ស្ត្រីរកស៊ីផ្លូវភេទជនជាតិថៃម្នាក់ ដែលត្រូវបានចាប់ខ្លួននៅតៃវ៉ាន់ ថ្មីៗនេះ និងធ្វើតេស្តមានផ្ទុកមេរោគអេដស៍ ត្រូវបានគេជឿថា បានចម្លងជំងឺកំណាចប្រចាំទសវត្សរ៍នេះ ដល់អតិថិជនតៃវ៉ាន់រាប់សិបនាក់រួចទៅហើយ ។
ការិយាល័យសុខភាពតៃវ៉ាន់ បានណែនាំបុរសៗដែលបានរួមភេទជាមួយស្ត្រីថៃរូបនេះ ដែលគ្រាន់តែប្រាប់ឈ្មោះថា Patty អាយុ ២៤ ឆ្នាំ ឲ្យទៅធ្វើតេស្តពិនិត្យរកមេរោគអេដស៍ ដើម្បីបង្ការឲ្យបានទាន់ពេលវេលា ។
នាង Patty ត្រូវបានគេរាយការណ៍ថា បានចូលមកតៃវ៉ាន់តាមរយៈទិដ្ឋាការទេសចរណ៍ កាលពីថ្ងៃទី១១ មីនា ។ ចាប់ពីថ្ងៃទី១៣ មីនា រហូតដល់ថ្ងៃទី២២ មីនា នាងបានធ្វើការជាស្រីពេស្យា នៅក្នុងស្រុក Taitung ដោយបានទាក់ទាញអតិថិជនជាច្រើន តាមរយៈកម្មវិធី LINE, នេះបើតាមសេចក្តីរាយការណ៍របស់ Taiwan News ។
គេពុំដឹងច្បាស់នោះទេ ក្នុងករណី Patty ត្រូវបានចាប់ខ្លួន ប៉ុន្តែ នៅថ្ងៃចន្ទ អាជ្ញាធរតៃវ៉ាន់បាននិយាយថា នាងត្រូវបានធ្វើតេស្តមានផ្ទុកមេរោគអេដស៍ ដែលបន្ទាប់នាងត្រូវបានបញ្ជូនត្រឡប់មកកាន់ប្រទេសថៃវិញ ។
គេហទំព័រព័ត៌មាន Apple Daily ដែលមានមូលដ្ឋាននៅហុងកុង បានរាយការណ៍ថា គេបានជឿថា ក្រុមរកស៊ីផ្លូវភេទ ២ ទៅ ៣ កន្លែង នៅក្នុងស្រុង Taitung ដែលកំពុងប្រតិបត្តិការទៅប្រាក់ចំណេញ ពីគោលនយោបាយទិដ្ឋាការទេសចរណ៍របស់តៃវ៉ាន់ ។
កោះតៃវ៉ាន់មានការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនថៃ ដែលមានបំណងធ្វើដំណើរក្នុងប្រទេសនេះ សម្រាប់រយៈពេលតិចជាង ៣០ ថ្ងៃ ចាប់ពីខែសីហា ឆ្នាំ ២០១៦ ។
កាលពីខែវិច្ឆិកាឆ្នាំមុន ស្ត្រីថៃ២នាក់ត្រូវបានចាប់ខ្លួននៅសណ្ឋាគារមួយនៅទីក្រុងតៃប៉ិ ចំពោះសកម្មភាពផ្តល់ «សេវាកម្មអាហារប៊ូហ្វេសិចរយៈពេល ៩០ នាទី» ដែលជាកញ្ចប់ផ្សព្វផ្សាយក្នុងតម្លៃ ២,៨០០ ដុល្លារតៃវ៉ាន់ (២,៩៩២បាត) ។ ពួកគេបានយកអត្ថប្រយោជន៍នៃការលើកលែងទិដ្ឋាការនេះ ក្នុងក្តីង្ឃឹមថានឹងបានស្នាក់នៅតៃវ៉ាន់ ដើម្បីរកប្រាក់ចំណូលបន្ថែមក្នុងកំឡុងពេលចូលឆ្នាំចិន ៕ ចន្ទី