ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ចង់ឃើញក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក មកវិនិយោគនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ដូចជាផ្លូវជាតិលេខ៤ ដែលសាងសង់ឡើង ដោយសហរដ្ឋអាមេរិក នាពេលកន្លងមក។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងបែបនេះ ក្នុងឱកាសទទួលជួបសម្តែងការគួរសម ពីសំណាក់ឯកឧត្ដម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង។
ជាកិច្ចចាប់ផ្តើមនៃជំនួបក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក អំពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាបក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឱ្យបាន ប្រសើរឡើង ដើម្បីត្រៀមបើកប្រទេសសាជាថ្មីឡើងវិញ នៅពេលស្ថានភាពជំងឺកូវីដ-១៩បានធូរស្បើយ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គំនិតផ្តួចផ្តើមកំណែទម្រង់បច្ចុប្បន្ន របស់ក្រសួងប្រកបដោយជោគជ័យតាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ការចេញបណ្ណបើកបរ ការប្រឡងយកបណ្ណបើកបរ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងគម្រោងអភិវឌ្ឍកំពង់ផែទឹកជ្រៅក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរ អំពីការចុះអនុស្សារណៈយោគយល់ រវាងវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនជាមួយនឹងវិស័យឯកជន និងសាកលវិទ្យាល័យចិនមួយចំនួន ក្នុងការពង្រឹងធនធានមនុស្សលើវិស័យបច្ចេកទេសសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ស្ពានថ្នល់ ការបញ្ចប់ការកសាងផែនការមេជាតិភស្តុភារកម្មកម្ពុជា និងបានស្នើឱ្យភាគីអាមេរិក ជួយផ្ដល់គ្រូបង្រៀន និងសហការគ្នាលើការពង្រឹងសមត្ថភាពវិស្វករ ដើម្បីកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ អាចកសាងផ្លូវថ្នល់ស្ពានដោយខ្លួនឯងបាន។
ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីអាមេរិកជួយផ្ដល់សម្ភារៈបច្ចេកទេស ដើម្បីពង្រឹងគុណភាពផ្លូវថ្នល់កម្ពុជា និងចង់ឃើញក្រុមហ៊ុន របស់សហរដ្ឋអាមេរិកមកវិនិយោគ នៅកម្ពុជាដើម្បីចូលរួមអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ដូចជាផ្លូវជាតិលេខ៤ ដែលសាងសង់ឡើង ដោយសហរដ្ឋអាមេរិកនាពេលកន្លងមក និងជាពិសេសចង់ឃើញសហរដ្ឋអាមេរិក ផ្ដល់ជំនួយបច្ចេកទេស ជាសម្ភារៈបរិក្ខារសម្រាប់ខួង ពិនិត្យមើលគុណភាពផ្លូវផងដែរ។
ឯកឧត្ដមឯកអគ្គរដ្ឋទូត ក៏បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ ក្រសួង ព្រមទាំងបង្ហាញចំណាប់អារម្មណ៍ ក្នុងការពង្រឹង និងពង្រីកកិច្ចសហការថែមទៀត ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន។
ក្រោយជំនួបសម្តែងការគួរសមរួចមក ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិច ចុះពិនិត្យមើលទីតាំង និងសម្ភារៈបរិក្ខារសម្រាប់ការផ្ដល់សេវាសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាចុះពិនិត្យមើលអាគារវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងទីតាំងសំខាន់ៗផ្សេងទៀតរបស់ក្រសួង៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ






