ភ្នំពេញ ៖ ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសូមជនរួមជាតិយើងទាំងអស់ មេត្តារួមគ្នាជួយបីបាច់ថែរក្សាមនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង ឱ្យមានកន្លែងស្នាក់នៅបានសមរម្យតាមសហគមន៍នីមួយៗ ដោយអាចកសាងជាមណ្ឌលមនុស្សចាស់ ជាពិសេសនៅទីវត្តអារាម វិហារសាសនាដែលអាចជួយផ្តល់ជាទីជម្រកឬអាហារទៅតាមលទ្ធភាពដែលអាចធ្វើបាន។

ក្នុងសារលិខិត សម្តេចតេជោ បានមានប្រសាសន៍ថា ថ្ងៃនេះប្រជាជាតិកម្ពុជាមានសេចក្តីរីករាយដោយ បានចូលរួមជាមួយប្រជាជាតិទូទាំងពិភពលោកប្រារព្ធពិធី អបអរសាទរ «ទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១ ខែតុលា ឆ្នាំ២០២១»។ ខ្ញុំសូមសម្តែងនូវអំណរសាទរយ៉ាងស្មោះស្ម័គ្រជាមួយលោកតា លោកយាយ ព្រឹទ្ធាចារ្យ និងបងប្អូនជនរួមជាតិទាំងអស់ ព្រមទាំងប្រជាជាតិទូទាំងពិភពលោកក្នុងឱកាសនៃទិវា មនុស្សចាស់ឆ្នាំនេះ ក្រោមប្រធានបទ «ចូលរួមគាំទ្រថែទាំសុខុមាលភាពមនុស្សចាស់ គឺជាកត្តាដ៏សំខាន់ក្នុង ការអនុវត្តប្រព័ន្ធគាំពារសុខុមាលភាពមនុស្សគ្រប់វ័យក្នុងសង្គមជាតិនៅកម្ពុជា» ដែលជាទិវាមួយសម្រាប់រំលឹក គុណដល់មនុស្សវ័យចាស់កម្ពុជា ក៏ដូចជាមនុស្សវ័យចាស់នៅទូទាំងសកលលោក និងលើកកម្ពស់មនសិការ ទទួលខុសត្រូវរបស់យើងក្នុងការចូលរួមកសាងសង្គមជាតិមួយដែលមានការយកចិត្តទុកដាក់កាន់តែខ្ពស់ចំពោះ សុខុមាលភាពរបស់ប្រជាជនគ្រប់វ័យ ពិសេសចំពោះមនុស្សវ័យចាស់។ ជារៀងរាល់ឆ្នាំ ការប្រារព្ធទិវាមនុស្ស ចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលាគឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជានិងស្របតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។
ដោយឡែកក្នុងឆ្នាំ២០២១នេះ ព្រះរាជាណាចក្រកម្ពុជាពុំបានរៀបចំកម្មវិធីជួបជុំគ្នាដើម្បីប្រារព្ធទិវាមនុស្ស ចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១ ខែតុលា ឱ្យបានអធិកអធមទេ ដោយសារតែបញ្ហាជំងឺកូវីដ-១៩ ដែលនៅបន្តរីករាលដាលយ៉ាងស្រួចស្រាល់ ជាពិសេសនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលតម្រូវឱ្យ មានការចូលរួមសហការទាំងអស់គ្នាក្នុងការទប់ស្កាត់តាមវិធានការរបស់អង្គការសុខភាពពិភពលោកនិងក្រសួង សុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ អស់រយៈពេលជាង១ឆ្នាំមកនេះ ការរីករាលដាលជំងឺកូវីដ-១៩ រួមទាំងវីរុសកូវីដ-១៩បំប្លែងថ្មី បាននិងកំពុងរាតត្បាតយ៉ាងស្រួចស្រាល់និងជះឥទ្ធិពលមកលើសង្គម សេដ្ឋកិច្ច និង ការរស់នៅរបស់ប្រជាជនគ្រប់រូប ពិសេសជនងាយរងគ្រោះដូចជា មនុស្សវ័យចាស់ កុមារ ជនពិការ ស្ត្រី នៅតាម បណ្តាប្រទេសនានាក្នុងពិភពលោក ក្នុងតំបន់ និងក្នុងប្រទេសយើង។

