កំពត ៖ ឯកឧត្តមបណ្ឌិត ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត នៅរសៀលថ្ងៃពុធទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានចូលរួមពិធីកាត់ខ្សែបូរ សម្ពោធដាក់ឱ្យ ប្រើប្រាស់នូវសមិទ្ធិផល គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរមណីយដ្ឋានទេសចរណ៍ ក្រោមការគាំទ្រដោយគម្រោង (GMS TIIG) ក្នុងខេត្តចំនួន៣ គឺខេត្តកំពត ខេត្តកែប និងខេត្តកោះកុង ។

ពិធីនេះបានធ្វើឡើងនៅរមណីយដ្ឋាន ទេសចរណ៍ភ្នំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត និងមានការចូលរួមផងដែរ ពីសំណាក់ ឯកឧត្តម លោកជំទាវ ប្រតិភូក្រសួងទេសចរណ៍ លោក-លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំនិងមន្ត្រីរាជការមន្ទីរជំនាញអាជ្ញាធរស្រុកពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយបរិយាកាសអំណរសាទរ។
សមិទ្ធផលនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរមណីយដ្ឋានទេសចរណ៍ក្នុងខេត្តចំនួនបីខាងលើនេះ ក្រោមការគាំទ្រដោយគម្រោង(GMS TIIG) ក្នុងក្របខ័ណ្ឌបណ្ដាប្រទេសមហាអនុតំបន់មេគង្គផ្ដោតសំខាន់ការអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយនិរន្តរភាពនិងបរិយាបន្ន។ ដោយឡែកការសម្ពោធសមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធរមណីយដ្ឋានទេសចរណ៍ទាំងបីខាងលើនៅពេលនេះ គឺទី១-រមណីយដ្ឋានទេសចរណ៍ភ្នំកំពង់ត្រាច ខេត្តកំពតទី២-រមណីយដ្ឋានទេសចរណ៍ភ្នំសរសៀ ខេត្តកែប និងទី៣-រមណីយដ្ឋានទេសចរណ៍ពាមក្រសោមខេត្តកោះកុង។

សហគមន៍ទេសចរណ៍ពាមក្រសោប ខេត្តកោះកុង បានទទួលមណ្ឌលព័ត៌មាន បង្គន់អនាម័យសាធារណៈ មណ្ឌលផលិត និងលក់ផលិតផលសហគមន៍រួមទាំងការបំពាក់សម្ភារបរិក្ខារបម្រើឱ្យការផលិត និងឡដុតសម្រាមមួយដែលមានសមត្ថភាពដុតសំរាមបានពី ២-៤ តោនក្នុងមួយថ្ងៃ។
សហគមន៍ទេសចរណ៍វត្តភ្នំសរសៀ ខេត្តកែប បានទទួលបានមណ្ឌលព័ត៌មាន បង្គន់អនាម័យសាធារណៈ បង្កាន់ដៃប្រវែង ២២៧ ម៉ែត្រ និងជណ្តើរនៅក្នុងរូងភ្នំចំនួនពីរប្រវែង ១៣ ម៉ែត្រ។
រមណីយដ្ឋានភ្នំកំពង់ត្រាច ខេត្តកំពត បានទទួលមណ្ឌលព័ត៌មាន បង្គន់អនាម័យសាធារណៈ តូបលក់ចំនួន ១៥ តូប បង្កាន់ដៃ និងជណ្តើរនៅក្នុងល្អាងភ្នំប្រវែង ២៤០ ម៉ែត្រ៕រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ



