ភ្នំពេញ ៖ តុលាការកំពូលកាលពីព្រឹកថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២១ បានបើកសវនាការប្រកាសសាលដីកា លើបណ្ដឹងសាទុក្ខ របស់ពិរុទ្ធជន ជាជនជាតិកូរ៉េខាងត្បូងចំនួន ពីរនាក់ ជាប់ពាក់ព័ន្ធនឹង ការដឹកជញ្ជូន និងការនាំចូលលុយចំនួនជាង ២លានដុល្លារអាមេរិក ពីបរទេស ដោយមិនមានឯកសារ ឬ ប្រភពព័ត៌មាន ប្រព្រឹត្តនៅក្នុងចំណុចព្រលានយន្តហោះអន្តរជាតិសៀមរាប កាលពីអំឡុងឆ្នាំ ២០១៩។
តុលាការកំពូលបាន សម្រេចតម្កល់សាលដីការបស់តុលាការឧទ្ធរណ៍ រក្សាទុកជាបានការដដែល និង តម្កល់ទណ្ឌកម្មរបស់ជនជាប់នៅដដែល។
លោកគង់ តារាឆាត ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះស្តីទី បានអានសាលដីកាថា ជនជាប់ចោទទាំង២ នាក់ មានឈ្មោះ ទី ១-ឈ្មោះ Song Hyunhoo ភេទ ប្រុស អាយុ ៤៤ ឆ្នាំ និងទី ២ ឈ្មោះ Yoon Wongi ភេទ ប្រុស អាយុ ៣៤ ឆ្នាំ។ អ្នកទាំងពីរ ជាជនជាតិកូរ៉េខាងត្បូង។

លោកចៅក្រម បានថ្លែងបន្តថា នៅក្នុងសំណុំរឿងក្តីនេះ, ពួកគេទាំងពីរ ត្រូវបានតុលាការខេត្តសៀម កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ០២ ឆ្នាំ និង ពិន័យជាប្រាក់ ក្នុងម្នាក់ៗ ចំនួន ៦០លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ ពីបទ “ការសំអាតប្រាក់ “។
តុលាការខេត្តសៀមរាប ក៏បានសម្រេចរឹបអូសលុយចំនួន ២, ២០០,០០០ ( $ ២, ២ លាន) ដុល្លារអាមេរិក ដែលបានដកហូតពីពួកគេ ដាក់ចូលក្នុង ថវិកាជាតិផងដែរ។
ជនជាប់ចោទទាំងពីរនាក់ បានប្តឹងជំទាស់នឹងសេចក្តីសម្រេច របស់តុលាការខេត្តសៀមរាប ទៅកាន់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង ។
តែសាលាឧទ្ធរណ៍ បានតម្កល់សាលក្រម របស់តុលាការខេត្តសៀមរាប រក្សាទុកជាបានការដដែល។ ពួកបានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូល។

លោកចៅក្រម បានបន្ថែមថា ពួកគេទាំងពីរ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៧ ខែ កក្កដា ឆ្នាំ២០១៩ នៅក្នុងចំណុចព្រះលានយន្តហោះអន្តរជាតិសៀមរាប បន្ទាប់ពីពួកគេបានធ្វើដំណើរ តាមជើងហោះហើរ ពីទៅក្រុងហុងកុង មកដល់ខេត្តសៀមរាប។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលជំនាញប្រចាំនៅព្រះលានយន្តហោះអន្តរជាតិសៀមរាប រឹបអូសបានប្រាក់ចំនួន ២,២០០,០០០ ដុល្លារអាមេរិក និងលុយបរទេសមួយចំនួនផ្សេងទៀត ដែលមិនមានឯកសារបញ្ជាក់ និង ប្រភពព័ត៌មាន នៃការនាំចូលប្រាក់ទាំងនោះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


