កណ្ដាល ៖ បន្ទាប់ពីបែកធ្លាយរឿងអាស្រូវជាច្រើនដែលសុទ្ធសឹងជាអំពើពុករលួយ ដែលលោក ហួត សីហា មេប៉ុស្តិ៍សំរោងធំ បានជំរិតទារប្រាក់ពីយុវជនបីនាក់ សរុបជាទឹកប្រាក់ចំនួន៣៥០០ ដុល្លារ ជាថ្នូរនឹងការដោះលែងឲ្យរួចខ្លួន ត្រូវបានលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចាត់ឲ្យការិយាល័យបុគ្គលិកចុះស្រាវជ្រាវ។

ការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចុះស្រាវជ្រាវ និងសួរនាំបានឲ្យដឹងថា លោកវរសេនីយ៍ត្រី ហួត សីហា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានអនុវត្តខុសនីតិវិធី ហើយកំពុងអនុវត្តវិន័យ និងសួរនាំបន្ថែម ដើម្បីរង់ចាំសេចក្តីសម្រេចពីថ្នាក់លើ។
ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឆ្លើយតបបណ្តាញសារព័ត៌មានមួយចំនួន ដែលបានចុះផ្សាយជាបន្តបន្ទាប់ មានខ្លឹមសារចំណងជើងថា ៖ មហាជនរង់ចាំមើលថា តើវាសនារបស់លោក ហួត សីហា មេប៉ុស្តិ៍សំរោងធំមានវាសនាទៅជាយ៉ាងណា? ដែលបានចាប់ករណីគ្រឿងញៀន ទៅលើយុវជន៣នាក់ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កន្លងមកនេះ នៅចំណុចភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយជំរិតទារប្រាក់ពីយុវជនទាំងបីនាក់នោះ ចំនួន 3500$ ជាថ្នូរនឹងការដោះលែង។
ក្រោយពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យការិយាល័យបុគ្គលិកចុះស្រាវជ្រាវករណីខាងលើ។

បន្ទាប់ពីការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចុះស្រាវជ្រាវ និងសួរនាំបានឲ្យដឹងថា លោកវរសេនីយ៍ត្រី ហួត សីហា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានអនុវត្តខុសនីតិវិធី។
បច្ចុប្បន្ន លោកវរសេនីយ៍ត្រី ហួត សីហា កំពុងអនុវត្តវិន័យ និងសួរនាំបន្ថែម នៅការិយាល័យបុគ្គលិក រង់ចាំការសម្រេចពីគណៈស្នងការ និងធ្វើរបាយការណ៍សុំគោលការណ៍បន្ថែម ទៅថ្នាក់ជាតិ ដើម្បីពិនិត្យសម្រេចដ៏ខ្ពង់ខ្ពស់។
នាពេលថ្មីៗកន្លងមកនេះ ពាក់ព័ន្ធជាមួយលោក ហួត សីហា មេប៉ុស្តិ៍សំរោងធំ ត្រូវបានបែកធ្លាយរឿងអាស្រូវជាច្រើន ដែលសុទ្ធសឹងជាអំពើពុករលួយ។ លោកមេប៉ុស្តិ៍សំរោងធំ ពាក់ព័ន្ធនឹងរឿងចាប់ករណីគ្រឿងញៀន ទៅលើយុវជន ៣ នាក់នៅថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២១ កន្លងមកនេះចំណុចភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅចំណុចដើមកាស្យាដោយលោក ហួត សីហា មេប៉ុស្តិ៍សំរោងធំ ជំរិតទារប្រាក់ពីយុវជនទាំងបីនាក់នោះ សរុបជាទឹកប្រាក់ចំនួន៣៥០០ដុល្លារ ជាថ្នូរនឹងការដោះលែងឲ្យរួចខ្លួន ។ លោក ហួត សីហា ក៏បានជំរិតទារប្រាក់ ពីបទល្មើសជាច្រើនករណីទៀត ហើយក៏សុទ្ធសឹងជាអំពើពុករលួយ ខុសនីតិវិធីច្បាប់ ។ ហេតុដូច្នេះហើយទើបស្នងការនគរបាលខេត្តកណ្តាលកោះហៅមកសួរនាំដឹងរឿងពិត ប្រព្រឹត្តអំពើពុករលួយ អនុវត្តខុសនីតិវិធី ត្រូវបានដាក់វិន័យកងកម្លាំង៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ


