តាម The sun ជំងឺដ៏អាថ៌កំបាំងមួយបានសម្លាប់ស្វាអស់ប្រមាណ ១០០ក្បាល នាភូមិមួយប្រទេស ក្នុងអំឡុងពេលពុំដល់ ១សប្តាហ៍ផង ។
ស្វាប្រមាណ ១០០ក្បាល ងាប់យ៉ាងកំបាំងនៅឥណ្ឌា
ហេតុការណ៍នេះកើតឡើងនៅភូមិ Dabarasi រដ្ឋ Uttar Pradesh ហើយបានធ្វើឲ្យពលរដ្ឋមានការខ្វាយខ្វល់ ដោយហេតុខ្លាចថាជំងឺនេះឆ្លងមកពួកគេ ។ ប៉ូលិសក៏កំពុងស៊ើបអង្កេតមើលថា តើមានមនុស្សណាបំពុលពពួកស្វាទាំងនោះដែរឬទេ ដោយហេតុថា មានស្វាខ្លះបានបំផ្លិចបំផ្លាញច្បារដំណាំរបស់ពលរដ្ឋនៅទីនោះ ។ ចំណែកប្រជាជននៅភូមិនោះវិញនិយាយថា ៖ ស្វារាប់រយក្បាល បានងាប់ក្នុងភូមិរបស់ពួកខ្ញុំ ។ ដំបូងយើងឃើញមានតែ ២-៣ ក្បាល តែចំនួននេះកាន់តែកើនឡើងៗ ក្នុង១ថ្ងៃៗ មានស្វា១០-២០ក្បាល បានងាប់ ហើយយើងក៏បានរាយការណ៍ឲ្យសមត្ថកិច្ច ។ ហេតុការណ៍នេះធ្វើឲ្យពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចក្រែងវារាលដាលមកលើពួកគេ ។ ពលរដ្ឋម្នាក់និយាយថា ៖ របៀបដែលស្វាទាំងនោះធ្លាក់ចុះមកលើដី ហើយងាប់ពិតជាគួរឲ្យខ្លាចណាស់។ ប្រជាពលរដ្ឋក្នុងភូមិឲ្យដឹងបន្ថែមថា គេឃើញស្វាទាំងនេះបន្ទោរបង់ចេញឈាម បន្ទាប់មកក្អួត រួចរបូតដៃធ្លាក់ពីលើមែកឈើចុះមកដី។
តាមពេទ្យសត្វនៅតំបន់ ដែលត្រួតពិនិត្យខ្មោចសត្វស្វាទាំងនោះបានប្រាប់ថា ៖ គ្រឿងក្នុងរបស់ស្វាទាំងនោះ ជាអាទិ៍ ថ្លើម សួត បានរងការខូចខាតយ៉ាងខ្លាំង ។ ហើយក្រពះវាគឺទទេស្អាត ។ ពេទ្យសត្វដដែលឲ្យដឹងថា គេបានបញ្ជូនគ្រឿងក្នុងរបស់ស្វាដែលបានងាប់ទៅកាន់មន្ទីរស្រាវជ្រាវពេទ្យសត្វឥណ្ឌានៅ Bareilly ដើម្បីស្រាវជ្រាវរកមូលហេតុឲ្យពិតប្រាកដ ៕ លីសា