Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្ដល់វ៉ាក់សាំង ២០ម៉ឺនដូស ជូនរដ្ឋាភិបាល និងប្រជាជនឡាវ

ភ្នំពេញ ៖ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការ ក្រសួងការបរទេស នឹងធ្វើជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រគល់ វ៉ាក់សាំងស៉ីណូវ៉ាក់ ចំនួន ២០ម៉ឺនដូស ជូនដល់រដ្ឋាភិបាលឡាវ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន សំដៅការពារជំងឺកូវីដ-១៩ និងអំពើមនុស្សធម៌ដោយមិនរើសអើង។

នេះបើតាមការឲ្យដឹងរបស់ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស, ហើយថា ពិធីប្រគល់ និងទទួលវ៉ាក់សាំងស៉ីណូវ៉ាក់ ២០ម៉ឺនដូសនេះ នឹងធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ស្ថិតក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនខេត្តចម្ប៉ាសាក់របស់ឡាវ។

នាពេលកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបរិច្ចាគសម្ភារបរិក្ខារ ការពារជំងឺកូវីដ-១៩ ជូនប្រទេសមួយចំនួនផងដែរ តាមលទ្ធភាពជាក់ស្ដែង ដូចជា ប្រទេសមីយ៉ាន់ម៉ា ទីម័រខាងកើត ឡាវ វៀតណាម និងប្រទេសនេប៉ាល់។

ការសម្រេចផ្ដល់វ៉ាក់សាំង ជូនរដ្ឋាភិបាលឡាវ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ លើកិច្ចការមនុស្សធម៌ដោយមិនរើសអើង របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខុមាលភាពប្រទេសជិតខាង ជាក់ស្ដែង ប្រទេសឡាវនេះ ជាដើម សំដៅលើកកម្ពស់ផ្នែកសុខុមាលភាព កាន់តែល្អប្រសើរថែមទៀត សម្រាប់ប្រជាជនឡាវ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×