាំងឲ្យរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានក្លាយជារដ្ឋធម្មនុញ្ញ ដែលមាន អត្ថិភាព និងអាយុវែងជាងគេ (២៨ឆ្នាំ) បើប្រៀបធៀបទៅនឹងរដ្ឋធម្មនុញ្ញទាំងប្រាំ របស់ប្រទេស កម្ពុជាក្នុងសម័យកាលមុន។ ជាប្រការគួរឲ្យកត់សម្គាល់ ទោះបីមានកាលៈទេសៈ ដ៏ចាំបាច់ខ្លះ ដែលនាំទៅដល់ការធ្វើការសើរើ និងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន៨លើក និងការបង្កើត ច្បាប់ធម្មនុញ្ញបន្ថែមមួយលើកយ៉ាងណាក្តី ប៉ុន្តែជាលទ្ធផលទូទៅ គឺពុំបានធ្វើឲ្យខូចខាតដល់ ឆន្ទៈដើម របស់រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣នោះឡើយ ផ្ទុយទៅវិញយន្តការទាំងនេះ រឹងរឹតតែជួយ ពង្រឹង ប្រជាធិបតេយ្យ និងនីតិរដ្ឋ ពង្រឹងសណ្តាប់ធ្នាប់ធម្មនុញ្ញ ធានាបាននូវការបោះជំហាន ទៅមុខនៃដំណើរជាតិ ក្នុងការអនុវត្ត លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និង របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ បានយូរអង្វែងតទៅ នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងបរិបទនៃសុខសន្តិភាពពេញលេញ និងឯកភាពជាតិ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បាន ផ្តល់នូវសមិទ្ធផលធំៗ សម្រាប់ព្រះរាជាណាចក្រកម្ពុជា មានជាអាទិ៍ (១)កម្ពុជាឈានឡើងជា សង្គមនីតិរដ្ឋ (២)កម្ពុជាវិវត្តឈានឡើងជាសង្គមប្រជាធិបតេយ្យសេរីពហុបក្ស (៣) កម្ពុជា អនុវត្តតាមប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ទន្ទឹមនឹងការយកចិត្តទុកដាក់ ជួយឲ្យជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋមានកម្រិតសមរម្យ (៤) កម្ពុជាជាដែនដីធ្វើឲ្យរស់ឡើងវិញ ព្រមទាំងថែរក្សានិង ពង្រីកវប្បធម៌ទំនៀមទម្លាប់ប្រពៃណីល្អរបស់ជាតិ។ សមិទ្ធផលទាំងអស់នេះ ពុំមែនកើតឡើង ដោយភាពចៃដន្យនោះទេ បុ៉ន្តែគឺជាសមិទ្ធផល ដែលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវ និងការ ចូលរួមរបស់ប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន (បានប្រើសិទ្ធិ នយោបាយនិងសិទ្ធិពលរដ្ឋ ចូលរួមការបោះឆ្នោត ដែលត្រូវបានរៀបចំឡើងយ៉ាងទៀងទាត់ តាមការកំណត់របស់រដ្ឋធម្មនុញ្ញ និងច្បាប់) និងពីការខិតខំប្រឹងប្រែងរបស់ស្ថាប័នកំពូលរបស់ ជាតិ ព្រមទាំងគ្រប់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រកបដោយភាពប្រទាក់ក្រឡាគ្នា នៅក្នុងរចនាសម្ព័ន្ធមួយត្រឹមត្រូវនិងច្បាស់លាស់។ សមិទ្ធផលជាតិធំៗ ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលយើងកំពុងប្រារព្ធពិធីអបអរសាទរនេះ គឺជា មរតកជាតិ សម្រាប់ពលរដ្ឋខ្មែរ ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត បន្តថែរក្សាឲ្យបានគង់វង្ស និងប្រើប្រាស់ធ្វើជាធនធាន ដើម្បីបន្តបេសកកម្មជាប្រវត្តិសាស្ត្រ ធ្វើឲ្យសម្រេចគោលដៅកម្ពុជា សម្រាប់ឆ្នាំ២០៣០ និង សម្រាប់ ឆ្នាំ២០៥០។

ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថា រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺជាកេតនភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន របស់ប្រជា ជាតិខ្មែរ ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប មានកាតព្វកិច្ចត្រូវគោរព។ ការគោរពរដ្ឋធម្មនុញ្ញ មានន័យថា ការការពារ ការអនុវត្ត និង ការលើកតម្កើង រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្លាយជាកេតនភណ្ឌកំពូលរបស់ជាតិពិតប្រាកដ។ សកម្មភាពបំពានណាមួយ លើរដ្ឋធម្មនុញ្ញ គឺជាអំពើអគុណធម៌ និងជាបទល្មើសធ្ងន់ធ្ងរ ព្រមទាំងជាការដើរហួសបន្ទាត់ក្រហម ដែលជា ដែនកំណត់នៃការការពារអាយុជីវិតជាតិ។ ការគោរពរដ្ឋធម្មនុញ្ញគឺជា អំពើគុណធម៌ ដែលផ្តល់ នូវសុភមង្គល សេចក្តីថ្លៃថ្នូរ និងភាពចម្រុងចម្រើនដល់អ្នកគោរពប្រតិបត្តិ និងដល់សង្គមជាតិ ទាំងមូល។ ឧត្តមភាព និង ចីរភាព នៃរដ្ឋធម្មនុញ្ញ ត្រូវតែស្ថិតក្នុងការគាំពារជារួម ពីសំណាក់ ប្រជាពលរដ្ឋខ្មែរ និងគ្រប់ភាគីពាក់ព័ន្ធ តាមរយៈការកសាងឲ្យមានការឯកភាពលើឧត្តមគតិ និង ការតម្កល់ឧត្តមប្រយោជន៍ជាតិ ជាអាទិភាព៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×