ភ្នំពេញ ៖ ក្នុងជំនួបសន្ទនាការងារជាមួយ លោក Pablo Chiho Kang ស្នើដល់អគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់ភាគីអូស្ត្រាលីឱ្យពិចារណារផ្តល់ឱកាស ជូនដល់ពលករកម្ពុជាចេញទៅធ្វើការនៅប្រទេសអូស្ត្រាលី មានចំនួនកាន់តែច្រើនឡើង។

នេះជាកិច្ចពិភាក្សាអំពីចំណាប់អារម្មណ៍របស់កម្ពុជា លើគម្រោងទិដ្ឋាការកសិកម្មអូស្រ្តាលី ដែលត្រូវបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ លោក អ៉ិត សំហេង បានបញ្ជាក់ថា ពលករកម្ពុជា ពិតជាអាចបម្រើការងារផ្នែកកសិកម្មនេះបានយ៉ាងល្អជូនដល់និយោជករបស់អូស្ត្រាលី, ហើយថា ប្រសិនបើ មានភាពរលូនក្នុងវិស័យនេះ ពលករកម្ពុជានឹងទទួលបានការរីកចម្រើន ទាំងចំណេះដឹង ចំណេះធ្វើ ចំណូលសេដ្ឋកិច្ចគ្រួសារ និងទទួលបានបទពិសោធន៍ផ្លាស់ប្ដូរផ្នែកកសិកម្មពីការអភិវឌ្ឍនៅអូស្ត្រាលី មកបម្រើការងារក្នុងប្រទេសរបស់ផងខ្លួន។
ក្នុងពេលនេះដែរ លោករដ្ឋមន្រ្តី បានស្នើឱ្យលោកអគ្គរាជទូតអូស្ត្រាលី ពិចារណាផ្តល់ឱកាសជូនដល់ ពលករកម្ពុជាបានចេញទៅធ្វើការនៅប្រទេសអូស្ត្រាលីឲ្យបានចំនួនច្រើន ដូចដែលកម្ពុជាបានបញ្ជូនពលករទៅសាធារណរដ្ឋកូរ៉េអ៊ីចឹងដែរ ហើយបើអាចក្រៅពីផែ្នកកសិកម្ម ភាគីអូស្ត្រាលី អាចពិចារណាក្នុងការបើកឱកាសជូនដល់ពលករកម្ពុជាទៅធ្វើការផ្នែកសំណង់ សេវាកម្ម និងឧស្សាហកម្មផងដែរ ដើម្បីពួកគាត់ទទួលបាននូវប្រាក់ចំណូលខ្ពស់សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ក៏ដូចជាទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀតពីអូស្ត្រាលី។

ជាការឆ្លើយតប អគ្គរាជទូត Pablo បានឱ្យដឹងថា រដ្ឋាភិបាលអូស្រ្តាលីគ្រោងផ្តល់ទិដ្ឋាការផ្នែកកសិកម្ម សម្រាប់ប្រទេសដៃគូរបស់អូស្ត្រាលី និងប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ក្នុងនោះក៏មានកម្ពុជាផងដែរ។ សម្រាប់គម្រោងទិដ្ឋាការកសិកម្មអូស្រ្តាលីនាពេលនេះ គឺកំពុងត្រូវការពលករទៅបម្រើការងារផ្នែកប្រមូលផលកសិកម្ម ការនេសាទ និងជលផល និងផ្នែកខ្លះនៃឧស្សាហកម្មផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN












