សភាអាមេរិក បានកំណត់ឲ្យ CEO Facebook Mark Zuckerberg ត្រូវចូលរួមសវនាការសាកសួររបស់សភាអាមេរិក ។
CEO Facebook Mark Zuckerberg
តាម CNN លោក Mark Zuckerberg នឹងត្រូវបង្ហាញវត្តមាននៅចំពោះមុខគណៈកម្មាធិការថាមពល និងពាណិជ្ជកម្មវេលាម៉ោង ១០ព្រឹក ថ្ងៃទី ១១មេសា (ម៉ោងនៅអាមេរិក) ដើម្បីអធិប្បាយអំពី “ការប្រើប្រាស់ និងការពារទិន្នន័យរបស់អតិថិជនក្រុមហ៊ុន” ។
តំណាងរាស្ត្រ Greg Walden និង Frank Pallone Jr ដែលជាប្រធាននិងសមាជិករបស់គណៈម្មាធិការនេះឲ្យដឹងថា សវនាការសាកសួរនេះគឺជា “ឱកាសសំខាន់ ដើម្បីបំភ្លឺបណ្តាបញ្ហាសំខាន់ៗស្តីពីកិច្ចការពារការសម្ងាត់នៃទិន្នន័យរបស់អ្នកប្រើប្រាស់ ហើយជួយឲ្យពលរដ្ឋអាមេរិកទាំងអស់យល់ច្បាស់ជាងមុនអំពីអ្វីៗដែលកើតមានឡើងអំពីព័ត៌មានអនឡាញរបស់គេ”។
កាលពីសប្តាហ៍មុន CNN បានចុះផ្សាយព័ត៌មានថា CEO facebook នឹងត្រូវប្រឈមសវនាការសាកសួររបស់សភាអាមេរិក ។ Facebook បាននឹងកំពុងប្រឈមមុខជាមួយនឹងរឿងអាស្រូវដ៏ធំធេងអំពីទិន្នន័យអ្នកប្រើ ក្រោយពេលដែលមានព័តមានថា ក្រុមហ៊ុនទិន្នន័យ Cambridge Analytica មានសមត្ថភាពអាចទាញយកព័ត៌មានរបស់អ្នកប្រើប្រាស់ facebook ៥០លាននាក់ ដោយពុំចាំបាច់មានអន្តរាគមន៍ពី facebook ។
បន្ទាប់ពីការស្ងៀមស្ងាត់អស់មួយរយៈ ក្រោយមក facebook បានធ្វើសន្និសីទព័ត៌មានជាច្រើន ជាមួយ CNN, Vox, The New York Times, Reuters និងទីភ្នាក់ងារព័ត៌មានដទៃទៀតជុំវិញរឿងបែបនេះ ៕ សូយន