ភ្នំពេញ ៖ មន្ទីររ៉ែនិងថាមពល ដឹកនាំដោយឯកឧត្តម លាង ឆាលី អនុរដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល សហការជាមួយនឹងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដោយមានការចូលរួមពីលោក ទី បុនិន្ទ ព្រះរាជអាជ្ញារង តំណាងអអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅណែនាំនិងបិទផ្អាកការសាងសង់ស្ថានីយ៍ប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈ មួយកន្លែង ដែលគ្មានច្បាប់ ស្ថិតនៅច្រកចូលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១ តាមបណ្ដោយផ្លូវ២១៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ កាលពីវេលាម៉ោង១០និង០០ ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

ការចុះទៅបិទទីតាំងខាងលើនេះ គេពុំបានឃើញវត្តមានម្ចាស់ទីតាំងឈ្មោះ វឹង គឹមម៉េង មកបង្ហាញមុខនៅទីនោះទេ ដោយគ្រាន់តែឲ្យឈ្មោះ ឆាវ បុរី មកចូលរួមជាតំណាងជំនួសទៅវិញ។
សមាសភាពចូលរួមមាន÷ ទី១-លោកទី ប៊ុកលី ប្រធានមន្ទីររ៉ែនិងថាមពល ទី២- លោក អោក លឹមចាក់រីណា ក្រឡាបញ្ជី ទី៣- លោក ឈានសុខុម ទីប្រឹក្សាក្រសួងរ៉ែនិងថាមពល ទី៤-លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ ទី៥-លោក សូ រចនា ការិយាល័យនីតិកម្ម ទី៦- លោក ហម សវីរ: ការិយាល័យបច្ចេកវិទ្យាប្រេងកាត ទី៨-លោក ហ៊ាង សុមេធ អនុប្រធានរ៉ែនិងថាមពល ទី៩-ជុំ ណារុំ ប្រធានការិយាល័យ ទី១០-លោក ឆាក់ ប៊ុនធី បញ្ជាការរងខណ្ឌមានជ័យ ទី១១-លោក ស៊ឹម ចិន្តា តំណាងសាលាសង្កាត់ស្ទឹងមានជ័យទី១ ទី១២-សន ណារ៉ាក់ ប្រធានការិយាល័យសេដ្ឋកិច្ចខណ្ឌមានជ័យ ទី១៣- លោក គឹម កល្យាណ អធិការរងខណ្ឌមានជ័យ ទី១៤-លោក សន ភឿន នាយប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ១ ទី១៥-លោក សុខ សេរី អនុប្រធានការិយាល័យមន្ទីររៀបចំដែនដីខណ្ឌមានជ័យ និងទី១៦-លោកឆាវ បូរី តំណាងម្ចាស់ស្ថានីយ ឈ្មោះ វឹង គឹមម៉េង។

ក្រោយពេលធ្វើកំណត់ហេតុ បិទទីតាំងផ្លូវខាងលើនេះរួចមក សមត្ថកិច្ចជំនាញបានប្រាប់ទៅអ្នកតំណាង និងមេការមិនឲ្យមានការសាងសង់បន្ត នៅស្ថានីយ៍ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈទីតាំងខាងលើនេះឡើយ លុះត្រាតែម្ចាស់ទីតាំងខាងលើនេះ ទៅធ្វើច្បាប់អនុញ្ញាតស្របច្បាប់ឲ្យបានត្រឹមត្រូវ ទើបអនុញ្ញាតឲ្យមានការសាងសង់ឡើងវិញ៕ រក្សាសិទ្ធិដោយ ៖ សួង សាម












