Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុងសប្ដាហ៍ទី៤ខែកញ្ញា កម្ពុជាទទួលបានទេសចរផ្ទៃក្នុង ជាង១០ម៉ឺននាក់

ភ្នំពេញ៖ បើតាមឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះថា រយៈពេល៣ថ្ងៃ គឺថ្ងៃទី២៤-២៥-២៦ ខែកញ្ញា ឆ្នាំ២០២១ ភ្ញៀវទេសចរផ្ទៃក្នុងបានចេញដើរទស្សនាកម្សាន្ត នៅទូទាំងប្រទេសកម្ពុជាមានចំនួន ១០២,០៦៣ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១០០,៥១២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,៥៥១ នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញ៖ ៣២,៧៩៣ នាក់ ខេត្តកំពត៖ ២៤,៣២៩ នាក់ ខេត្តព្រះសីហនុ៖ ៨,១៩៨ នាក់ ខេត្តកែប៖ ៦,៧៥០ នាក់ ខេត្តកំពង់ស្ពឺ៖ ៥,៦០៧ នាក់ ខេត្តតាកែវ៖ ៤,៥៩៨ នាក់ ខេត្តមណ្ឌលគិរី៖ ៤,២៦២ នាក់ និង ខេត្តពោធិ៍សាត់៖ ៣,៦៣១ នាក់។

ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា តួលេខនេះបន្តកើនឡើងប្រមាណ ២៩.១៦% ធៀបនឹងសប្តាហ៍កន្លងមក។ គោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរសមុទ្រ ពិសេសខេត្តកំពត និងគោលដៅទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍នៅខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី និងខេត្តពោធិ៍សាត់ ជាគោលដៅពេញនិយមសម្រាប់ការដើរកម្សាន្តនាសប្តាហ៍កន្លងមក លើកលែងតែតំបន់សៀមរាបអង្គរ ដែលកំពុងមានការបិទខ្ទប់។

ឯកឧត្ដមបានបន្តថា តាមការសង្កេតជាក់ស្តែង ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួនបានរៀបចំជាចង្ហាន់ និងគ្រឿងឧបភោគបរិភោគ ដើម្បីប្រគេនជូនព្រះសង្ឃនៅតាមបណ្តាវត្តទៅតាមប្រពៃណីកាន់ដោយរៀបចំព្រះសង្ឃ និងគណៈកម្មការវត្ត ចាំទទួលចង្ហាន់នៅត្រឹមខ្លោងទ្វារចូលវត្ត។ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួនបានបន្តដំណើរកម្សាន្ត ទៅកាន់គោលដៅទេសចរណ៍នានា ជាមួយម្ហូបអាហារដែលបានរៀបចំទុកជាស្រេច ដោយចុងសប្តាហ៍នេះ។

នៅតាមគោលដៅទេសចរណ៍នានា ភ្ញៀវទេសចរ និងប្រជាពលរដ្ឋបានចូលរួមអនុវត្តកាន់តែសកម្មនូវវិធានការ «៣កុំ និង ៣ការពារ» ពិសេសបានពាក់ម៉ាស់ជាប្រចាំ និងការជ្រើសរើសដំណើរកម្សាន្តទៅកាន់តំបន់ធម្មជាតិ សហគមន៍ និងអេកូទេសចរណ៍។

រដ្ឋបាលគ្រប់ថ្នាក់មន្ទីរទេសចរណ៍រាជធានី-ខេត្ត សហការជាមួយមន្ទីរពាក់ព័ន្ធបានសហការគ្នាចុះជំរុញការអនុវត្តវិធាន ៣ការពារ ៣កុំ សុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាអប្បបរមា (SOP) ដោយរៀបចំឲ្យមានក្រុមការងារចុះផ្ទាល់ដល់មូលដ្ឋានអាជីវកម្ម និងរមណីយដ្ឋានទេសចរណ៍ក្នុងមូលដ្ឋានរបស់ខ្លួន។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្ដម ថោង ខុន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×