ភ្នំពេញ ៖ ក្រុមការងារចំពោះកិច្ចដើម្បីពង្រឹងភស្តុតាង និងតាមដានដំណើរការសំណុំរឿងក្ដីពាក់ព័ន្ធនឹងការ បង្ក្រាបបទល្មើសគ្រឿងញៀន បានកិច្ចប្រជុំដំបូងបស់ខ្លួន ក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំដោយឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចំពោះកិច្ច ដើម្បីពង្រឹងភស្តុតាង និងតាមដានដំណើរការ សំណុំរឿងក្ដីពាក់ព័ន្ធនឹងការ បង្ក្រាបបទល្មើសគ្រឿងញៀន តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១។

កិច្ចប្រជុំ នេះប្រព្រឹត្តដោយមានការអញ្ជើញចូលរួមពីគ្រប់សមាសភាពជាអនុប្រធាន សមាជិក ក្រុមការងារចំពោះកិច្ច មាន ឯកឧត្ដម អគ្គស្នងការរងនគរបាលជាតិ ក្រសួងយុត្តិធម៌ ព្រះរាជអាជ្ញា កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការនគរបាលរាជធានី-ខេត្ត ។
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានថ្លែងថា កិច្ចប្រជុំ នេះធ្វើឡើងអនុលោមទៅលើសេចក្តីសម្រេចលេខ ២០៣៥សសរ ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២១ ចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ប្រធានដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល ដែលមានសមាសភាពពីក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួង ការពារជាតិ និងស្នងការនគរបាលខេត្ត-រាជធានីទាំង២៥ សរុប២៣នាក់។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានបន្ថែមទៀតថា ក្រុមការងារនេះមានភារកិច្ចធ្វើការតាមដានដំណើរការសំណុំរឿងក្តី ដែលពាក់ព័ន្ធការបង្រ្កាបបទល្មើសគ្រឿងញៀននានា ចាប់តាំងពីដំណាក់កាលនៃការស៊ើបអង្កេត របស់មន្រ្តីនគរបាលយុត្តិធម៌ រហូតដល់ការសម្រេចចប់ ជាស្ថាពររបស់តុលាការ សហការជាមួយតុលាការ ក្រសួង ស្ថាប័ននិងអង្គភាពពាក់ព័ន្ធដើម្បីស្វែងរកភស្តុតាងដាក់បន្ទុកនិងជំរុញឱ្យដំណើរការដោះស្រាយសំណុំរឿងក្តីគ្រឿងញៀនប្រកបដោយតម្លាភាព និងយុត្តធម៌ ស្របតាមច្បាប់ និងនិតិវិធីជាធរមាន សម្របសម្រួលជាមួយស្ថាប័នតុលាការ លើការងារកោសលវិច័យនូវសារធាតុចាប់យក ។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានបញ្ជាក់បន្ថែមទៀតថា ក្រុមការងារចំពោះកិច្ចនេះ ត្រូវធ្វើរបាយការណ៍វឌ្ឍនភាពនៃដំណើរការដោះស្រាយរឿងក្តី តាមដំណាក់កាលនៃនិតិវិធីនិមួយៗជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដើម្បីផ្តល់អនុសាសន៍ដឹកនាំផងដែរ៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ








