ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំ ស្តីពីការធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស នៅទូទាំងប្រទេសកម្ពុជា ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១។ ក្រសួងការងារ មានសេចក្តីជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ នឹងអនុវត្តតាមសេចក្តីណែនាំនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ដើម្បីរក្សាបាននូវសកម្មភាពអាជីវកម្ម ផលិតកម្ម និងការផ្តល់សេវាកម្ម ក៏ដូចជាចូលរួមចំណែកប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ ១៩ បណ្តាលមកពីមេរោគបំប្លែងថ្មីប្រភេទដែលតា (Delta) នៅតាមរោងចក្រ សហគ្រាល ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ក្រសួងសូមណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិត ដូចតទៅ ៖
១- ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវត្រៀមឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ឱ្យបានគ្រប់ចំនួន សម្រាប់ធ្វើតេស្តរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតរបស់ខ្លួន ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១។

២- ការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ នេះ គឺជាបន្ទុករបស់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស។
៣- កម្មករនិយោជិតទាំងអស់ ត្រូវចូលរួមធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ តាមការរៀបចំរបស់ម្ចាស់ ឬនាយក រោងចក្រ សហគ្រាស។ ចំពោះកម្មករនិយោជិតណាដែលមិនព្រមចូលធ្វើតេស្ត នឹងត្រូវចាត់ទុកថា បានល្មើសធ្ងន់ចំពោះ វិធានខាងវិន័យសន្តិសុខ និងអនាម័យ ដូចមានចែងក្នុងមាត្រា៨៣ នៃច្បាប់ស្តីពីការងារ និងបទប្បញ្ញត្តិជាធរមាន ដែលបើកសិទ្ធិឱ្យនិយោជកអាចបញ្ឈប់កម្មករនិយោជិតពីការងារបាន។

៤- ទន្ទឹមនឹងនេះ កម្មករនិយោជិតទាំងអស់ ត្រូវជូនដំណឹងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈក្រុមតេឡេក្រាមឈ្មោះ «សម្រាប់កម្មករនិយោជិត» https://t.me/KhmerWorkerChat ក្នុងករណីនិយោជកមិនបានធ្វើតេស្តរហ័សរតមេរោគកូវីដ-១៩ ជូនកម្មករនិយោជិត ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ។
៥- កម្មករនិយោជិតដែលបានឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» ជាពិសេសពាក់ម៉ាស់ លាងដៃញឹកញាប់នឹងសាប៊ូ រក្សាគម្លាតសុវត្ថិភាពបុគ្គលក្នុងពេលធ្វើដំណើរដោយរថយន្តរួម និងត្រូវយកតាមខ្លួននូវទឹកអាល់កុល ឬអាល់កុលដែលលាងដៃ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ






