Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តមណ្ឌលគិរី ៖ ចំណុចដាក់ដាំ និងដាក់មីល មិនទាន់បានឯកភាពគ្នា តែភាគីខាងវៀតណាម បានខិតចូលស្ទើរតែដល់ចំណុចសូន្យ

មណ្ឌលគិរី ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា “នៅតាមបន្ទាន់ព្រំដែនកម្ពុជាវៀតណាម ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី មានចំណុចដាក់ដាំ និងដាក់មីល មិនទាន់បានឯកភាពគ្នានៅឡើយ ហើយសង្កេតឃើញថា ភាគីខាងវៀតណាម បានខិតចូលស្ទើរតែដល់ចំណុចសូន្យ”។ អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា “ភាគីកម្ពុជា មិនហ៊ានទៅប៉ះពាល់ចំណុចហាមឃាត់នោះទេ”។

បើតាមប្រភពពីរដ្ឋបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្ដម ងី ច័ន្រ្ទផល អមដំណើរដោយ ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ព្រមទាំងលោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្ត រួមទាំងមន្ត្រីរាជការ បានអញ្ជើញចុះសួរសុខទុក្ខ ដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១ និង៣០៣ ក្នុងឪកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១ ស្ថិតនៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា “នៅតាមបន្ទាន់ព្រំដែនកម្ពុជាវៀតណាមប្រវែងជាង៣០០គីឡូម៉ែត្រ មានតំបន់ជាច្រើនបានឯកភាពរួចហើយ ប៉ុន្តែមានចំណុចដាក់ដាំ និងដាក់មីល មិនទាន់បានឯកភាពគ្នានៅឡើយ ហើយសង្កេតឃើញថា ភាគីខាងវៀតណាម បានខិតចូលស្ទើរតែដល់ចំណុចសូន្យ ខណៈភាគីកម្ពុជាមិនហ៊ានទៅប៉ះពាល់ចំណុចហាមឃាត់នោះទេ”។

ឯកឧត្ដម អភិបាលខេត្តមណ្ឌលគិរីបន្តថា “ក្រោយពេលមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ តាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ភាគីវៀតណាម បានបោះតង់ចំនួន១៤កន្លែង ក្រោមហេតុផលថាទប់ស្កាត់ជំងឺកូវីដ១៩ ប៉ុន្តែទីតាំងទាំងអស់នោះបានឯកភាពរួចហើយ ឯកឧត្ដម ក៏បានបញ្ជាឲ្យកម្លាំងនគរបាលព្រំដែននៅតាមចំណុចទាំងនោះ យាមកាមគ្រប់ ពេលវេលា នឹងត្រូវធ្វើការហាមឃាត់ភ្លាមប្រសិនមានការបំពាន ធ្វើយ៉ាងណាការពារឲ្យបាននូវបូរណភាពទឹកដីរបស់កម្ពុជា”។

ឯកឧត្ដម ស្វាយ សំអ៊ាង បានមានប្រសាសន៍ទៀតថា នៅអំឡុងពេលកូវីដ-១៩នេះ កម្ពុជាមិនទាន់មានករណីឆ្លងកូវីដ១៩ពីប្រទេសវៀតណាមទេ ចំណែកការដោះដូរទំនិញគ្នា គឺធ្វើឡើងនៅចំណុចសូន្យ តាមបណ្ដាច្រកទ្វារព្រំដែនទ្វេរភាគី។

ឯកឧត្ដម បានដាក់បទបញ្ជាម៉ឺងម៉ាត់ ឲ្យកម្លាំងនគរបាលព្រំដែន តាមពិនិត្យមើលបង្គោលព្រំដែន ដែលឯកភាពរួចហើយ ក្រែងមានការដួលរលំ ឬបាក់ស្រុត ដែលធ្វើឲ្យបាត់តម្រុយបង្គោលព្រំដែន ករណីបែបនេះត្រូវរាយការណ៍បន្ទាន់ ដើម្បីភាគីកម្ពុជា-វៀតណាម អាចដោះស្រាយបញ្ហាបានទាន់ពេលវេលា។

ឯកឧត្ដម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ដែរថា ក្រសួងមហាផ្ទៃ នឹងរៀបចំការប្រជុំមួយតាមប្រព័ន្ធZOOM ជាមួយភាគីប្រទេសវៀតណាម ដើម្បីលើកឡើងអំពីរបាយការណ៍ ស្ថានភាពព្រំដែនដែលអាជ្ញាធរខេត្តមណ្ឌលគិរី បានរាយការណ៍នៅពេលនេះ ដើម្បីរកដំណោះស្រាយរួមគ្នា។

ឯកឧត្ដមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បន្តថា រាល់សំណូមទាំងអស់របស់ កងកម្លាំងនគរបាលការពារព្រំដែន លើកឡើងនាពេលនេះ មានការស្នើសុំសាងសង់ប៉ុស្តិ៍ការពារព្រំដែនបន្ថែម ឯកឧត្ដម ទទួលយក នឹងធ្វើរបាយការណ៍ ជូនសម្ដេចក្រឡាហោម ដើម្បីសម្រេច។ ឯកឧត្ដម ងី ច័ន្ទ្រផល បានដាក់វិធានការឲ្យកម្លាំងនគរបាលត្រូវការពារតំបន់ព្រំដែន ដែលមិនទាន់ឯកភាព និងថែរក្សាតំបន់ដែលឯកភាពគ្នារួចហើយ៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×