Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រកាសអំពីអាហាររូបករណ៍ លើជំនាញទេសចរណ៍ចំនួន ៥០កន្លែង ដល់សិស្ស-មន្ត្រីកម្ពុជា

ភ្នំពេញ ៖ ក្នុងពិធីអបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ ដែលធ្វើឡើងនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងប្រទេសកម្ពុជា ក្រោមប្រធានបទ «ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន» លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រកាសផ្សព្វផ្សាយអាហាររូបករណ៍សិក្សាជំនាញទេសចរណ៍ចំនួន ៥០កន្លែង ដែលអង្គការទេសចរណ៍ពិភពលោក (UNWTO) បានផ្ដល់មកកម្ពុជា ហើយលោករដ្ឋមន្ត្រី ប្រកាសបន្តទៅដល់ សិស្ស និស្សិត មន្ត្រីកម្ពុជា ដើម្បីជាការចូលរួមគាំទ្រការអភិវឌ្ឍធនធានមនុស្ស ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ ក្នុងបរិបទក្រោយវិបត្តិកូវីដ-១៩។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ បញ្ជាក់ថា ការសិក្សាអាហារូបករណ៍ ៥០កន្លែង ដែលផ្តល់ដោយអង្គការទេសចរណ៍ពិភពលោកនេះ គឺផ្តោតលើ ÷ យុទ្ធសាស្រ្តធុរកិច្ច , គណនេយ្យ និងហិរញ្ញវត្ថុ , មូលដ្ឋានគ្រឹះនៃទីផ្សារឌីជីថល , មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងប្រតិបត្តិករ , មូលដ្ឋានគ្រឹះនៃនវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។

ចំពោះបេក្ខជនកម្ពុជាទាំងពីរភេទ ដែលអាចបញ្ជូនទៅសិក្សាលើជំនាញទាំងនេះបាន ត្រូវមានសញ្ជាតិខ្មែរ ជាមន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា បុគ្គលិកបម្រើការងារ ឬសិស្សនិស្សិតកំពុងសិក្សាក្នុងវិស័យទេសចរណ៍ មានចំណេះដឹងភាសាអង់គ្លេសគ្រប់គ្រាន់ ព្រោះការសិក្សាជាភាសាអង់គ្លេស, មានគោលដៅអភិវឌ្ឍជំនាញ និងចំណេះដឹងក្នុងវិស័យទេសចរណ៍។

សូមបញ្ជាក់ថា កន្លងមកក្រសួងទេសចរណ៍ បានប្រកាសបើកដំណើរការលើវិស័យទេសចរណ៍ជាជំហានៗ ដោយតម្រូវឲ្យប្រតិបត្តិករទេសចរណ៍ រមណីយដ្ឋានទេសចរណ៍, មូលដ្ឋានទេសចរណ៍ , គោលដៅទេសចរណ៍ អនុវត្តនីតិវិធីគតិយុត្ត ប្រតិបត្តិស្ដង់ដារ ទាំងអ្នកបម្រើវិស័យទេសចរណ៍ និងភ្ញៀវទេសចរគ្រប់ប្រភេទ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×