ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្ត LexusRX300 មួយគ្រឿងក្នុងល្បឿនលឿន មិនប្រយ័ត្នបានឆ្លងគន្លងផ្លូវជ្រុលទៅបុ.ករ៉ឺម៉ក ចំពីមុខពេញទំហឹងបណ្តាលឲ្យម្ចាស់រ៉ឺម៉ក រងរបួសបញ្ជូនទៅមន្ទីរពេទ្យ ចំណែកបុរសជាម្ចាស់រថយន្តបង្ក ត្រូវសមត្ថកិច្ចឃាត់បាននៅកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បានបើករម៉ូតូសណ្តោងរ៉ឺម៉កដឹកទឹកកកមួយគ្រឿង មិនមានផ្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញបុរសម្នាក់ទៀត បានបើករថយន្តLexusRX300 មួយគ្រឿង ពណ៌ស្ករពាក់ផ្លាកលេខ តាកែវ 2C-2015 បើកបរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន បានឆ្លងគន្លងផ្លូវជ្រុលទៅបុ.កម៉ូតូសណ្តោងរ៉ឺម៉កដឹកទឹកកក ពេញទំហឹងបណ្តាលឲ្យរ៉ឺម៉កខ្ទេ.ចទាំងស្រុង ចំណែកឯរថយន្តបង្ក និងតៃកុងត្រូវសមត្ថកិច្ចឃាត់បាននៅកន្លែងកើតហេតុ។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចបានវាស់វែងនិងធ្វើកំណត់ហេតុ យករថយន្តបង្កនិងរ៉ឺម៉កទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត






