បន្ទាយមានជ័យ ៖ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ សហការជាមួយកម្លាំងប៉ូលិសព្រំដែន៨១៥ និងកម្លាំងនៅតាមមូលដ្ឋាន បានឃាតខ្លួនប្រជាពលរដ្ឋខ្មែរចំនួន៨នាក់ បម្រុងលួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ នៅត្រង់ចំណុចភូមិបន្ទាយ២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ ដែលដឹកនាំប្រតិបត្តិការនេះ បានចាត់តាំងកម្លាំងនៅជួរមុខ តាមខ្សែរបន្ទាត់ព្រំដែនខ្មែរ-ថៃ នៅទិសម៉ាឡៃ (ស្រុកម៉ាឡៃ) សហការជាមួយកម្លាំងប៉ូលិសព្រំដែន៨១៥ និងកម្លាំងនៅតាមមូលដ្ឋាន ចេញល្បាតត្រួតពិនិត្យតាមព្រំដែនចាប់ពី ភូមិសន្តិភាព ឃុំទួលពង្រ ដល់ភូមិចំបក់ ឃុំបឹងបេង ក៏បានប្រទះឃើញ ហើយធ្វើការឃាត់ខ្លួនពលករខ្មែរបានចំនួន៨នាក់ ស្រីចំនួន៣នាក់ ប្រុសចំនួន៥នាក់ នៅត្រង់ចំណុចភូមិបន្ទាយ២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ដែលបម្រុងនិងឆ្លងអូរលួចចូលទៅប្រទេសថៃ ក៏ត្រូវបានកម្លាំងសហការយើងធ្វើការឃាត់ខ្លួនរួចសាកសួរនាំ និងបានប្រគល់ជូនប៉ូលិសព្រំដែន៨១៥ ដើម្បីអនុវត្តទៅតាមច្បាប់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


