ភ្នំពេញ ៖ កងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ EOD លេខ២៨៨ និងកងអនុសេនាធំវិស្វកម្មថែទ្រាំព្រលានយន្តហោះលេខ៩៣៧ ដែលជាកងកម្លាំងមួកខៀវរបស់កម្ពុជា ប្រមាណ ៣០០នាក់ នឹងត្រូវបញ្ជូនទៅបំពេញបេសកកម្មក្រោមឆត្ររបស់អង្គការសហប្រជាតិ នៅប្រទេសម៉ាលី នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីប្តូរវេនក្នុងប្រតិបត្តិការរក្សាសន្តិភាព។

កងកម្លាំងមួកខៀវរបស់កម្ពុជាប្រមាណ៣០០នាក់នេះ ក្នុងនោះមាននារី ២៦នាក់, ប្រតិបត្តិការសន្តិភាព គឺជាគោលការណ៍សាកល បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ តាមរយៈការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ប្រតិបត្តិការរួមគ្នា ក្នុងការជួយដល់បណ្តាប្រទេស ដែលរងការហែកហួរដោយសារភ្លើងសង្គ្រាម និងចូលរួមជាមួយសាមីប្រទេសក្នុងការស្តារនីតិសម្បទាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ស្របតាមគោលការណ៍អង្គការសហប្រជាជាតិ ដើម្បីកសាងមាគ៌ាឆ្ពោះទៅកាន់ពិភពលោកមួយដែលមានសន្តិភាព និងវឌ្ឍនភាព។
គួរបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ជាង ៧ពាន់នាក់ ហើយ ទៅបំពេញបេសកកម្ម មនុស្សធម៌ ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន ៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែន ជាដើម៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN








