ភ្នំពេញ ៖ តុលាការឧទ្ធរណ៍ភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣០ ខែ កញ្ញ ឆ្នាំ២០២១ បានបើកសវនាការប្រកាសសាលដីកា លើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទ ០២ នាក់ ប្តីប្រពន្ធ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារកំណត់ ម្នាក់ៗ ០៧ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើស សព្ចារកម្ម មានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្តិនៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២០។
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានសម្រេចតម្កល់សាលក្រមរបស់តុលាការរាជធានីភ្នំពេញ រក្សាទុកជាបានការដដែល និង រក្សាទណ្ឌកម្មរបស់ពួកគេ ឲ្យជាប់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់០៧ ឆ្នាំដដែល តែបើកផ្លូវឱ្យពួកគេប្តឹងសាទុក្ខនឹងដីកាខាងលើ ទៅកាន់តុលាការកំពូល តាមច្បាប់កំណត់។
លោកស៊ិន វិសាល ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍ភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ ប្តីប្រពន្ធ ០២ នាក់ខាងលើ មានឈ្មោះ សឹក សុភាពភេទប្រុស អាយុ ៤១ឆ្នាំ និង ប្រពន្ធ ឈ្មោះ កប សុផាតអាយុ ៣៨ ឆ្នំា។

ពួកគេទាំង០២ ត្រូវបាន សមត្ថកិច្ចនគរបាលឃាត់ខ្លួនកាលពីថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នំា ២០២០ នៅត្រង់ក្នុងចំណុចហាងរបស់ពួកគេ ដែលមានទីតាំងស្ថិតក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកចៅក្រមបានថ្លែងថា នៅក្នុងសំណុំរឿងក្តីខាងលើនេះ, ពួកគេត្រូវបានតុលាការរាជធានីភ្នំពេញ កាលពីខែសីហាឆ្នាំ ២០២០ កាត់ទោសដាក់ពន្ធនាគា ក្នុងម្នាក់ៗកំណត់ ០៧ ឆ្នាំ តែពួកគេបានប្តឹងខ្ទាស់មកកាន់សាលាឧទ្ធរណ៍។
គួររំលឹកថា នៅពេលសវនាការ កាលពីថ្ងៃទី ០៧ ខែ កញ្ញា, ជនជាប់ចោទទាំង០២នាក់ ប្តីប្រពន្ធ បានឆ្លើយបដិសេធចំពោះបទចោទប្រកាន់ខាងលើ និង និយាយថា ពួកគេមិនប្រព្រ្តឹត្តិអ្វី ដូចការចោទប្រកាន់នោះទេ។
ពួកគេនិយាយទៀតថា ពួកគាត់ ក៏មិនបានដឹង ឬយកលុយពីក្មេងស្រីៗ ដែលធ្វើការជាមួយខ្លួន ឬ ទទួលបានកុំមីស្យុង លុយកាក់ពីពួកនាងៗនោះ ដែរ។
ពួកគេ បានសុំឲ្យតុលាការឧទ្ធរណ៍ មេត្តាលើកការចោទប្រកាន់ និង សម្រេចដោះលែងខ្លួន ឲ្យមានសេរីភាពវិញ
ដើម្បី ឆាប់បានវិលត្រឡប់ទៅមើលថែទាំ កូនតូចៗ ដែលកំពុងតែកំព្រាមេបាវិញ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

