ភ្នំពេញ ៖ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានចេញសេចក្តីសម្រេច បញ្ចប់សមាជិកភាពលោក សាយ ហាក់ , លោកហេង ចន្ថា និងលោកផាន់ សិទ្ធី ពីគណបក្សហ៊្វុនស៊ិនប៉ិច ។ ការសម្រេចបញ្ចប់សមាជិកភាពនេះ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ដែលទទួលនៅថ្ងៃទី២៧ ខែកញ្ញា នេះ។

សូមជម្រាបថា កាលពីព្រលប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះបុត្រា ជាអនុប្រធានគណបក្ស សព្វព្រះហឬទ័យ បើកកិច្ចប្រជុំពិសេសមួយ តាមប្រព័ន្ធវីដេអូ ពីប្រទេសបារាំង ជាមួយថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីព្រះអង្គពិនិត្យ និង សម្រេចការងារមួយចំនួន ៖
-ទិសដៅ ការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២
-ពិនិត្យ និងសម្រេចដោះស្រាយលើការងារសំខាន់ៗ មួយចំនួនរបស់គណបក្ស ដែលគ្រោងនឹងប្រកាសព័ត៌មាន អំពីលទ្ធផល នាថ្ងៃចន្ទ នាដើមសប្តាហ៍ក្រោយ
-គម្រោងយាងនិវត្តន៍ មកកាន់មាតុប្រទេស របស់សម្តេចក្រុមព្រះ ព្រះប្រធាន ក្នុងពេលឆាប់ៗនេះ។
នៅក្នុងកិច្ចប្រជុំនេះ លោកអាំង សំបូរ អគ្គលេខាធិការប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច បានទទូចស្នើសុំសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ បញ្ចប់តួនាទីអនុប្រធានមួយចំនួន និងបញ្ចប់សមាជិកភាព មានដូចជា :
១. លោកសាយ ហាក់ អនុប្រធានគណបក្ស
២. លោកចាប ញ៉ាលីវុធ អនុប្រធានគណបក្ស
៣. លោកហេងចន្ថា អនុប្រធានគណបក្ស
៤. លោកផាន់ សិទ្ធី អគ្គលេខាធិការរង។

គួរបញ្ជាក់ថា ការបញ្ចប់សមាជិកភាពលោក សាយ ហាក់ , លោកហេង ចន្ថា និងលោកផាន់ សិទ្ធី ពីគណបក្សហ៊្វុនស៊ិនប៉ិច គឺបន្ទាប់ពីអនុប្រធាន និងសមាជិកគណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច មានដូចជា លោកចាប ញ៉ាលីវុធ លោកហេង ចន្ថា និងលោកសាយ ហាក់ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានធ្វើលិខិតទូលថ្វាយព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ស្នើប្រគល់ត្រាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងត្រាព្រះហត្ថលេខាសម្តេចក្រុមព្រះ។
ដោយក្នុងលិខិតបានបញ្ជាក់ថា “ខកខានមិនព្រមប្រគល់ត្រា ចាប់ពីថ្ងៃថ្វាយដំណឹង (២០ កញ្ញា) រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ចាត់ទុកជាការរំលោភលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់គណបក្ស ដែលត្រូវប្រឈមចំពោះមុខច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា”៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

