Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ៖ ក្នុងស្មារតីសាមគ្គីភាព កម្ពុជាផ្តល់អំណោយថ្នាំវ៉ាក់សាំងចំនួន ២០ម៉ឺនដូស បន្ថែមទៀតដល់ឡាវ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថា ក្នុងស្មារតីសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រទេសកម្ពុជា ឡាវ រាជរដ្ឋាភិបាលកម្ពុជា សូមផ្តល់ជូនរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នូវអំណោយថ្នាំវ៉ាក់សាំង(ប្រភេទស៊ីណូវ៉ាក់)ចំនួន ២០០,០០០ដូស បន្ថែមទៀត ដើម្បីរួមចំណែកដល់ការខិតខំប្រឹងប្រែងរបស់ប្រទេសឡាវក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៨ ដ៏សាហាវ។ អំណោយវ៉ាក់សាំងនេះនឹងត្រូវបញ្ជូនទៅដល់ច្រកទ្វារព្រំដែនត្រពាំងក្រៀល-ណុងណុកខៀន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ។

នេះបើយោងតាមលិខិតសម្តេចតេជោ ហ៊ុន សែន ផ្ញើជូនឯកឧត្តម ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។

នៅក្នុងលិខិតសម្តេចតេជោ ហ៊ុន សែន បានជម្រាបជូននាយករដ្ឋមន្ត្រីឡាវថា “ខ្ញុំមានសេចក្តីរីករាយជាអតិបរិមា ដែលមានឱកាសបានជួប ដោយផ្ទាល់ជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ ក្នុងអំឡុងពេលចូលរួមកិច្ចពិគ្រោះយោបល់ រវាងថ្នាក់ដឹកនាំគណបក្សរបស់ប្រទេសកម្ពុជា ឡាវ និងវៀតណាម កាលពីថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២១ នៅទីក្រុងហាណូយ។ ជំនួបដោយផ្ទាល់នេះ បានអនុញ្ញាតឱ្យយើងធ្វើការពិភាក្សា និងផ្លាស់ប្តូរគ្នាបានយ៉ាងស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា ស្តីពីការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើង រួមទាំងដើម្បីដោះស្រាយបញ្ហាប្រឈមរួម។ វាពិតជាគួរឱ្យក្រៀមក្រំណាស់ ដែលអស់ពេលជិតពីរឆ្នាំមកហើយ តែប្រទេសនានាជុំវិញពិភពលោកនៅតែត្រូវតស៊ូទប់ទល់នឹងការផ្ទុះឡើងវិញនៃជំងឺរកូវីដ១៩ ដែលបានបន្តបង្កការលំបាកផ្នែកសេដ្ឋកិច្ច និងដាក់សម្ពាធបន្ថែមទៀតដល់សុខុមាលភាពរបស់ប្រជាជន។ ប្រទេសកម្ពុជា និងឡាវ ក៏មិនខុសពីប្រទេសដទៃទៀតដែរ ដោយមានការឆ្លងជំងឺកូវីត១៩បំលែងថ្មីយ៉ាងឆាប់រហ័សនៅក្នុងសហគមន៍”។

វ៉ាក់សាំងស៊ីណូវ៉ាក់ទាំង ២០ម៉ឺនដូស ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់តាំងឱ្យលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនរដ្ឋាភិបាលឡាវ នៅថ្ងៃព្រឹកទី២៨ ខែកញ្ញា នេះ។ ពិធីប្រគល់ និងទទួលវ៉ាក់សាំងស៉ីណូវ៉ាក់ទាំង ២០ម៉ឺនដូស នឹងធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនខេត្តចម្ប៉ាស័ករបស់ឡាវ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×