ភ្នំពេញ ៖ តុលាការកំពូលកាលពីព្រឹកថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២១ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងសាទុក្ខ របស់បុរសពិរុទ្ធជនម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារ កំណត់អស់មួយជីវិត ជាប់ពាក់ព័ន្ធនឹងករណីឃា.ត.កម្មគិតទុកជាមុន ដោយបានអា.រ.កប្រពន្ធ របស់គាត់ នឹងកាំបិតមុតស្រួច បណ្តាលឲ្យស្លា.ប់ យ៉ាងអាណោចអាធ័ម នៅក្នុងថ្លុ.កឈា.ម នៅក្នុងផ្ទះជួល។

សវនាការនេះ ត្រូវបានដឹកនាំដោយលោកចៅក្រម យូរ ឧត្តរា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង មានលោកអ៊ុក គឹមសិទ្ធិ ជាតំណាងមហាអយ្យការអមតុលាការកំពូល។
លោកអឿង សៀង ជាចៅក្រមរបាយការណ៍ បានថ្លែងឲ្យដឹង នៅក្នុងអង្គការសវនាការថា ជនជាប់ចោទ មានឈ្មោះ បេ វ៉ាន់សាក់ ហៅ លាស់ រ៉ូសេត ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជាជនជាតិខ្មែរ-ឥស្លាម មានមុខរបរ កាប់គោ មានទីលំនៅផ្ទះជួល នៅភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ចំណែកឯ ជនរងគ្រោះមានឈ្មោះ ទូលាស់ ម៉ៃយ៉ាន ភេទ ស្រី អាយុ ៣៤ ឆ្នាំ មុខរបរលក់ដូរ ។
អ្នកទាំងពីរនាក់ គឺជាប្តីប្រពន្ធនឹងគ្នា។
.
លោកចៅក្រម អឿង សៀង បានថ្លែងបន្តថា នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទ បេ វ៉ាន់សាក់ ត្រូវបានតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃ ២៨ វិច្ឆិកា ឆ្នាំ ២០១៩ កាត់ទោសដាក់ពន្ធនាគារ កំណត់អស់មួយជីវិត ពីបទ “ឃា.ត.កម្មគិតទុកជាមុន” ប្រព្រឹត្តនៅផ្ទះជួល ផ្លូវទន្លេសាប ក្រុម៧ ភូមិដើមគរ, សង្កាត់ជ្រោយចង្វា, ខណ្ឌជ្រោយចង្វា, រាជធានីភ្នំពេញ កាលពីថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៦ តាមបញ្ញត្តិមាត្រា ២០០ នៃ ក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទ បានប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការរាជធានីភ្នំពេញ មកកាន់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ។ តែសាលាឧទ្ធរណ៍ បានតម្កល់បទចោទប្រកាន់របស់គាត់រក្សាទុកជាបានការដដែល កាលពីថ្ងៃទី ១៤ មេសា ឆ្នាំ ២០១៩។
ជនជាប់ចោទ បេ វ៉ាន់សាក់ បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូល។
លោកចៅក្រម បានបន្ថែមថា ជនជាប់ចោទ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៦ បន្ទាប់ពីគាត់បានប្រព្រឹត្តបទល្មើសខាងលើ។
នាពេលសវនាការ, ជនជាប់ចោទឈ្មោះ បេ វ៉ាន់ដាក់ បានឆ្លើយបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ខាងលើ និង អះអាងថា គាត់មិនបានស.ម្លាប់ប្រពន្ធរបស់គាត់នោះទេ។
ជនជាប់ចោទបាននិយាយថា នៅថ្ងៃកើតនោះ, ខ្លួនដេកនៅកន្លែងរោងគោ និងមិនបានដឹងថាប្រពន្ធត្រូវបានគេស.ម្លាប់ ឬ ដឹងថា នរណាជាអ្នកស.ម្លាប់ប្រពន្ធនោះទេ។
បេ វ៉ាន់សាក់ បានសំណូមពរ ដល់តុលាការកំពូល មេត្តាជួយរក និងផ្តល់យុត្តិធម៌ដល់រូបគាត់ និងដោះលែងគាត់ឲ្យមានសេរីភាពវិញ៕
រក្សាសិទ្ធិដោយ ៖ ចន្ទា ភា