Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រដ៏សំខាន់ តភ្ជាប់ក្នុងតំបន់ ទៅកាន់ពិភពលោក

ខេត្តកំពត ៖ ក្នុងឱកាសដឹកនាំក្រុមមន្ត្រីចុះត្រួតពិនិត្យសកម្មភាពសាងសង់ «កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត» ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបង្ហាញចក្ខុវិស័យថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះ នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រដ៏សំខាន់ ក្នុងការធានាសម្រួលដល់ប្រព័ន្ធគមនាគមន៍ជាតិ ស្រូបទាញទេសចរជាតិ-អន្តរជាតិ មកពីបណ្ដាទីទៃនានា ចូលមកទស្សនានៅទីនេះ និងនៅតាមបណ្ដាខេត្តឆ្នេរសមុទ្រផ្សេងទៀត ដូចជា ខេត្តកែប ខេត្តព្រះសីហនុ និងកោះកុង, នឹងបន្តទៅកាន់បណ្ដាប្រទេសផ្សេងទៀត នៅលើពិភពលោក។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា កំពង់ផែនេះ នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់ តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់បណ្តាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពត នៃប្រទេសកម្ពុជា ទៅកាន់ពិភពលោក។ តាមរយៈកំពង់ផែនេះ នឹងជួយជំរុញបន្ថែមលើការអភិវឌ្ឍទេសចរណ៍ និងផ្នែកពាក់ព័ន្ធនានានៅខេត្តកំពត រមណីយដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជា។

សូមបញ្ជាក់ថា កំពង់ផែនេះ ធ្វើឡើងតាមបែបរចនាសម្ព័ន្ធស្តង់ដាអន្តរជាតិ និងជាកំពង់ផែសម្រាប់អ្នកដំណើរ (មិនមែនជាកំពង់ផែទំនិញឡើយ) គឺជាកំពង់ផែទេសចរណ៍អន្តរជាតិ ដែលគ្រោងនឹងអាចផ្ទុកភ្ញៀវទេសចរ និងអ្នកដំណើរប្រមាណ ១ លាននាក់។

គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនេះ ជាគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ, ការសាងសង់កំពង់ផែនេះស្ថិតក្រោមការគ្រប់គ្រង ដោយអង្គភាពអនុវត្ត អនុគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ចូន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×