សម្តេចតេជោ សូមសម្ដែងនូវមនោសញ្ចេតនារីករាយថ្លែងនូវសារលិខិតជូនជនរួមជាតិជាទីស្នេហា អំពីឆន្ទៈនិងបុព្វហេតុក្នុងការគោរពដឹងគុណមនុស្សវ័យចាស់ និងលើកកម្ពស់មនសិការរបស់បងប្អូនជនរួមជាតិយើងទាំងអស់ ឱ្យចូលរួមកាន់តែសកម្មដើម្បីឱ្យកូនចៅជំនាន់ក្រោយៗទៀត មើលឃើញពីតម្លៃឥតគណនារបស់មនុស្សវ័យចាស់។ ជារួម ប្រវត្តិសាស្ត្រនិងបទពិសោធនៃសង្គមនីមួយៗបានបង្ហាញឱ្យឃើញថា ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃប្រជាជាតិមួយអាចប្រព្រឹត្តទៅបានប្រកបដោយចីរភាពនិងសមធម៌ ទាមទារឱ្យមានការអភិវឌ្ឍផ្នែកអប់រំ សីលធម៌ គុណធម៌ និងវប្បធម៌អហិង្សា។ ផ្ទុយទៅវិញ ក្នុងសង្គមជាតិមួយដែលមានគុណធម៌និងសីលធម៌ធ្លាក់ចុះ សង្គមជាតិនោះនឹងត្រូវទទួលរងនូវវិបត្តិនិងមហន្តរាយ។ ព្រះរាជាណាចក្រកម្ពុជាយើងមានប្រពៃណី ទំនៀមទម្លាប់ដ៏ល្អ កេរមរតកសម្បត្តិវប្បធម៌ដែលសម្បូណ៌បែបនិងសមិទ្ធផលទាំងឡាយ ហើយត្រូវបានរក្សាគង់វង្ស រហូតមកដល់សព្វថ្ងៃនេះ។ មរតកទាំងអស់នេះកើតចេញពីស្នាដៃ គុណូបការៈ និងការអប់រំប្រៀនប្រដៅប្រកប ដោយគតិបណ្ឌិតនៃបុព្វបុរសនិងចាស់ព្រឹទ្ធាចារ្យរបស់យើង ដែលអាចជាក្សត្រ ប្រជាជន មន្ត្រីរាជការ យុទ្ធជន បព្វជិត គ្រហស្ថ អ្នកអក្សរសាស្ត្រ ភាសាវិទូ សេដ្ឋវិទូ អ្នកស្រាវជ្រាវ សិល្បករ អ្នកច្បាប់ និងអ្នកវិទ្យាសាស្ត្រជាដើម។ ពិតណាស់ថា ក្នុងការប្រតិបត្តិក្នុងសង្គមយើង ប្រជាជនមិនត្រឹមតែមានទម្លាប់គោរពព្រឹទ្ធាចារ្យប៉ុណ្ណោះទ ប៉ុន្ដែថែមទាំងធ្វើឱ្យការគោរពនិងការដឹងគុណមនុស្សចាស់នេះ ក្លាយទៅជាគោលនៃគុណធម៌ដែលបង្កើតបាន ជាវប្បធម៌និងជាប្រពៃណីដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយ ក្នុងការបន្តបុព្វហេតុការពារនិងកសាងប្រទេសជាតិ របស់ខ្លួនទៀតផង។
ជាងនេះទៅទៀត ព្រឹទ្ធឱវាទនិងដំបូន្មានចាស់ទុំគឺជាផ្នែកមួយនៃមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុង ការអប់រំសីលធម៌និងចរិយាធម៌របស់សង្គមជាតិយើង។ នៅក្នុងន័យនេះ ដើម្បីសម្ដែងនូវការដឹងគុណចំពោះគុណូបការៈដ៏ថ្លៃថ្លារបស់មនុស្សវ័យចាស់ ដែលបានបន្សល់ទុកនូវសមិទ្ធផលនិងមរតកជាច្រើននោះ រាជរដ្ឋាភិបាល បានរៀបចំនិងបង្កើតបទដ្ឋានគតិយុត្ត និងគោលនយោបាយជាតិជាបន្តបន្ទាប់ ចាប់ពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មក សំដៅលើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ឱ្យបានល្អប្រសើរឡើង ក្នុងនោះមានជាអាទិ៍ ការផ្តល់ជូននូវរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិត ការបង្កើត មូលនិធិជនពិការ របបគោលនយោបាយចំពោះជនពិការក្រីក្រតាមសហគមន៍។ ក្នុងនោះដែរ រាជរដ្ឋាភិបាលក៏បាន អនុវត្តគោលនយោបាយស្តីពីសុវត្ថិភាពសង្គមសម្រាប់កងកម្លាំងប្រដាប់អាវុធនិងនគរបាលត្រៀមចូលនិវត្តន៍។ រាជរដ្ឋាភិបាលក៏បានបង្កើតគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ដែលជាយន្តការសម្រាប់អនុវត្ត គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ និងមានគម្រោងកម្មវិធីគាំទ្រផ្សេងៗសម្រាប់ជួយ លើកកម្ពស់សុខុមាលភាពមនុស្សវ័យចាស់នៅកម្ពុជា។ ជាក់ស្តែង រាជរដ្ឋាភិបាលក៏បានចេញក្របខ័ណ្ឌ គោលនយោបាយជាតិគាំពារសង្គម និងគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ ផងដែរ។

