ភ្នំពេញ ៖ តុលាការកំពូលកាលពីព្រឹកថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២១ បានបើកសវនាការប្រកាសសាលដីកា លើបណ្ដឹងសាទុក្ខ របស់បុរសពិរុទ្ធជន ម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារ កំណត់ ១៤ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងករណីប៉ុន.ប៉ង.មនុស្សឃា.ត និង បានកា.ប់ប្រ.ហារដោយកាំបិតប៉័ងតោ ទៅលើស្រ្តីម្នាក់ ដែលជាគូស្នេហាបណ្តាលជនរងគ្រោះ ដា.ច់ដៃម្ខាង និង បានក្លាយជាជនពិការរហូតដល់សព្វថ្ងៃនេះ។

តុលាការកំពូល បានសម្រេចតម្កល់សាលដីការបស់ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ក៏ប៉ុន្តែតុលាការកំពូល បានកែប្រែចំនួនសំណងរដ្ឋប្បវេណី ដោយបង្កើន ពីចំនួន ៤០០លានរៀល ទៅ ៨០០ លានរៀលវិញ និងប្រកាសបិទផ្លូវតវ៉ា។
លោកចៅក្រមគង់ តារាឆាត បានអានសាលដីកាថា ជនជាប់ចោទ មានឈ្មោះ គុប ផា ភេទ ប្រុស អាយុ ៤៣ ឆ្នាំ មុខរបររកស៊ី លក់ទា និង មាន់ មានទីលំនៅ ឃុំដូង ស្រុកបាទី ខេត្តតាកែវ។
ចំណែកឯ ជនរងគ្រោះ មានឈ្មោះ សាន្ត ចិន្តា ភេទ ស្រី អាយុ ២៥ ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅក្នុងភូមិ, ឃុំ, ស្រុក និង ខេត្ត ជាមួយគ្នា នឹង ជនជាប់ចោទ។
ជនជាប់ចោទ ឈ្មោះ គុប ផា ត្រូវបានតុលាការខេត្តតាកែវ កាលពីថ្ងៃ ០៥ ខែមេសា ឆ្នាំ ២០២០ កាត់ទោសដាក់ពន្ធនាគារ កំណត់ ១៤ ឆ្នាំ និង បង្គាប់ឱ្យសងថ្លៃជម្ងឺចិត្ត ទៅជនរងគ្រោះ ចំនួន ៨០០ លានរៀល ពីបទ ” ប៉ុន.ប៉ង.ឃា.ត.កម្ម” ប្រព្រឹត្តនៅភូមិព្រះម្លប់ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៩ តាមបញ្ញត្តិមាត្រា ២៧ និង ១៩៩ នៃ ក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទ បានប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការខេត្តតាកែវ មកកាន់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ។ តែសាលាឧទ្ធរណ៍ បានតម្កល់បទចោទប្រកាន់របស់គាត់ រក្សាទុកជាបានការ ដដែលតែបានបន្ធូរបន្ថយទោសរបស់គាត់ ពីជាប់គុក ១៤ ឆ្នាំ មកនៅត្រឹមតែ១០ ឆ្នាំ និង បញ្ចុះថ្លៃជម្ងឺចិត្ត ពី ៨០០លានរៀល មកនៅត្រឹម ៤០០ លានរៀលវិញ។
តែជនជាប់ចោទ គុប ផា បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូល។
ជនជាប់ចោទគុប ផា ត្រូវបានចាប់ខ្លួន តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ កាលពីថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ២០២០ នៅ ភូមិចំលងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង បន្ទាប់ពីគាត់បានរត់គេចខ្លួន អស់មួយរយៈ បន្ទាប់ពីបានប្រព្រឹត្តបទល្មើសខាងលើ។

នាពេលសវនាការ កាលពីថ្ងៃទី ២៣ ខែ កញ្ញា, ឈ្មោះ គុប ផា បានទទួលស្គាល់កំហុស និង សារភាពថា គាត់ពិតជាកាប់ទៅលើជនរងគ្រោះមែន នៅថ្ងៃកើតហេតុនោះ។ តែមិនមានបំណង ឬ ចេតនានឹងស.ម្លាប់ជនរងគ្រោះ ដូចការចោទប្រកាន់របស់តុលាការថ្នាក់ក្រោមនោះទេ។
គុប ផា និយាយថា មូលហេតុដែលខ្លួន កា.ប់ទៅលើជនរងគ្រោះនោះ ដោយសារតែគាត់ខឹងនឹងនាងបានធាក់ចំពងស្វាស (ពងក្ត) របស់គាត់ នៅពេលមានជម្លោះពាក្យសម្ដីនឹងគ្នានៅពេលនោះ។
គុប ផា បានសំណូមពរ ដល់តុលាការកំពូល មេត្តាបន្ធូរបន្ថយទោស និង បន្ថយប្រាក់សងជម្ងឺចិត្ត ទៅជនរងគ្រោះ ពីព្រោះ ខ្លួនគ្មានលទ្ធភាពនឹងសងនោះទេ។
តែជនរងគ្រោះ សាន្ត ចិន្តា និង មេធាវី ឈ្មោះ មួង សុគន្ធ បានសំណូមពរឲ្ តុលាការកំពូល សម្រេចតម្កល់សាលក្រម របស់តុលាការខេត្តតាកែវ រក្សាទុកជាការដដែល៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

