ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹង នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឲ្យដឹងថា ក្រសួងមានបើកលក់ចែកចាយឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ប្រភេទថ្មី, ឧបករណ៍នេះមានឈ្មោះថា « Asan Easy Tast និង Wondfo» ។

ខ្លឹមសារ សេចក្ដីជូនដំណឹង ឱ្យដឹងទៀតថា ឧបករណ៍តេស្តរហ័សមួយប្រភេទឈ្មោះ Asan Easy Tast ផលិតនៅប្រទេសកូរ៉េ ជាប្រភេទត្បារយកសំណាកពីក្នុងរន្ធច្រមុះ ដោយក្នុង១ប្រអប់ មាន២៥ដើម ហើយក្នុង១ដើម តម្លៃ ២.៩ដុល្លារ។ រីឯមួយប្រភេទទៀតឈ្មោះ Wondfo ជាផលិតនៅប្រទេសចិន ប្រភេទត្បាររាក់ៗយកសំណាកពីក្នុងរន្ធច្រមុះ ដោយក្នុង១ប្រអប់ មាន២០ដើម ហើយក្នុង១ដើម តម្លៃត្រឹមតែ ២ដុល្លារប៉ុណ្ណោះ។
សូមបញ្ជាក់ថា ការប្រកាសលក់ចែកចាយនេះ គឺដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យបានទាន់ពេលវេលា និងដើម្បីសន្សំសំចៃការចំណាយ, ដូច្នេះ ក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន អាចបញ្ជាទិញចាប់ពីមួយប្រអប់ឡើងទៅនូវឧបករណ៍ទាំងពីរប្រភេទថ្មីនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN













