សារព័ត៌មាន Eurasia review បានចេញផ្សាយ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ថា តុលាការឥណ្ឌូនេស៊ី បានសម្រេចកាត់ទោសប្រធានក្រុមនាវា MT Strovols ជនជាតិបង់ក្លាដែស ដែលបានលួចដឹកប្រេង ប្រមាណ៣០ម៉ឺនបារ៉ែល ចេញពីកម្ពុជា ឲ្យជាប់ពន្ធនាគារ រយៈពេលចំនួន១៥ថ្ងៃ និងពិន័យជាប្រាក់ ១០០លានរ៉ូពី ឬប្រមាណ៧ពាន់ដុល្លារសហរដ្ឋអាមេរិក។ ជនជាប់ចោទជនជាតិបង់ក្លាដែស ជាប្រធានក្រុមនាវា MT Strovols ត្រូវបានឃុំខ្លួន កាលពីសប្តាហ៍មុន ក្រោមការចោទប្រកាន់ ពីបទចូលចត នៅក្នុងដែនសមុទ្រឥណ្ឌូនេស៊ី ដោយគ្មានការអនុញ្ញាត។ ប្រសិនបើករណី ជនជាប់ចោទមិនព្រមបង់ប្រាក់ផាកពិន័យនោះ អាចនឹងត្រូវជាប់ទោសបន្ថែម១ខែទៀត។
ការឃុំខ្លួនប្រធានក្រុមនាវារូបនេះ បានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីអាជ្ញាធរទីក្រុងហ្សាកាតា បានឃុំខ្លួននាវិក១៩នាក់ទៀត ដើម្បីសាកសួរ ដែលជាការឆ្លើយតបនឹងសំណើរបស់កម្ពុជា បានចោទថា នាវា MT Strovols ដែលគ្រប់គ្រងដោយក្រុមហ៊ុន World Tankers Management ថាបានលួចប្រេង ទើបបូមបាន ពីកម្ពុជា ប្រមាណជិត៣០ម៉ឺនប៉ារ៉ែល។
បើតាមលោក Harry Goldenhardt អ្នកនាំពាក្យស្នងការដ្ឋានប៉ូលិសខេត្ត Riau Islands ប្រទេសឥណ្ឌូនេស៊ី បានបញ្ជាក់ថា ក្រុមនាវិកទាំងនោះ ត្រូវបានសាកសួរដោយមន្រ្តីប៉ូលិសអន្តរជាតិ តាំងពីថ្ងៃសៅរ៍ (ទី២៥ ខែកញ្ញា ឆ្នាំ២០២១)។ អ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា «ការសាកសួរ គឺផ្អែកតាមសំណើរបស់រដ្ឋាភិបាលកម្ពុជា និងលិខិតរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលចង់ឱ្យចាប់ខ្លួនក្រុមនាវិក និងបញ្ជូននាវា និងនាវិកទាំងនោះបញ្ជូនមកកម្ពុជាវិញ»។
អាជ្ញាធរឥណ្ឌូនេស៊ី កាលពីចុងខែសីហា កន្លងមក បានឃាត់កប៉ាល់ដឹកប្រេងពីកម្ពុជា MT Strovols និងឃាត់ខ្លួនក្រុមនាវិកជាច្រើននាក់ បន្ទាប់ពីពួកគេបានលួចដឹកប្រេងឆៅ ដែលទើបបូមបានពីកម្ពុជា ប្រមាណជិត៣០ម៉ឺនប៉ារ៉ែល។
នាវា MT Strovolos ត្រូវបានបញ្ជាដោយក្រុមហ៊ុន World Tankers Management Pte Ltd នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ឲ្យចាកចេញពីកម្ពុជានៅម៉ោង៨និង០០ល្ងាច ទៅកាន់ដែនទឹកថៃ ដោយយកប្រេងឆៅរបស់កម្ពុជា ទៅជាមួយផងដែរ។ ចំពោះការចាកចេញរបស់នាវា MT Strovolos បានធ្វើឡើង ដោយមិនបានឆ្លងកាត់នីតិវិធីប្រតិវេទន៍គយ និងដោយគ្មានការអនុញ្ញាតណាមួយ ពីសំណាក់អាជ្ញាធរកម្ពុជាឡើយ ដែលផ្ទុយនឹងច្បាប់កម្ពុជា។
ក្រសួងរ៉ែ និងថាមពល កាលពេលកន្លងទៅបានសុំជំនួយ ពីរដ្ឋាភិបាលឥណ្ឌូនេស៊ី ដើម្បីនាំខ្លួនជនល្មើសមកផ្តន្ទាទោស និង យកប្រេងឆៅដែលជាទ្រព្យសម្បត្តិរបស់កម្ពុជាត្រឡប់មកវិញ ស្របតាមច្បាប់ជាតិរបស់ប្រទេសទាំងពីរ និងច្បាប់អន្តរជាតិ ដោយសារតែក្រោយពីនាវានេះ បានចាកចេញពីកម្ពុជា មិនដែលបានបង្ហាញឆន្ទៈ ក្នុងការវិលត្រឡប់ ឬដឹកប្រេងមកកម្ពុជាវិញឡើយ។
សូមជម្រាប KrisEnergy ជាក្រុមហ៊ុនទទួលបានសិទ្ធិរុករក និងបូមប្រេងនៅប្លុក A ក្នុងដែនសមុទ្រកម្ពុជា បានចាប់ផ្តើម បូមប្រេងជាលើកដំបូង កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ នៅខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុននេះបានប្រកាសថា ខ្លួនមានបំណុលជាច្រើន ដែលមិនអាចមានលទ្ធភាពសងនោះឡើយ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

