ជាទូទៅ អត្ថប្រយោជន៍របស់រទេះគោខ្មែរ ត្រូវបានគេទទួលស្គាល់ជាសាធារណៈគ្រប់ៗគ្នា តាំងពីសម័យបុរមបុរាណ ដ៏យូរលង់ណាស់មកហើយ ។ ព្រោះថា រទេះគោគឺជាមធ្យោបាយដឹកជញ្ជូនប្រជាប្រិយ៍ តាមផ្លូវគោករបស់ប្រជាជនខ្មែរ ប្រមាណជា២០០០ឆ្នាំមកហើយ ។
ចម្លាក់រទេះគោ, ប្រាសាទបាយ័ន, ថត ២០០១
បើពិនិត្យវិភាគលើរទេះគោខ្មែរ ដែលអ្នកស្រែចំការកំពុងតែប្រើប្រាស់ផ្ទាល់ ស្ទើរតែគ្រប់ទិសទីនៅលើប្រទេសកម្ពុជាបច្ចុប្បន្ននោះ យើងអាចឃើញនូវទេពកោសល្យរបស់មនុស្សខ្មែរ ក្នុងការផលិតកែច្នៃប្រឌិត ជាពិសេសការតុបតែងលំអរបស់បុព្វការីជនខ្មែរ គួរឲ្យចាប់អារម្មណ៍ ។
នៅប្រទេសយើង មានរទេះគោជាច្រើនប្រភេទ ដែលអ្នកស្រុកស្រែចំការខ្មែរបានផលិត និងប្រើប្រាស់ ហើយត្រូវបានគេចាត់ទុកថា ជាកេរ្តិ៍ដំណែលវប្បធម៌រូបីយ៍ ដែលដូនតាបានបន្សល់ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយ ។
រទេះគោ, សៀមរាប (ថត ១៩៩២)
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសចាប់តាំងពី ឆ្នាំ១៩៩៤មក មានការផ្លាស់ប្តូរទម្រង់នៃរទេះគោគួរឲ្យព្រួយបារម្ភក្រៃលែង ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រខ្មែរពីមុនមក ។ នៅក្រោមសម្ពាធនៃទំនើបកម្ម គួបផ្សំទៅនឹងការចេះដឹងមានកម្រិតមិនជ្រៅជ្រះ អ្នកស្រែចំការខ្មែរមួយចំនួន បាននាំមកនូវការប្រែប្រួលជាអវិជ្ជមាន គួរឲ្យព្រួយបារម្ភក្រៃលែង ពោលគឺការប្រើកង់កៅស៊ូជំនួសកង់ឈើទៅវិញ ដែលជាប្រពៃណីមានតាំងតែពីដូនតាមក ។
វត្ថុបំណងរបស់យើងនៅទីនេះគឺ គ្រាន់តែសូមរំលឹកឡើងវិញនូវតម្លៃវប្បធម៌ដ៏ធំធេង ព្រមទាំងនាទីជាប្រវត្តិសាស្ត្រ នៃរទេះគោខ្មែរដែលកំពុងប្រឈមមុខទៅនឹងបច្ចេកទេសនាសម័យសកលនីយកម្ម ដែលអាចនាំមកនូវការបាត់បង់ទម្រង់ដើមរបស់វាតែប៉ុណ្ណោះ ។ ចង់ឬមិនចង់ យើងទាំងអស់គ្នាត្រូវរួមចំណែកក្នុងការថែរក្សា ។ ជាពិសេស ទោះបីឆ្លើយតបនឹងតម្រូវការថ្មី នៃសង្គម បណ្តាលមកពីការវិវត្តន៍របស់សង្គម មានអត្ថប្រយោជន៍ ក៏ប៉ុន្តែការសម្របសម្រួលបែបនេះ មិនមែនជាបច្ច័យល្អទេសម្រាប់អត្តសញ្ញាណជាតិរបស់យើង ដែលមានវិស័យវប្បធម៌ ជាលក្ខណៈសំគាល់ ។
រទេះគោ, កំពង់ចាម (ថត ១៩៩៣)
ជាទូទៅ បើពិនិត្យលើលក្ខណៈរបស់រទេះគោខ្មែរ ធ្វើតាមប្រពៃណីជាតិ និងរទេះគោឥណ្ឌា យើងនឹងសង្កេតឃើញសោភ័ណភាពនិងឧត្តមភាពរបស់រទេះគោខ្មែរជាពុំខាន ។ ទាំងនេះគឺជាសញ្ញាបញ្ជាក់ឲ្យឃើញ នូវទេពកោសល្យខ្ពស់ ខាងផ្នែកបច្ចេកទេសក៏ដូចខាងរាងរៅដ៏សមសួន ដែលប្រទេសជិតខាងពិបាកនឹងប្រណាំងប្រជែងបាន ។
ទេសចរណ៍អន្តរជាតិ រមែងតែមានចិត្តរំភើប ញញឹមញញែម នៅពេលដែលឃើញម្តងៗនូវចម្លាក់រទេះគោនៅតាមប្រាង្គប្រាសាទសីលាបុរាណ ខ្មែរ ឬនៅតាមជនបទនានា ព្រោះថាគេមិនដែលបានឃើញនៅស្រុកគេឡើយ ។
រទេះគោ, ឆ្នាំ ២០០៩
សូមកត់សម្គាល់ផងដែរថា ដូចពោលខាងលើ បើទោះបីជាសព្វថ្ងៃនេះ មានការប្រែប្រួលខុសទំនងអញ្ចឹងមែន ក៏ប៉ុន្តែពុំទាន់ប៉ះពាល់ទូទាំងប្រទេសនៅឡើយដែរ ។ ខាងលើនេះគឺជាសញ្ញាបង្ហាញចង្អុល ពីការវិវត្តន៍ជាអវិជ្ជមានរបស់សង្គមខ្មែរ ដែលប្រឈមមុខនឹងសកលនីយកម្ម ។
រទេះគោឬរទះក្របីខ្មែរ អាចមានជីវិតរស់រានតទៅអនាគតបាន លុះត្រាតែយើងមានចិត្តស្រឡាញ់និងយល់តម្លៃជាប្រវត្តិសាស្ត្រ ពិតប្រាកដរបស់វា ។ បើនិយាយម្យ៉ាងទៀត ដើម្បីធានាភាពគង់វង្សរបស់រទេះគោខ្មែរបាន លុះត្រាតែយើងទាំងអស់គ្នាត្រូវរក្សាទាំងរូបរាង ទាំងវិញ្ញាណឬតម្លៃវប្បធម៌របស់វា ៕ (ម.ត្រាណេ)