Wednesday, December 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តែងតាំង អភិបាលរង​រាជធានី​ភ្នំពេញ​១​រូប និង​នាយក​រដ្ឋបាល​ថ្មី ទៅតាម​អាណត្តិ​

​ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​តែងតាំង និង​ផ្ទេរ​ភារកិច្ច អភិបាលរង​រាជធានី​ភ្នំពេញ​១​រូប និង​នាយក​រដ្ឋបាល​រាជធានី​ភ្នំពេញ​១​រូប ដើម្បី​បំពេញ​បន្លែ​ម​លើ​ការងារ​រដ្ឋបាល​បម្រើ​ប្រជាពលរដ្ឋ ហើយ​បាន​ផ្ទេរ​ភារកិច្ច​អភិបាលរង​១​រូប នៅ​បំពេញការងារ​ថ្មី​នៅ​ក្រសួងមហាផ្ទៃ​។ ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្សតិ៍​ទី​៥ ខែ​មេសា ឆ្នាំ​២០១៨​នេះ​
​ក្រោម​​​អធិបតីភាព​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។​

​ពិធី​នេះ​ត្រូវបាន​ប្រកាស​តែងតាំង​និង​ផ្ទេរ​ភារកិច្ច លោក​អៀង អូន​នី ពី​អភិបាលរង​រាជធានី​ភ្នំពេញ ទៅ​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ។ លោក​ហួត ហៃ នាយក​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវបាន​ប្រកាស​តែងតាំង ជា​អភិបាលរង​រាជធានី​ភ្នំពេញ ជំនួស​លោក​អៀង អូន​នី​។ លោក​សេង វណ្ណៈ ត្រូវបាន​ប្រកាស​តែងតាំង ជា​នាយក​រដ្ឋបាល​រាជធានី​ភ្នំពេញ ជំនួស​លោក​ហួត ហៃ​។​

​លោក​ហួត ហៃ ដែល​ទើប​តែងតាំង​ជា​អភិបាលរង​រាជធានី​ថ្មី បាន​ប្តេជ្ញាចិត្ត​ថា លោក​នឹង​បំពេញ​ការងារ​ឲ្យបាន​ល្អ ទៅតាម​គោលការណ៍​របស់​ថ្នាក់លើ ដែល​បានដាក់ចុះ ពិសេស​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ល្អ និង​ឲ្យនៅ​កៀក កិតជា​មួយ​នឹងប្រ​ជា​ពលរដ្ឋ ។​

​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះ បាន​ប្រសាសន៍ថា គិត​ត្រឹម​ខែ​មីនា​ឆ្នាំ​២០១៨​នេះ ស្ថានភាព​ក្របខ័ណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​មាន​មន្ត្រី​និង​មន្ត្រី​ជាប់​កិច្ចសន្យា​បម្រើ​ការងារ​ចំនួន​៣៤៨៥​នាក់​(​ស្ត្រី​៧៣៣​នាក់​) ក្នុងនោះ​ក្របខ័ណ្ឌ ក ចំនួន​៣២២​នាក់ ក្របខ័ណ្ឌ ខ ចំនួន​១៨៨​នាក់ និង​ក្របខ័ណ្ឌ គ ចំនួន​៣១៥​នាក់ និង​មន្ត្រី​ជាប់​កិច្ចសន្យា​ចំនួន​២៦៦០​នាក់​។​

ដោយឡែក​ចំពោះ​ស្ថានភាព​មន្ត្រីរដ្ឋបាល​សាធារណៈ​ក្នុង​អង្គភាព​សាលា​រាជធានី​ភ្នំពេញ​រួមមាន​៖​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​មាន​ចំនួន ២១ នាក់ (​ស្ត្រី​៦​នាក់​) គណៈ​អភិបាល​រាជធានី​មាន​ចំនួន ៧​នាក់ (​ស្ត្រី​១​នាក់​) គណៈនាយក​រដ្ឋបាល​មាន​ចំនួន ៦​នាក់ នាយក​ទីចាត់ការ និង​ប្រធាន​អង្គភាព​មាន​ចំនួន​១០​នាក់ (​ស្ត្រី​២​នាក់​) និង​មាន​មន្ត្រី​ក្របខ័ណ្ឌ​សរុប​ចំនួន​១៤៨​នាក់ (​ស្ត្រី​៦៣​នាក់​)​។​

លោក​បន្តថា គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ខិតខំ​ប្រឹងប្រែង បំពេញ​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន ក្នុង​ការរួមចំណែក​ថែរក្សា ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​ភាព​អត់ធ្មត់​ខ្ពស់ ព្រមទាំង​បាន​ចាត់តាំង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ នូវ​គោលនយោបាយ ភូមិ សង្កាត់ មាន​សុវត្ថិភាព ជាក់ស្តែង ក្នុង​ឆ្នាំ​២០១៧​កន្លងមក យើង​បាន​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ បាន​ចំនួន​៩៦០​លើក​/៩៣៣​លើក ប្រៀបធៀប​ឆ្នាំ​២០១៦ កើនឡើង​២៧​លើក ស្មើនឹង​២,៨៩% និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន បាន​ចំនួន​២១១៣​ករណី​/៧៧៣​ករណី ឃាត់ខ្លួន​៤៦២៧​នាក់​/២៨០៨​នាក់​(​ស្រី​៤៥១​នាក់​) ប្រៀបធៀប​ឆ្នាំ​២០១៦ កើន​១១៤០​ករណី ដែល​នេះ គឺជា​សញ្ញា​វិជ្ជមាន​បង្ហាញឲ្យឃើញ​ពី​ប្រសិទ្ធ​ភាព នៃ​ការធ្វើ​ប្រតិ​ប​ត្ត​ការ របស់​កងកម្លាំង​ប្រដាប់អាវុធ គ្រប់​ប្រភេទ ធ្វើឲ្យ​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​នៅ​ទូទាំង​រាជធានី មាន​ភាពល្អប្រសើរ និង​ធានា​ប្រក្រតីភាព នៃ​ជីវភាព​សង្គម លោក​បាន​បន្ត​ឲ្យដឹងថា ទោះបីជា​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេចបាន​នៅ​សមិទ្ធផល ជា​ច្រើន​ដូច​បាន​ជម្រាបជូន​ខាងលើ​នេះ​ក្តី ក៏​នៅ​មាន​កិច្ចការ​ជា​អាទិភាព និង​បញ្ហា​ប្រឈម​ថ្មីៗ​មួយចំនួនទៀត ដែល​ត្រូវ​ខិតខំ បន្ត​រួម​គ្នា​ពុះពារ​ជម្នះ​ដោះស្រាយ​ជា​បន្ត គឺ​ការរក្សា សន្តិភាព សណ្តាប់ធ្នាប់​សាធារណៈ និង​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​កាន់តែ​មាន​សោភ័ណភាព​ស្រស់បំព្រង​ថែម​ទៀត​។​

​លោក​សក់ សេដ្ឋា ក្នុងឱកាស​នោះ បាន​មានប្រសាសន៍​កោតសរសើ​រ ចំពោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត​ធ្វើឲ្យ​រាជធានី​ភ្នំពេញ​មាន​សន្តិសុខ​ល្អ និង​មាន​ការអភិវឌ្ឍ​រីកចម្រើន រហូត​ធ្វើឲ្យ​កំណើន​សេដ្ឋកិច្ច​នៅ​រក្សាបាន​៧% នៅ​២០១៧ ហើយ​នៅក្នុង​ឆ្នាំ​២០១៨ ក៏​រក្សា​កំណើន​នេះ​ដដែល​។

​លោក​បន្ត​ទៀត​ថា ប្រទេស​យើង​កើតចេញ​ពី​សង្គ្រាម ដែល​ធ្លាក់​ដល់​ចំណុច​សូន្យ ហើយ​ការ​ដែល​នាំឲ្យ​ប្រទេស​ជាតិវិល​មកវិញ នូវ​សុខសន្តិភាព​នេះ មិនមែន​កើតឡើង​ដោយ​ឯកឯង​នោះគេ គឺ​ពិតជា​​បាន​កើតចេញ​ពី​ការខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ដោយ​សម្តេច បាន​លះបង់​អ្វីៗ​គ្រប់បែបយ៉ាង ដើម្បី​ប្តូរ​យក​មក​វិញ​នៅ​សុខសន្តិភាព​នេះ​។​

លោក​បន្តថា ការតែងតាំង​ផ្ទេរ​នេះ គឺជា​កិច្ចការ​ធម្មតា របស់​រដ្ឋបាល​រាជធានី គឺ​ធ្វើឡើង​ដើម្បី​លើកកម្ពស់​ការងារ​ឲ្យ​កាន់តែ​ល្អប្រសើរ មួយ​កម្រិត​ថែមទៀត លើ​ការបម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ ហើយ​បើ​តាម​ច្បាប់​ការងារ​លោក​អៀង អូន​នី ក៏​ដល់​អាណត្តិ ដែល​ត្រូវ​ផ្ទេរ​ភាកិ​ច្ច​ផងដែរ​៕ ​ដោយ ​៖ បញ្ញា​ស័ក្តិ​

×