ភ្នំពេញ ៖ លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា ជាព័ត៌មានគួរឱ្យសោកស្ដាយមួយ ដែលសេចក្តីស្នើច្បាប់របស់ សភាជាន់ទាបសហរដ្ឋអាមេរិក មានឈ្មោះថា “ច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១” ឬ “H.R 4686” ផ្ដោតលើការទាក់ទណ្ឌកម្ម លើមន្រ្ដីរដ្ឋាភិបាលកម្ពុជាមួយចំនួន ដែលជាការចោទប្រកាន់យ៉ាងអយុត្តិធម៌ ប្រាសចាកពីការពិតជាក់ស្ដែង គ្រាដែលកម្ពុជាកំពុងខិតខំប្រឹងប្រែង កសាងនូវរបបនីតិរដ្ឋ ដែលជាកិច្ចប្ដេជ្ញារបស់ខ្លួន ដើម្បីសង្គមខ្មែរជាសង្គមប្រជាធិបតេយ្យ។
អ្នកនាំពាក្យបន្តថា សេចក្ដីស្នើច្បាប់នេះ នឹងមិនអាចក្លាយទៅជាច្បាប់ ដែលត្រូវអនុវត្តដោយលោកប្រធានាធិបតី ចូ ប៉ៃដិន នោះទេ។ ដ្បិតរដ្ឋាភិបាលអាមេរិក តំណាងដោយលោកជំទាវ Wendy Sherman អនុរដ្ឋមន្រ្ដីការបរទេស ទើបបានមកធ្វើទស្សនកិច្ចនៅកម្ពុជាកាលពីខែមិថុនា បង្ហាញយ៉ាងជាក់ស្ដែងនូវការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។ អាស្រ័យហេតុដូចនេះ សេចក្ដីស្នើច្បាប់នេះ ជាស្នូលនៃឧបសគ្គមួយ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ ទោះបីក្នុងបរិបទទេ្វភាគី ក៏ដូចជាពហុភាគី នៅក្នុងតំបន់អាស៊ាន ដែលជារឿងគួរសោកស្ដាយបំផុត៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ
