Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋរាយការណ៍ ស្តាតអូឡាំពិកកន្លែងសម្រាកព្យាបាលជំងឺកូវីដ គឺពោរពេញទៅដោយបញ្ហាច្រើន អត់មានសណ្តាប់ធ្នាប់ល្អ ងាកលុយៗ

ភ្នំពេញ ៖ ឧត្ដមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ កងរាជអាវុធហត្ថ បានទទួលព័ត៌មានតាមរយៈប្រព័ន្ធតេឡេក្រាម (Telegram) មានបុគ្គល១រូប គាត់បានផ្ញើសារជាសម្លេងថា “សូមអធ្យាស្រ័យលោកពូ លោកអ៊ំ ដែលនៅក្នុងគ្រុបនេះទាំងអស់គ្នា បូករួមទាំងនៅស្តាតអូឡាំពិកកន្លែងសម្រាកព្យាបាលនេះ គឺពោរពេញទៅដោយបញ្ហាច្រើន អត់មានសណ្តាប់ធ្នាប់ល្អ ហើយក៏អត់មានច្បាស់លាស់ក្នុងការងារ ធ្វើអីមួយពួកគាត់អត់យល់ដល់អ្នកជំងឺសម្តីរបស់ពួកគាត់ប្រើប្រាស់ទៅលើអ្នកជំងឺជ្រុលខ្លាំងមែនទែន ហើយណាមួយការផ្ញើអ៊ីវ៉ាន់ចូលមកក្នុងឱ្យអ្នកជំងឺ ពួកគាត់ចេញមកងាកលុយ ងាកលុយ ពួកគាត់ ទាល់តែគេឱ្យលុយទើបពួកគាត់យកអីវ៉ាន់ចូលឱ្យគេ ពួកគាត់ពុករលួយសាហាវហ្មង។ ពួកគាត់អត់មានអាណិតដល់ប្រជាពលរដ្ឋ ខ្មែរគ្នាឯងសោះ ចាំបាច់ធ្វើគាបសង្កត់អញ្ចឹងធ្វើអី ទឹកសុទ្ធខំទិញមកពី ក្រៅអស់លុយ ហើយពួកគាត់ត្រូវមកដល់ពួកគាត់គាបសង្កត់កន្លែងប៉េអឹមខាងមុខកន្លែងយាមហ្នឹង ត្រូវគាបសង្កត់ទឹកសុទ្ធ១កេះ គាត់យកអស់តម្លៃចូលដែលគាត់លើកចូលមកឱ្យត្រឹមមាត់ទ្វាហ្នឹង ពួក គាត់គិត១កេះ ៣ម៉ឺន ហើយអីវ៉ាន់ខុសពីម៉ោងផ្ញើអីវាន់ឱ្យអ្នកជំងឺ ពួកគាត់គិតម្តង១០ដុល្លារ ពួកគាត់ ធ្វើអីមួយគឺលុយ លុយ លុយ រហូតហ្មងងាកលុយ ងាកលុយហ្មង…។ កន្លែងនេះជាសកម្មភាព របស់ពួកប៉េអឹមដែលត្រូវទទួលយកអីវ៉ាន់ឱ្យទៅអ្នកជំងឺចឹងពួកគាត់ទាល់តែងាកលុយ ងាកលុយ បានគាត់យកមកឱ្យ បើអត់ទេពួកគាត់ដេញអ្នកជំងឺដូចដេញសត្វអញ្ចឹង” ។

កងរាជអាវុធហត្ថ សូមគោរពជម្រាបជូនថា កន្លងទៅ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កម្លាំងយើងខ្ញុំ បានទទួលខុសត្រូវ រក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ ទីកន្លែងសម្រាកព្យាបាលជំងឺកូវីដ-១៩ ចំនួន៤កន្លែង មានជាអាទិ៍៖ ១-Great Duke, ២-វិទ្យាល័យជាស៊ីមសាមគ្គី, ៣-ព្រីមៀសែន សុខ និង៤-មន្ទីរពេទ្យហ្លួងម៉ែ ប៉ុន្តែបច្ចុប្បន្នការទទួលខុសត្រូវនៅសល់ចំនួន២កន្លែង៖ ១-ព្រីមៀសែន សុខ និង២-មន្ទីរពេទ្យហ្លួងម៉ែ។ រីឯ នៅទីកន្លែងមណ្ឌលព្យាបាលស្ដាតអូរឡាំពិក មិនមានកម្លាំងកង រាជអាវុធហត្ថទេ។ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន កងរាជអាវុធហត្ថ គោរពច្បាប់ គោរពវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ ជាពិសេសតែងតែមានការត្រួតពិនិត្យរាល់កិច្ចប្រតិបត្តិការ ទទួលយកការផ្ដល់ ព័ត៌មាននានាពីសាធារណជន និងអ្នកព័ត៌មាន ទាំងវិជ្ជមាន និងអវិជ្ជមានដើម្បីធ្វើការកែលម្អ ដកពិសោធន៍ និងដាក់វិន័យទណ្ឌកម្មចំពោះយោធិននៃកងរាជអាវុធហត្ថណា ដែលប្រព្រឹត្តខុសវិន័យ ខុសភារកិច្ច ព្រមទាំងអនុវត្តច្បាប់ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសទៀតផង។

កងរាជអាវុធហត្ថ រងចាំទទួលរាល់ព័ត៌មានរិះគន់ ក្នុងន័យស្ថាបនាជានិច្ច ប្រសិនបើឃើញ យោធិននៃកងរាជអាវុធហត្ថណា ប្រព្រឹត្តមិនសមរម្យ អសីលធម៌ មិនគោរពវិន័យ ឬល្មើសច្បាប់ សូម ពិនិត្យស្លាកឈ្មោះ ឬអត្តលេខរបស់យោធិននៃកងរាជអាវុធហត្ថនោះ ដែលនៅខាងស្តាំលើហោបៅ អាវនៃឯកសណ្ឋាន ហើយផ្តល់ព័ត៌មានជាបន្ទាន់ កងរាជអាវុធហត្ថនឹងមានវិធានការចំពោះបុគ្គលនោះ៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×