ក្នុងពេលជាមួយគ្នានេះដែរ សមាគមមនុស្សចាស់និងសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើង ជាបន្តបន្ទាប់ដើម្បីថែរក្សាឧត្តមប្រយោជន៍និងគាំទ្រដល់ស្ថានភាពជីវភាពរស់នៅរបស់មនុស្សវ័យចាស់។ មនុស្ស វ័យចាស់ត្រូវទទួលបាននូវការជួយឧបត្ថម្ភគាំទ្រដោយក្រសួង ស្ថាប័នដែលមានសមត្ថកិច្ច រដ្ឋបាលថ្នាក់ក្រោមជាតិ កាកបាទក្រហមកម្ពុជា សប្បុរសជននានា និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។ សកម្មភាពប្រកបដោយសប្បុរសធម៌ទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីវប្បធម៌ជួយឧបត្ថម្ភគាំទ្រគ្នា និងការរួបរួមគ្នាជួយជ្រោមជ្រែង ដោះស្រាយនូវទុក្ខលំបាករបស់ជនរួមជាតិ ជាពិសេស មនុស្សចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង នៅក្នុង សង្គមជាតិយើង។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្រ្តី សូមសម្តែងនូវ ការកោតសរសើរចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បី មនុស្សចាស់ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលបាននិងកំពុងយកចិត្តទុកដាក់អនុវត្ត គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ និងសូមកោតសរសើរចំពោះកាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ និងសមាគមនានា ដែលបានធ្វើសកម្មភាពគាំទ្រប្រកបដោយ មនុស្សធម៌និងសាមគ្គីធម៌ចំពោះមនុស្សចាស់នៅតាមសហគមន៍នានា។ ជាមួយគ្នានេះដែរ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមកោតសរសើរដល់ស្ថានីយវិទ្យុនិងទូរទស្សន៍បាយ័ន ដែលបានបង្កើតកម្មវិធីផ្ទះទេវតាដើម្បីជួយសាងសង់ផ្ទះ ជូនជនចាស់ជរាក្រីក្រគ្មានទីពឹងបានស្នាក់នៅសមរម្យរាប់រយខ្នងនាពេលកន្លងមក។
អំពើល្អនិងកាយវិការដ៏ល្អប្រពៃដែលខ្លួនយើងបានធ្វើទៅលើអ្នកដទៃ ជាពិសេសជួយមនុស្សចាស់ជរា គឺប្រៀបដូចជាការជួយខ្លួនឯង ពីព្រោះកាយវិការដ៏ល្អប្រពៃដែលបានធ្វើចំពោះមនុស្សជំនាន់មុនគឺពិតជាបាន បន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានរៀនសូត្រ និងត្រងត្រាប់តាមដែលយើងនឹងបានទទួលនូវភាពកក់ក្តៅ ពោរពេញដោយក្តីសង្ឃឹមនិងជឿជាក់ថា កូនចៅជំនាន់ក្រោយនឹងជួយទំនុកបម្រុងបានល្អដូចដែលយើងបាន ទំនុកបម្រុងដល់មនុស្សចាស់ជំនាន់មុនដែរ។
ក្នុងស្មារតីនិងអត្ថន័យដូចបានគូសបញ្ជាក់ខាងលើ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ មនុស្សវ័យចាស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សូមធ្វើការអំពាវនាវដូចតទៅ៖
១-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមបង្កើនការយកចិត្តទុកដាក់និងគាំទ តាមគ្រប់មធ្យោបាយ ដើម្បីលើកស្ទួយសុខុមាលភាពមនុស្សវ័យចាស់ឱ្យបានកាន់តែល្អប្រសើរឡើង។
២-គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ សូមបង្កើនការយកចិត្តទុកដាក់ និងគាំទ្រតាមគ្រប់មធ្យោបាយនៅពេលចុះបំពេញការងារតាមមូលដ្ឋាន សូមឆ្លៀតសួរសុខទុក្ខនិងជួយឧបត្ថម្ភ ដល់ជនចាស់ជរា ជាពិសេសជនចាស់ជរាពិការដែលមានការលំបាកនៅតាមសហគមន៍។
