បាត់ដំបង ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន ពិសេសបងប្អូនអ្នកនិយមប្រើប្រាស់បណ្តាញសង្គម ឲ្យដឹងថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទី នៅចំណុចក្រមទី០៣ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មួយកើតឡើងដែលករណីនេះ បង្កដោយជនសង្ស័យមួយក្រុម មានម៉ូតូជាមធ្យោបាយ និងដុំឈើជាអង្កត់អូសផង បានធ្វើសកម្មភាពវា.យ និងគ.ប់ទៅលើឈ្មោះ ផ្លោយ ប៊ុនសឺយ ហៅវីរៈ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាភ្នាក់ងារសារព័ត៌មាន SBT Post News ប្រចាំខេត្តបាត់ដំបង ក្នុងខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូចេញពីកន្លែងស្នាក់នៅ ក្នុងមូលដ្ឋានខាងលើ។

ក្នុងពេលកំពុងធ្វើសកម្មភាពនេះ ត្រូវបានជនរងគ្រោះប្តូរចាប់បានជនដៃដល់ម្នាក់ ក្នុងចំណោមបក្សពួកផ្សេងទៀត ដែលបានព្យាយាមគេចខ្លួនមុនពេលដែលសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ចល័តកម្លាំងទៅដល់ចំណុចកើតហេតុ។
ភ្លាមៗនៅកន្លែងកើតហេតុ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានទៅដល់ទីនោះ និងបានដាក់បទបញ្ជាឱ្យលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង នាំយកជនសង័្សយខាងលើនេះ ទៅកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរស្រាវជ្រាវស៊ើបអង្កេតលើករណីនេះ ដែលជនសង័្សយនេះមានឈ្មោះ រឿត រ៉ាមី ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិកំពង់ម្តោក ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

រហូតមកដល់ពេលនេះ សមត្ថកិច្ចនគរបាលកំពុងធ្វើការសាកសួរស្រាវជ្រាវរកមូលហេតុដែលឈានទៅដល់ករណីប្រើហិង្សាទៅលើជនរងគ្រោះជាអ្នកសារព័ត៌មានបែបនេះ រួមទាំងបក្សពួករបស់គេផង។
ករណីនេះត្រូវបាន ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង សម្រេចឱ្យធ្វើការឃាត់ខ្លួន និងបន្តរៀបចំសំណុំរឿង បញ្ជូនទៅតុលាការអនុវត្តតាមច្បាប់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ









