ភ្នំពេញ ៖ កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២១ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានប្រកាសសាលដីកា និង តម្កល់ទណ្ឌកម្មបុរសជនជាតិសិង្ហបុរីម្នាក់ដាក់គុក កំណត់ ២៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់, រក្សាទុក, ជួញដូរ និង ផលិតផលដោយខុសច្បាប់ នូវ សារធាតុញៀន ប្រព្រឹត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅក្នុងអំឡុងឆ្នាំ ២០១៤ និង ឆ្នាំ ២០២០។

យោងតាមដីការបស់តុលាការ បានឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ KEE BENG HWA ភេទប្រុស អាយុ ៧២ ឆ្នាំ ជាជនជាតិសិង្ហបូរី មុខរបរ ជាអ្នកនាំភ្ញៀវចូលលេងល្បែង នៅកាស៊ីណូ នៅរាជធានីភ្នំពេញ។
ជនជាប់ចោទឈ្មោះ Kee Beng Hwa ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២០ ផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ២៥ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ៥០លានរៀល ដាក់ចូលក្នុងថវិកាជាតិ ក្រោមការចោទប្រកាន់ពីបទ” ប្រើប្រាស់, រក្សាទុក, ជួញដូរ និង ផលិតផល ដោយខុសច្បាប់ នូវសារធាតុញៀន” តាមបញ្ញត្តិមាត្រា ៣៩, ៤០ និង ៤៥ នៃ ច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងញៀន។
ជនជាប់ចោទបានប្តឹងជំទាស់នឹងសេចក្តីសម្រេច របស់តុលាការរាជធានីភ្នំពេញ មកកាន់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ដើម្បីសុំបន្ធូរបន្ថយទោស។

នៅក្នុងសំណុំរឿងក្តីនេះ, ស្ត្រីខ្មែរម្នាក់ ឈ្មោះ ខៀវ ស្រីទូច អាយុ ៣២ ឆ្នាំ ក៏ត្រូវបានតុលាការរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ០៦ ខែ និងពិន័យជាប្រាក់ចំនួន ៨០ម៉ឺនរៀល ផងដែរ ពីបទ ” ប្រើប្រាស់គ្រឿងញៀន” តែក្រោយមកជនជាប់ចោទ ត្រូវបានដោះលែងពីពន្ធនាគារ បន្ទាប់ពីបានអនុវត្តទោស ចប់សព្វគ្រប់នៅក្នុងពន្ធនាគារ, ក្នុងឆ្នាំ ២០២០។
ជនជាប់ចោទឈ្មោះ KEE BENG HWA ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២០ ជាមួយនឹងឈ្មោះ ខៀវ ស្រីទូច នៅចំណុចបន្ទប់ជួល ក្បែរកោះពេជ្រ ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្រោយការឃាត់ខ្លួនពួកគេ, សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃរឹបអូ បានសារធាតុញៀន ជាច្រើនប្រភេទ មានទម្ងន់ ១.៤៩៣,៧៣ក្រាម ( ជិតមួយគីឡូក្រាមកន្លះ ) រួមមាន៖ ថ្នាំញៀនប្រភេទ ម៉េតំហ្វេតាមីន (ICE) ទម្ងន់ ២១៧.៧៧ក្រាម, កេតាមីន ទម្ងន់ ២៧.៧៧ក្រាម, អ៊ិចស្តាស៊ី ទម្ងន់ ១.១៧៧,២៧ក្រាម, នីមេតាហ្សេប៉ាម ទម្ងន់ ៧០. ៩២ក្រាម រួមនឹងសារធាតុគីមីផ្សំ ទម្ងន់ ២.០៩០,៨៦ក្រាម, កញ្ឆាក្រៀម ១៥៩,០៨ក្រាម និងឧបករណ៍កែឆ្នៃ មួយចំនួនផ្សេងទៀត៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

