ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា សិទ្ធិទទួលបានព័ត៌មានជាសាកល គឺជាសិទ្ធិមួយដែលមិនអាចខ្វះបាន នៅក្នុងសង្គមប្រជាធិបតេយ្យ ដែលមានការចូលរួម ដើម្បីមានការចូលរួមដ៏ល្អបាន គឺការទទួលបានព័ត៌មានមួយដ៏ល្អ ត្រឹមត្រូវជាក់លាក់។ នេះគឺជាការធានាមូលដ្ឋាននៃការជម្រើសបោះឆ្នោត ឬក៏ការសម្រេចចិត្តផ្សេងៗរបស់ប្រជាជន នៅក្នុងការរើសអ្នកដឹកនាំនៅក្នុងការផ្ទៀ់ងផ្ទាត់ គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល។ ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើឡើង នៅក្នុងទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មាន ជាសាកលនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នេះ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានអបអរសាទរចំពោះ ទិវាអន្តរជាតិសម្រាប់ សិទ្ធិទទួលបានព័ត៌មានជាសាកល សម្រាប់ ឆ្នាំ២០២១ នេះផងងដែរ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍បញ្ជាក់ទៀតថា “ដោយឃើញពីសារសំខាន់នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យក្រសួងព័ត៌មាន បានរៀបចំព្រាងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ ដោយមានការចូលរួមគ្រប់មជ្ឈដ្ឋាន ដើម្បីកសាងជាច្បាប់នេះឡើង។ ហើយច្បាប់នេះបានរៀបចំសព្វគ្រប់ ហើយនៅពេលនេះរង់ចាំ តែការពិនិត្យចុងក្រោយអំពីក្រសួងយុត្តិធម៌ ដើម្បីនឹងជំរុញដាក់ទៅរដ្ឋសភា ដើម្បីអនុម័តទទួលអនុវត្តនៅក្នុងប្រទេសកម្ពុជា។ ហើយសង្ឃឹមថា ប្រជាជនកម្ពុជានឹងទទួលបាននូវព័ត៌មាន ដ៏ជាក់លាក់ពិតប្រាកដ ដើម្បីធ្វើការសម្រេចចិត្តរបស់ខ្លួន”៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ
