បន្ទាយមានជ័យ ៖ បុរសម្នាក់បានស្លាប់បន្ទាប់ពីផឹកស្រាស្រវឹង ហើយខំជម្នះបើកបរម៉ូតូថាទៅអោយដល់ផ្ទះ តែបានបុកបង្គោលត្រង់ផ្លូវកោង។ គ្រោះថ្នាក់កើតឡើងកាលពីម៉ោង៥ល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ ១៥៩C ចំណុចផ្លូវបត់កោងមុខវត្តស៊ិនសួន្នារាមចំណោម ស្ថិតក្នុងភូមិ រង្វានកើត ឃុំ ចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ ងួន ភារម្យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរីបានឲ្យដឹងថា ៖ ជនរងគ្រោះមានឈ្មោះដួង រិទ្ធ ភេទ ប្រុស អាយុ ៥៤ ឆ្នាំ នៅភូមិ តាម៉ៅ ឃុំសឿ ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ។
នៅមុនពេលកើតហេតុនោះជងរងគ្រោះបានផឹកស្រាបៀរជាមួយមិត្តភក្តិ ហើយថាខំជម្នះចិត្តបើកបរម៉ូតូម៉ាកហុងដា C១២៥ ព៌ណខ្មៅ សេរី ២០១៣ ពាក់ស្លាកលេខ បន្ទាយមានជ័យ ១H-៥៩៣១ ត្រឡប់ទៅផ្ទះដើម្បីបានសម្រាក។ ប៉ុន្តែ ដោយល្បឿនលឿន ក៏បត់មិនទាន់ត្រង់ផ្លូវកោង ក៏បុកបង្គោលរនាំងផ្លូវបណ្តាលឲ្យស្លាប់ភ្លាមៗ៕ ដោយ ៖ បន្ទាយ