៣-គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រប់អង្គការនានា សូមជួយបង្កលក្ខណៈងាយស្រួល ដល់សមាគមមនុស្សចាស់កម្ពុជាដែលមានស្រាប់ និងសូមជួយបន្តគាំទ្រដល់ការអន្តរាគមជំរុញសកម្មភាពបង្កើត ជួយពង្រឹងនិងពង្រីកសមាគមមនុស្សចាស់នៅតាមសហគមន៍មូលដ្ឋាន ដើម្បីបង្កើនស្មារតីសាមគ្គីជួយគា្នទៅវិញ ទៅមករវាងមនុស្សចាស់ទូទៅនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសមនុស្សចាស់ជរាពិការ មនុស្សចាស់ជរា មានជំងឺ និងមនុស្សចាស់ជរាក្រីក្រគ្មានទីពឹង។
៤-កាកបាទក្រហមកម្ពុជា មូលនិធិស្ថានីយវិទ្យុនិងទូរទស្សន៍ ដៃគូអភិវឌ្ឍ សប្បុរសជន អង្គការមិនមែន រដ្ឋាភិបាល និងអង្គការអន្តរជាតិនានា សូមបន្តបង្កើនសកម្មភាពឧបត្ថម្ភគាំទ្រផ្នែកជំនួយមនុស្សធម៌ ទាំងស្បៀង សម្ភារៈ ថវិកា បច្ចេកទេសសម្រាប់ផ្តល់ សេវាសុខុមាលភាពរបស់មនុស្សវ័យចាស់ ដែលបាននិងកំពុងជួបប្រទះ ការលំបាក ទាំងផ្នែកជីវភាព និងសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត ពិសេសក្នុងដំណាក់កាលនៃការរីករាលដាល ជំងឺកូវីដ-១៩។
៥-សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន សូមបន្តយកចិត្តទុកដាក់ ផ្តល់ការអប់រំសីលធម៌និងទំនៀមទម្លាប់ល្អៗដល់សិស្ស និស្សិតគ្រប់រូបឱ្យចេះគោរពព្រឹទ្ធាចារ្យនិងចេះថែទាំ មនុស្សចាស់ ដែលជាប្រពៃណីដ៏ល្អរបស់ប្រជាជាតិខ្មែរយើង។
៦-គ្រប់គ្រួសារនៅតាមសហគមន៍នីមួយៗ សូមបន្តពង្រឹងនូវសីលធម៌និងទំនៀមទម្លាប់ល្អរបស់ខ្មែរយើង ជាពិសេសត្រូវអប់រំកូនចៅ និងក្មេងជំនាន់ក្រោយឱ្យចេះគោរពដំបូន្មានរបស់មាតាបិតា ជីដូនជីតា និងចេះគោរព ព្រឹទ្ធាចារ្យ។
៧-គ្រប់គ្រួសារនៅតាមសហគមន៍នីមួយៗ លោកយាយ លោកតា មាតា បិតា អាណាព្យាបាលត្រូវអប់រំ ណែនាំកូនចៅ កុំទៅកន្លែងដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ និងត្រូវរក្សាគម្លាត សុខភាព អនាម័យ លាងដៃនឹងទឹកសាប៊ូ ឬទឹកអាកុលឱ្យបានញឹកញាប់ អនុវត្តតាមការណែនាំស្តីពីការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ជាពិសេសអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលន ព្រះរាជាណាចក្រកម្ពុជា ៣ការពារ ៣កុំ និង២ចូលរួម ជាប្រចាំ។
៨-សូមជនរួមជាតិយើងទាំងអស់ មេត្តារួមគ្នាជួយបីបាច់ថែរក្សាមនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង ឱ្យមានកន្លែងស្នាក់នៅបានសមរម្យតាមសហគមន៍នីមួយៗ ដោយអាចកសាងជាមណ្ឌលមនុស្សចាស់ ជាពិសេសនៅទីវត្តអារាម វិហារសាសនាដែលអាចជួយផ្តល់ជាទីជម្រកឬអាហារទៅតាមលទ្ធភាពដែលអាចធ្វើបាន។
៩-គ្រប់ស្ថានីយវិទ្យុនិងទូរទស្សន៍របស់រដ្ឋនិងឯកជន ព្រមទាំងគ្រប់ភ្នាក់ងារព័ត៌មានសូមជួយផ្សព្វផ្សាយ ឱ្យបានទូលំទូលាយនូវស្នាដៃនិងសមិទ្ធផលនានា ដែលមនុស្សវ័យចាស់បានបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ ក៏ដូចជាសម្រាប់សង្គមជាតិទាំងមូល និងផ្សព្វផ្សាយសកម្មភាពនានាដែលបង្ហាញអំពីការយកចិត្តទុកដាក់និង លើកស្ទួយសុខុមាលភាពមនុស្សវ័យចាស់ នៅក្នុងសង្គមកម្ពុជាយើង៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ





