ភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានថ្លែងថា ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ ជាក្រុមដែលពិនិត្យមើលតែពីដំណឹង បំពុលព័ត៌មាន ដែលមិនពិត បំភ្លៃសង្គម គឺខុសពីគណ:កម្មការតាមដានវាយតម្លៃនិង លើកសរសើរក្រមសីលធម៌ វិជ្ជាជីវ:សារព័ត៌មាន ហើយគោល បំណងនៃការបង្កើតគណ:កម្មការនេះឡើង គឺដើម្បីជាការលើកនូវតម្លៃនៃសីលធម៌ និងតម្លៃតូនាទីសង្គម របស់អ្នកសារព័ត៌មាន ។

បើតាមរដ្ឋមន្រ្តីក្រសួងព័ត៌មាន “បានធ្វើការរំលឹកជូនដល់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ បន្តពិនិត្យមើល និងបូកសរុបថា តើមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ? ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប៉ុន្មានដងនៅក្នុងរយ:បីខែ ? ហើយដល់ពេល ១ ឆ្នាំបូកសរុបម្តង ដើម្បីបានដឹងទាំងអស់គ្នា អំពីក្រុមដែលតែងបាននិយាយ ផ្សព្វផ្សាយព័ត៌មាន មិនពិតច្រើនដងជាងគេ។
សម្រាប់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ ត្រូវតែផ្សព្វផ្សាយតែព័ត៌មានណាពិត ត្រឹមត្រូវ ហើយសម្រាប់ក្រសួងព័ត៌មាន គឺពិនិត្យថាតើព័ត៌មាននោះប្រកបដោយវិជ្ជាជីវៈ ដែរឬទេ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងនៅ ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដែលមានការចូលរួមជុំផ្ទាល់ និងតាមរយៈប្រព័ន្ធ Zoom ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ការងារនេះ គឺត្រូវតែធ្វើជាប់ជាប្រចាំ ព្រោះនៅក្នុងដំណាក់កាលនេះ ក្រុមបំពុល និងប្រឌិតព័ត៌មានក្លែងក្លាយបានធ្វើនៅគ្រប់រូបភាព និងបណ្តាញផ្សព្វផ្សាយ ដែលនាំឲ្យសាធារជន មានការយល់ច្រឡំ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ




