ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្ត Ford Raptor មួយគ្រឿង ក្នុងល្បឿនលឿនបានជ្រុលទៅបុ.ករះ ពីក្រោយរថយន្តពីរគ្រឿង រួចបន្តទៅបុកម៉ូតូ៣គ្រឿងទៀត បណ្តាលឲ្យម្ចាស់ម៉ូតូម្នាក់បា.ក់ជើងរងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ចំណុចជាប់នឹងស្តុបថៃហ្គឺ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញមានរថយន្ត២គ្រឿង និងម៉ូតូ៣គ្រឿងទៀត បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានបុរសម្នាក់ បានបើករថយន្តម៉ាកFord Raptor មួយគ្រឿង ពណ៌កាប់ស្តាំង ពាក់ផ្លាកលេខ ភ្នំពេញ2BN-9855 បើកបរតាមបណ្តោយផ្លូវជាតិលេខ១ ស្របទិសក៏ជ្រុលទៅបុ.ករថយន្តឡង់គ្រីស័រ រួចបន្តទៅបុករថយន្តមួយគ្រឿងទៀត និងម៉ូតូបណ្តាលឲ្យប៉ើងទៅមុខ ជាច្រើនម៉ែត្រ រងការខូចខាតយ៉ាងដំណំ ចំណែកឯម្ចាស់ម៉ូតូវិញ បានបាក់ជើងមួយចំហៀង ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកធ្វើការវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត





