រដ្ឋធានីវ៉ាស៊ីនតោន ៖ មេទ័ពកំពូលៗរបស់សហរដ្ឋអមេរិក បានថ្លែងប្រាប់ដល់សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋថា ពួកគេបានផ្ដល់យោបល់ដល់ប្រធានាធិបតីសហរដ្ឋអាមេរិក ឲ្យរក្សាកងទ័ព ចំនួន ២ ៥០០នាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្ដែលោក ចូ បៃដិន មិនព្រមស្ដាប់ ហើយនៅតែសម្រេចចិត្ដ ដកកងទ័ពសហរដ្ឋអាមេរិក ចេញពីទឹកដីអាហ្វហ្គានីស្ថាន ទើបធ្វើឲ្យរដ្ឋាភិបាលរបស់លោក Ashraf Ghani ដួលរលំ ទាំងកងទ័ពសហរដ្ឋអាមេរិក មិនទាន់ដើរចេញផុត ហើយបង្កឲ្យការអាម៉ាស់យ៉ាងខ្លាំងបែបនេះ។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ថា ឧត្ដមសេនីយ៍កំពូលៗរបស់ហរដ្ឋអាមេរិក បាននិយាយថា ពួកគេបានផ្ដល់យោបល់ដល់លោក ចូ បៃដិន ប្រធានាធិបតី សហរដ្ឋអាមេរិក ឲ្យរក្សាកងទ័ព ចំនួន២ ៥០០នាក់ នៅលើទឹកដីអាហ្វហ្គានីស្ថាន មុនពេលមានការដកកងទ័ពទាំងស្រុង ចេញពីប្រទេសអាស៊ីកណ្ដាលមួយនេះ។ ប៉ុន្ដែលោក ចូ បៃដិន ប្រធានាធិបតី នៅតែបន្ដចង់ដកកងទ័ពអាមេរិកចេញទាំងអស់ ទើបមានហេតុការណ៍បែបនេះ កើតឡើង នៅអាហ្វហ្គានីស្ថាន។
លោកឧត្ដមសេនីយ៍ Mark Milley និងលោកឧត្ដមសេនីយ៍ Frank McKenzie បានផ្ដល់សក្ខីកម្មដល់សភាជាតិអាមេរិក ហាក់បីដូចជាមានការផ្ទុយគ្នាស្រឡះពី លោក ចូ បៃដិន ប្រធានាធិបតី ដែលបានបញ្ជាក់ថា គាត់មិនបានទទួលការផ្ដល់យោបល់ណាមួយពីមេទ័ពកំពូលៗ។ តាលីបង់ បានវាយដណ្ដើម កាន់កាប់យ៉ាងលឿន ដូចផ្លេកបន្ទោរ រហូតគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន ស្ទើរទាំងស្រុង កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ក្រោយពេលប្រធានាធិបតី សហរដ្ឋអាមេរិក ប្រកាសដកកងទ័ពរបស់ខ្លួន ចេញពីទឹកដីអាស៊ីកណ្ដាលមួយនេះ។

លោកឧត្ដមសេនីយ៍ Mark Milley បានបញ្ជាក់ថា សហរដ្ឋអាមេរិក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការដួលរលំរបស់រដ្ឋាភិបាល គាំទ្រដោយលោកខាងលិច នៅអាហ្វហ្គានីស្ថាន ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក Ashraf Ghani ។
គណៈកម្មាធិការកិច្ចការយោធារបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ចោទសួរទៅលើឧត្ដមសេនីយ៍កំពូល ចំនួន២រូប គឺលោកឧត្ដមសេនីយ៍ Mark Milley និងលោកឧត្ដមសេនីយ៍ Frank McKenzie ជាមួយនឹងលោក Lloyd Austin រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក។ សវនាការនេះ បានកើតឡើង ប៉ុន្មានសប្តាហ៍ ក្រោយការដកទ័ពសហរដ្ឋអាមេរិក ចេញ ហើយបង្កឲ្យការច្របូកច្របល់ នៅព្រលានយន្តហោះទីក្រុងកាប៊ូលខណៈមហាអំណាចបរទេស បានព្យាយាម ធ្វើឱ្យពលរដ្ឋរបស់ពួកគេ វិលត្រឡប់មកផ្ទះវិញហើយប្រជាជនអាហ្វហ្គានរាប់ពាន់នាក់ដែលអស់សង្ឃឹម បានអង្វរសុំការឲ្យជួយសង្គ្រោះ។

ស្ថិតក្នុងភាពច្របូលច្របល់នោះ ក៏មានការវាយប្រហារអត្ដឃាត បណ្ដាលឲ្យមនុស្ស១៨២នាក់បាត់បង់ជីវិត នៅក្នុងអំឡុងពេលប្រតិបត្ដិការដកកងទ័ពនោះ។ ហេតុការណ៍នោះក៏បានបណ្ដាលឲ្យកងទ័ពអាមេរិក ចំនួន១៣នាក់បាត់បង់ជីវិត ហើយយ៉ាងហោច ពលរដ្ឋអាហ្វហ្គានីស្ថាន១៦៩នាក់បាត់បង់ជីវិត នៅឯច្រកចូលអាកាសយានដ្ឋានអន្ដរជាតិទីក្រុងកាប៊ូល កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។
លោកឧត្ដមសេនីយ៍ McKenzie ប្រមុខបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក ដែលត្រួតពិនិត្យលើការដកកងទ័ព ចេញពីប្រទេសអាហ្វហ្គានីស្ថាន បានឆ្លើយនឹងសំណួរ ពីព្រឹទ្ធសមាជិក នៃគណបក្សសាធារណរដ្ឋ ដោយលោកឧត្ដមសេនីយ៍ បានផ្ដល់យោបល់ឲ្យរក្សាកងទ័ពចំនួន ២ ៥០០នាក់ នៅលើទឹកដីអាហ្វហ្គានីស្ថាន។ ការលើកឡើងខាងលើនេះ គឺផ្ទុយគ្នាស្រឡះពីលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ថា មិនបានទទួលការផ្ដល់យោបល់ណាមួយនោះឡើយ។

សហរដ្ឋអាមេរិក បានចំណាយលុយ ប្រហែល២ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការធ្វើសង្គ្រាមផ្ដួលរំលំរបបរបស់តាលីបង់ ដែលគ្រប់គ្រង អាហ្វហ្គានីស្ថាន ចន្លោះពីឆ្នាំ១៩៩៦-២០០១ ដើម្បីបំបែកជំរំហ្វឹកហ្វឺន បណ្ដេញភេរវកម្មរបស់អង្គការអាល់កៃដា ដឹកនាំដោយលោក អូសាម៉ា ប៊ីឡាដិន។ ប៉ុន្ដែការចំណាយថវិកាជាតិដ៏ច្រើនសន្ធឹកសន្ធាប់របស់សហរដ្ឋអាមេរិក អាយុជីវិតទាហានអាមេរិក ជាង២ ០០០នាក់ និងពលរដ្ឋអាហ្វហ្គានីស្ថាន រាប់ម៉ឺននាក់នោះ ទទួលបានលទ្ធផលមកវិញ មានតែទទេ ព្រោះក្រុមប្រដាប់អាវុធដ៏ឃោរឃៅតាលីបង់ បានវិលត្រឡប់មកគ្រប់គ្រង ប្រទេសអាហ្វហ្គានីស្ថាន ៕ រក្សាសិទ្ធិដោយ៖សារាយSN








