Monday, April 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មូលនិធិរូបិយវត្ថុអន្តរជាតិ វាយតម្លៃឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២១ថា នឹងមានកំណើនខ្ពស់ជាងមុន ក្នុងអត្រា២.២% ហើយនឹងបន្តងើបឡើងក្នុងរង្វង់ប្រមាណ ៥%

spot_img

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះបានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លើការវាយតម្លៃលើស្ថានភាព ម៉ាក្រូសេដ្ឋកិច្ចកម្ពុជា។

នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ បូកសរុបលទ្ធផលនៃការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ឆ្នាំ២០២១ ដោយ ក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ដឹកនាំដោយលោក Alasdair Scott ប្រធានក្រុមបេសកកម្ម ព្រមទាំងមានការចូលរួម ពីលោក Yasuhisa Ojima តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។

លោក Alasdair Scott ប្រធានក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ បានជម្រាបជូនពីទស្សនវិស័យសេដ្ឋកិច្ចសកល ដែលបានចេញផ្សាយ នាខែកក្កដា ដោយកំណើនសេដ្ឋកិច្ចសកលស្ថិតក្នុងរង្វង់ ៦.០% ក្នុងឆ្នាំ២០២១ និង៤.៩% ក្នុងឆ្នាំ២០២២ ហើយការងើបឡើងវិញ នៃសេដ្ឋកិច្ចនៃបណ្ដាប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍ នឹងមានល្បឿនខុសគ្នា។

ជាមួយគ្នានេះ, ជាលទ្ធផលនៃការវាយតម្លៃមកលើស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា, សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២១ ត្រូវបានវាយតម្លៃឡើងវិញថា នឹងមានកំណើនខ្ពស់ជាងមុន ក្នុងអត្រា២.២% គាំទ្រដោយនិន្នាការល្អ ជាងការរំពឹងទុក នៃវិស័យកម្មន្តសាល និងវិស័យកសិកម្ម ដែលជំរុញដោយភាពរឹងមាំ នៃតម្រូវការខាងក្រៅ ខណៈវិស័យសំណង់ វិស័យអចលនទ្រព្យ និងវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន រងផលប៉ះទង្គិចដោយសារ «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ»។

ទន្ទឹមនេះ, ក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងបន្តងើបឡើងក្នុងរង្វង់ប្រមាណ៥% ដោយសារការរំពឹងទុក ការបន្តងើបឡើងនៃតម្រូវការសកល, ការបន្តសក្តានុពលកំណើន នៃវិស័យកាត់ដេរ និងវិស័យកម្មន្តសាលមិនមែនកាត់ដេរ និងការកើនឡើងសន្សឹមៗ នៃវិស័យគាំទ្រផ្សេងទៀត ព្រមទាំងប្រសិទ្ធភាព នៃការដាក់ចេញវិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេស «ផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩»។

ក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានសំដែងនូវការកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈម ទាំងក្នុងទិដ្ឋភាពសង្គម និងសេដ្ឋកិច្ច ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងសកម្ម ជាពិសេសវឌ្ឍនភាពប្រកបដោយផ្លែផ្កា នៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់កម្ពុជា។

ជាមួយគ្នានេះ ជាមួយកំណត់សម្គាល់អំពីកត្តាហានិភ័យមួយចំនួន, ក្រុមបេសកកម្ម Article IV ក៏បានកត់សម្គាល់នូវបច្ច័យវិជ្ជមានមួយចំនួន ដែលជាឱកាសសម្រាប់កម្ពុជាផងដែរ ដូចជាការរីកចម្រើនផ្នែកឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធបៃតងជាដើម។ ទន្ទឹមនេះ, ក្រុមការងារ ក៏បានសំដែងឆន្ទៈយ៉ាងមោះមុតក្នុងការគាំទ្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ខាងមុខ និងត្រៀមជាស្រេច ក្នុងការផ្តល់ការគាំទ្របន្ថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងាររបស់ក្រុមការងារ Article IV និងបានកត់សម្គាល់ ពីភាពប្រហាក់ប្រហែលគ្នា នៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដោយក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ និងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានផ្តល់អនុសាសន៍ល្អៗ ដែលជាធាតុចូលមានសារៈសំខាន់ គាំទ្រដល់ការរៀបចំគោលនយោបាយគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឲ្យកាន់តែប្រសើរឡើង បន្ថែមលើការគិតគូរប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ និងច្បាស់លាស់ពីរាជរដ្ឋាភិបាល លើការអនុវត្តគោលនយោបាយអន្តរាគមន៍រយៈពេលខ្លី និងការរក្សាឲ្យបាននូវស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យម និងវែងជាដើម។

ជាទីបញ្ចប់ , ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ចំពោះមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលតែងតែគាំទ្រ ដល់ការអភិវឌ្ឍ សមត្ថភាព និងជំនាញរបស់មន្រ្តីក្រសួងសេដ្ឋកិច្ច និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាគាំទ្រ ដល់ចលនការនៃការឈាន ទៅបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច រួមចំណែកតម្រង់ទិសលើការងារស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩៕រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

spot_img
×