កោះកុង ៖ នាថ្ងៃនេះ សាលាដំបូងខេត្តកោះកុង បានផ្ដន្ទាទោសលោក យួន ឈីវ ដែលជាចាងហ្វាងការផ្សាយ គេហទំព័រកោះកុងទាន់ហេតុការណ៍ (www.kohkonghotnews.com) ពីបទញុះញង់ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។ រយៈពេលតិចជាង ៧២ម៉ោង ក្រោយពីការឃាត់ខ្លួន លោកត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល ១ឆ្នាំ ។

ការផ្ដន្ទាទោសនេះ បានធ្វើឡើងបន្ទាប់ពីមានការណែនាំរបស់សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីឱ្យស៊ើបអង្កេតលើលោក យួន ឈីវ ជុំវិញការចោទប្រកាន់ថាលោក បានបង្ហោះព័ត៌មានដែលមានលក្ខណៈខុសពីការពិត អំពីការពាក់ព័ន្ធរបស់ឯកឧត្តម អភិបាលរងខេត្តកោះកុង នៅក្នុងវិវាទដីធ្លីមួយនៅខេត្តកោះកុង ។
លោក យួន ឈីវ ត្រូវបាននគរបាលស្រុកបទុមសាគរកោះហៅទៅសាកសួរកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ហើយលោកបានបង្ហាញវត្តមានទៅឆ្លើយបំភ្លឺដោយផ្ទាល់ ។ លោកបានធ្វើលិខិតសុំអភ័យទោស ចំពោះឯកឧត្ដមអភិបាលរងខេត្ត និងបានយល់ព្រមលុបចោលអត្ថបទ ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក មុនពេលករណីរបស់លោកត្រូវបានបញ្ជូនទៅតុលាការ ម្សិលមិញនេះ ។ សំណុំរឿងរបស់លោកត្រូវបានជំនុំជម្រះថ្ងៃនេះ ដោយពុំមានការបើកការស៊ើបអង្កេតតាមផ្លូវច្បាប់ ដោយផ្អែកលើហេតុផលថា លោកត្រូវបានចាប់ខ្លួនក្នុងពេលប្រព្រឹត្តបទល្មើសជាក់ស្ដែង ៕
សូមបញ្ជាក់ថា មានផេកហ្វេសប៊ុកឈ្មោះ Koh Kong Hot News ដែលបានផ្សាយវីដេអូ ដោយដាក់ចំណងជើងថា «លោក សុខ សុទ្ធី (អភិបាលរងខេត្តកោះកុង) ឃោឃៅបំផុតធ្វើបាបពលរដ្ឋ»។ សម្តេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកថា នេះជាព័ត៌មានខុសពីការពិត មិនគ្រប់ជ្រុងជ្រោយ និងបង្កភាពចលាចលក្នុងសង្គម។
តាមរយៈសារសំឡេងដែលបណ្តាញព័ត៌មាន ទទួលបាន គឺសម្តេចពិជ័យសេនា បានបញ្ជាយ៉ាងដូច្នេះថា៖ «ធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរ និងពិភាក្សាជាមួយអ្នកច្បាប់ ធ្វើរឿងហ្នឹងឲ្យបានឆាប់រហ័សទាន់ពេលវេលា»។

កាលពីនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ គណនីហ្វេសប៊ុកឈ្មោះ យួន ឈីវ បានចុះផ្សាយអត្ថបទដោយមានខ្លឹមសារថា លោក សុខ សុទ្ធី មិនព្រមធ្វើតាមប្រមុខរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ហើយអាជ្ញាធរខេត្តកោះកុង ដឹកនាំដោយ លោក សុខ សុទ្ធី មកកាប់ដំណាំ និងផ្ទះប្រជាពលរដ្ឋ គ្មានញញើតដៃ បន្ទាប់ពីអនុក្រឹត្យលេខ៣០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។
ចំពោះករណីខាងលើ អាជ្ញាធរខេត្តកោះកុង ក៏បានច្រានចោលផងដែរ។ អាជ្ញាធរខេត្តកោះកុង បញ្ជាក់ថា ការចុះផ្សាយ និងផ្សព្វផ្សាយព័ត៌មាន របស់អ្នកសារព័ត៌មានឈ្មោះ យួន ឈីវ នេះ គឺជាការចុះផ្សាយព័ត៌មានគ្មានមូលដ្ឋានច្បាស់លាស់ ខុសពីការពិត ខ្វះវិជ្ជាជីវៈ ខ្វះក្រមសីលធម៌ជាអ្នកសារព័ត៌មាន ហើយការចុះផ្សាយព័ត៌មាននេះ មានចេតនា បង្កាច់បង្ហូចកេរ្តិ៍ឈ្មោះ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស រដ្ឋបាលខេត្ត ធ្វើឱ្យសាធារណជនមានការយល់ច្រឡំ និងបង្កភាពចលាចលក្នុងសង្គម។
មូលហេតុដែលនាំឱ្យអ្នកសារព័ត៌មានឈ្មោះ យួន ឈីវ ចុះផ្សាយបែបនេះ គឺដោយសារ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមការងាររដ្ឋបាលខេត្តកោះកុង ដោយមានការចូលរួមសហការពីមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងស្ថាប័នអយ្យការអមសាលាដំបូងខេត្តកោះកុង បានចុះអនុវត្តវិធាន រដ្ឋបាលនៅចំណុចអូរយ៉ូយ៉ា ចំណុចខ្មោច ៤នាក់ ស្ថិតនៅភូមិចម្លងគោ និងចំណុចព្រែករាក់ ចំណុចព្រែកគល់ ស្ថិតនៅភូមិចម្ការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង គឺដោយសារនៅទីតាំងទាំងនេះ មានការចូលទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ពីសំណាក់ជនខិលខូច ហើយនៅទីតាំងដែលរដ្ឋបាលខេត្តចុះអនុវត្តវិធានរដ្ឋបាលនេះ គឺជាទីតាំងដីស្ថិតនៅក្នុងឧទ្យានជាតិបូទុមសាគរ ខេត្តកោះកុង មិនមែនស្ថិតនៅក្នុងអនុក្រឹត្យលេខ៣០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ឡើយ។
មុននឹងរដ្ឋបាលខេត្តកោះកុង ចុះអនុវត្តវិធានរដ្ឋបាលនៅទីតាំងទាំងនេះ រដ្ឋបាលស្រុកបូទុមសាគរ បានចេញលិខិតជូនដំណឹងចំនួន ២ដង ឱ្យបុគ្គលទាំងឡាយណាដែលមានជាប់ពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ សាងសង់ខ្ទមអនាធិបតេយ្យ ក្នុងតំបន់ការពារធម្មជាតិនៃឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង ឱ្យធ្វើការរុះរើផ្ទះ ខ្ទម រោងចាំចំការទាំងឡាយ ចេញពីទីតាំងដីនេះដោយខ្លួនឯង ប៉ុន្តែបុគ្គលទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ទាំងនោះ រឹងទទឹងមិនព្រមសហការអនុវត្តតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរ។
ម្យ៉ាងទៀត ក្នុងចំណោមបុគ្គលដែលទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ហើយត្រូវបានរដ្ឋបាលខេត្តកោះកុងអនុវត្តវិធានរដ្ឋបាល ក្នុងនោះក៏មានបុគ្គលឈ្មោះ យួន ឈីវ ដែលជាអ្នកសារព័ត៌មាននេះផងដែរ ទើបបណ្តាលឱ្យបុគ្គលនេះខំប្រឹងផ្សាយព័ត៌មានបំភ្លៃការពិតដូច្នេះ៕រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

